អន្តរជាតិ
អុីរ៉ង់ ប្រកាស​ឈប់​អនុវត្ត​លក្ខខណ្ឌ​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥
08, May 2019 , 9:19 pm        
រូបភាព
រ៉េអាក់ទ័រមួយនៅរោងចក្រនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់។ រូបភាព AFP
រ៉េអាក់ទ័រមួយនៅរោងចក្រនុយក្លេអ៊ែរ Bushehr របស់អ៊ីរ៉ង់។ រូបភាព AFP
​មួយឆ្នាំ​ក្រោយ​ការចាកចេញ​របស់​អាមេរិក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ អ៊ីរ៉ង់​នៅ​ថ្ងៃទី​៨ ខែឧសភា បានប្រកាសថា ខ្លួន​នឹង​លែង​អនុវត្ត​លក្ខខណ្ឌ​ខ្លះ​នៃ​កិច្ចព្រមព្រៀង​នេះ ដើម្បី​ឲ្យ​ស្មើភាព​ជាមួយ​អាមេរិក​ដែល​ដាក់ទណ្ឌកម្ម​លើ​ខ្លួន​។ អ៊ីរ៉ង់ ក៏បាន​ប្រាប់​ឲ្យ​ប្រទេស​សមាជិក​នៃ​កិច្ចព្រមព្រៀង​ចំនួន​ប្រាំ​ទៀត ឲ្យ​ចាត់វិធានការ​តប​នឹង​សកម្មភាព​ឯកតោភាគី​របស់​អាមេរិក បើ​មិន​ចង់​ឲ្យ​អ៊ីរ៉ង់​ធ្វើ​សកម្មភាព​កាន់តែខ្លាំង​ជាងនេះទៀត​នោះ​។​

 
​ស្របពេល​ការប្រឈមមុខ​ជាមួយ​អាមេរិក​កាន់តែ​តានតឹង​ខ្លាំង អ៊ីរ៉ង់ បានប្រកាស​កញ្ចប់​វិធានការ​ដើម្បី​ឆ្លើយតប​នឹង​ទណ្ឌកម្ម​ឯកតោភាគី​ដែល​ដាក់ចេញ​ដោយ​រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ។ ការចេញ​វ​វិធានការ​របស់​អ៊ីរ៉ង់ ធ្វើឡើង​ចំពេល​ខួប​មួយឆ្នាំ​នៃ​ការដើរ​ចេញ​របស់​អាមេរិក​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥ កាលពី​ឆ្នាំ​២០១៨ កន្លងទៅ ហើយ​ស្របគ្នា​នឹង​កាលៈទេសៈ​ដែល​អាមេរិក​ដាក់​សម្ពាធ​កាន់តែខ្លាំង​អ៊ីរ៉ង់​។​
 
​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​អ៊ីរ៉ង់ ប្រកាស​នៅ​ថ្ងៃទី​៨ ខែឧសភា​ថា អ៊ីរ៉ង់ មិន​គោរព​តាម​ការ​រឹតត្បិត​ការ​ស្តុក​ទុក​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ដែល​ចម្រាញ់​រួច និង​ការ​ស្តុក​ទឹក​ដែលមាន​សារធាតុ​អ៊ីដ្រូសែន (Heavy Water) ទៀតឡើយ​។ ការ​រឹតត្បិត​នេះ ជា​ផ្នែក​មួយ​នៃ​កិច្ច​ព្រម​ឆ្នាំ​២០១៥ ដែល​អ៊ីរ៉ង់​បាន​ព្រមព្រៀង​ជាមួយ​មហាអំណាច​៥ មាន​ចិន រុស្ស៊ី បារាំង អង់គ្លេស អាល្លឺម៉ង់ និង​អាមេរិក​។ ក្រោម​កិច្ចព្រមព្រៀង​នេះ ជា​ថ្នូរ​នឹង​ការដក​ទណ្ឌកម្ម​អន្តរជាតិ អ៊ីរ៉ង់​សុខចិត្ត​ផ្អាក​រាល់​សកម្ម​ភាពទាក់ទង​នុយក្លេអ៊ែរ​។​
 
