អន្តរជាតិ
អាមេរិក លើកលែង​ទណ្ឌកម្ម​លើ​មេ​ចារកម្ម​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​រត់ចោល​លោក ម៉ា​ឌុយ​រ៉ូ
08, May 2019 , 11:47 am        
រូបភាព
សហរដ្ឋអាមេរិក នៅ​ថ្ងៃទី​៧ ខែឧសភា បានប្រកាស​លើកលែង​ទណ្ឌកម្ម​លើ​មេ​ចារកម្ម​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​រត់ចោល​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ហើយ​ងាក​ទៅ​គាំទ្រ​មេដឹកនាំ​ប្រឆាំង​។ អនុ​ប្រធានាធិបតី​អាមេរិក ម៉ៃ ផេ​ន ចាត់ទុក​ការលុបចោល​ទណ្ឌកម្ម​នេះ ជា​កាដូ​ទាក់ទាញ​សណ្ដាន​ចិត្ត​បណ្ដា​មេទ័ព​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ផ្សេងទៀត​ឲ្យ​បោះបង់​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ។ លោក ផេ​ន ក៏​ឆ្លៀត​ព្រមាន​ចៅក្រម​វ៉េ​ណេ​ស៊ុយ​អេ​ឡា បើ​ហ៊ាន​កាត់ទោស​សមាជិកសភា​ដែល​គាំទ្រ​លោក ហ័ន ក្វៃ​ដូ ។​

 
​នា​កម្មវិធី​មួយ​នៅ​ក្រសួងការបរទេស​អាមេរិក អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន បានប្រកាស​ដក​ទណ្ឌកម្ម​ទាំងអស់​ដែល​ដាក់​លើ​ឧ​ត្ត​ម​សេនីយ៍  Manuel Ricardo Cristopher Figuera អតីត​នាយក​ចារកម្ម​វ៉េ​ណេ​ស៊ុយ​អេ​ឡា​។ លោក Figuera បាន​អស់តំណែង​ក្រោយ​ជាប់​ពាក់ព័ន្ធ​ក្នុង​រដ្ឋប្រហារ​មិនបាន​សម្រេច​មួយ​កាលពី​សប្ដាហ៍​មុន​។ ឧ​ត្ត​ម​សេនីយ៍​រូបនេះ​អះអាងថា ការបោះបង់​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ គឺ​ដើម្បី​កសាង​ជាតិ​ឡើងវិញ​។​
 
​លោក ផេ​ន សង្ឃឹមថា ការដក​ទណ្ឌកម្ម​ពី​អតីតមន្ត្រី​ជាន់ខ្ពស់​រដ្ឋា​ភិ​បាល​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រូបនេះ នឹង​ក្លាយជា​ឱកាស​សម្រាប់​មន្ត្រី​ផ្សេងទៀត​ដែល​នៅ​ត្រាំត្រែង​ជាមួយ​លោក ម៉ា​ឌុយ​រ៉ូ ចាកចេញ​ដែរ​។ អនុ​ប្រធានាធិបតី​អាមេរិក​រូបនេះ​បញ្ជាក់ថា ខណៈ​លោក ហ័ន ក្វៃ​ដូ សា្ថ​ប​នា​អនាគត​ភ្លឺស្វាង​សម្រាប់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ចំណាត់ការ​របស់​អាមេរិក​ពេលនេះ នឹង​ក្លាយជា​ការជំរុញ​ចិត្ត​មន្ត្រី​ដទៃទៀត​ឲ្យ​ដើរ​តាម​ឧ​ត្ត​ម​សេនីយ៍ Figuera និង​មន្ត្រី​ឯទៀត​ដែល​បាន​គាំទ្រ​លោក ក្វៃ​ដូ ។​
 
​ជា​សារ​ទៅកាន់​ក្រុមមន្ត្រី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​បន្ត​ឈរ​ជាមួយ​លោក ក្វៃ​ដូ លោក ផេ​ន អះអាងថា អាមេរិក នឹង​ពិចារណា​លើកលែង​ទណ្ឌកម្ម​សម្រាប់​មន្ត្រី​ដែល​បោះជំហាន​ទៅមុខ​ដើម្បី​គាំទ្រ​នីតិរដ្ឋ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ក្រោយ​ការប្រកាស​របស់លោក ផេ​ន ក្រសួង​រតនាគារ​អាមេរិក ក៏បាន​បញ្ជាក់​ពី​ព័ត៌មាន​នេះដែរ​។ ក្នុង​សេចក្ដីប្រកាស​ថ្ងៃទី​៧ ខែឧសភា ក្រសួង​ដដែល​នេះ​បញ្ជាក់ថា អាមេរិក​បានបង្ហាញ​ឆន្ទៈ​របស់ខ្លួន​តាម​ការ​លុបចោល​ទណ្ឌកម្ម​លើ​បុគ្គល​ដែលជា​ប់​ឈ្មោះ ហើយ​ដែល​បានធ្វើ​សកម្ម​ដ៏​មានន័យ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ និង​ងើបឡើង​ប្រឆាំង​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ។ 
 
​អាមេរិក ហាក់​បង្កើន​ការប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​អូសទាញ​មន្ត្រី​តូចធំ​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​បន្ត​ធ្វើការ​ឲ្យ​លោក ម៉ា​ឌុយ​រ៉ូ បន្ទាប់ពី​ការប៉ុនប៉ង​ផ្ដួលរំលំ​មេដឹកនាំ​រូបនេះ​កាលពី​សប្ដាហ៍​មុន បាន​បរាជ័យ​។ លោក ម៉ា​ឌុយ​រ៉ូ នៅតែ​ទទួលបាន​ការគាំទ្រ​ពី​ក្រុម​យោធា​ដដែល ទោះ​ជាមាន​របាយការណ៍​ខ្លះ​បង្ហាញថា មាន​មេទាហាន​ខ្លះ​បានសម្រេច​ចិត្ត​គាំទ្រ​គម្រោង​បះបោរ​ក្ដី​។ ក្រោយ​ព្រឹ​ត្ត​ការណ៍​នេះ រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់ ក៏​ប្រកាស​កាត់ទោស​អ្នក​ជាប់​ពាក់ព័ន្ធ​មិន​ឲ្យ​រួចខ្លួន​ឡើយ​។​
 
​សមាជិកសភា​ចំនួន​៧​នាក់​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ក្វៃ​ដូ ត្រូវបាន​សភា​នីតិបញ្ញត្តិ​ដែល​បង្កើត​ដោយ​លោក ម៉ា​ឌុយ​រ៉ូ ដក​អភ័យឯកសិទ្ធិ ហើយ​ប្រឈមមុខ​ការកាត់ទោស​ករ​ណី​ក្បត់ជាតិ​។ តំណាងរាស្ត្រ​ទាំងនេះ បាន​គាំទ្រ​ការប៉ុនប៉ង​ផ្ដួលរំលំ​លោក ម៉ា​ឌុយ​រ៉ូ កាលពី​សប្ដាហ៍​មុន​។ យ៉ាងណាមិញ អាមេរិក​ក៏​ព្រមាន​ដែរ​ថា ខ្លួន​ដាក់ទណ្ឌកម្ម​លើ​ចៅក្រម​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ចូល​ដៃ​ចូល​ជើង​ជាមួយ​របប​លោក ម៉ា​ឌុយ​រ៉ូ ៕  

Tag:
 អាមេរិក​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  ម៉ៃ ផេ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com