​បើតាម​ការប្រកាស​រប​ស់​ក្រុមប្រឹក្សា​ដដែល​នេះ ចំណាត់ការ​ខាងលើ ជា​រឿង​ចាំបាច់​ដើម្បី​ការពារ​សិទ្ធិ​ផ្ទាល់ខ្លួន និង​ដើម្បី​រក្សា​តុល្យភាព​ឡើងវិញ​ក្រោយ​ការដាក់ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​។ ដោយ​មិន​រាប់​អាមេរិក អ៊ីរ៉ង់​ទុកពេល​ឲ្យ​មហាអំណាច​ទាំង​៥ ទៀត រក​ផ្លូវ​ដោះស្រាយ​ទណ្ឌកម្ម​របស់​អាមេរិក ដូចដែល​ខ្លួន​បាន​សន្យា​កន្លងមក​។ ប្រទេស​ទាំងនោះ បាន​ប្ដេជ្ញាចិត្ត​ជួយ​ការពារ​វិស័យ​ប្រេង និង​ធនាគារ​របស់​អ៊ីរ៉ង់​ពី​ឥទ្ធិពល​របស់​ទណ្ឌកម្ម​អាមេរិក ប៉ុន្តែ​ហាក់​គ្មាន​បាន​ផល​ឡើយ​នាពេល​កន្លងទៅ​។​
 
​ក្រុមប្រឹក្សា​ដដែល ទុកពេល​ឲ្យ​អង់គ្លេស បារាំង ចិន រុស្ស៊ី និង​អាល្លឺម៉ង់​រយៈពេល​៦០​ថ្ងៃ​ដើម្បី​ធ្វើតាម​ពាក្យសន្យា​របស់ខ្លួន​។ បើ​មិនអាច​ទេនោះ អ៊ីរ៉ង់​គំរាមថា នឹងធ្វើ​សកម្មភាព​ដែល​រង​ការ​រឹតត្បិត​ក្រោម​កិច្ចព្រមព្រៀង​ឆ្នាំ​២០១៥ ។ ពោល គឺ​អ៊ីរ៉ង់​អាច​ងាក​បង្កើន​បរិមាណ​អ៊ុយ​រ៉ានី​ញ៉ូ​ម និង​ធ្វើ​ទំនើបកម្ម​រោងចក្រ​ផល​ទឹក​សម្បូរ​សា​ធារ​អ៊ីដ្រូសែន Arak ជាថ្មី​មិន​ខាន​។    
 
​ក្នុង​កិច្ចព្រមព្រៀង​ដែល​សម្រេចបាន​ក្នុង​អាណត្តិ​ប្រធានាធិបតី បា​រ៉ា​ក់ អូ​បា​ម៉ា អ៊ីរ៉ង់​មិនអាច​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ឲ្យ​លើស​៣,៦៧​ភាគរយ​។ បរិមាណ​ត្រឹម​៣,៦៧​នេះ គឺ​គ្រប់គ្រាន់​សម្រាប់​ការប្រើប្រាស់​ក្នុង​គោលដៅ​ស៊ីវិល​ដូចជា​ការផលិត​ថាមពល​ជាដើម​។ កិច្ចព្រមព្រៀង​ដដែល ក៏​ហាមប្រាម​អ៊ីរ៉ង់​ពី​ការសាងសង់​រ៉េ​អា​ក់ទ័រ​ផលិត​ទឹក​សម្បូរ​អ៊ីដ្រូសែន ឬក៏​បង្កើន​បរិមាណ​ប្រភេទ​នេះ​ច្រើនជាង​១៣០​តោន​។ 
 
​បើ​អាច​ចម្រាញ់​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​ច្រើនជាង​បរិមាណ​មាន​សព្វថ្ងៃ អ៊ីរ៉ង់​អាច​ប្រើប្រាស់​សារធាតុ​នេះ​ដើម្បី​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​ដោយ​ងាយ ខណៈ​រ៉េ​អា​ក់ទ័រ​នៅ Arak អាច​បង្កើន​បរិមាណ​ទឹក​សម្បូរ​អ៊ីដ្រូសែន (Heavy Water) ដែល​អាច​ចម្រាញ់​បានជា​សារធាតុ​ភ្លុ​យ​តូ​នី​ញ៉ូ​ម ដែលជា​សារធាតុ​មួយទៀត​អាច​ផលិត​ជា​នុយក្លេអ៊ែរ​បានដែរ​៕  

Tag:
 អ៊ីរ៉ង់​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com