ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​ផ្លូវច្បាប់​លើ​បុគ្គលិក​ពេទ្យ​ដែល​ទារលុយ​ក្រៅផ្លូវការ​ពី​អ្នកជំងឺ​
08, May 2019 , 9:39 pm        
រូបភាព
លោក​ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក្នុងជំនួប​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ កាល​ពិ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ (​រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក​៖ Special Rapporteur Cambodia)
លោក​ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ក្នុងជំនួប​ជាមួយ​លោកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ កាល​ពិ​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩ (​រូបភាព​ពី​ហ្វេ​ស​ប៊ុ​ក​៖ Special Rapporteur Cambodia)
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល នឹង​ចាត់វិធានការ​ផ្លូវច្បាប់ ក្នុងករណី​រកឃើញថា​មាន​ពេទ្យ ឬ​បុគ្គលិក​សុខាភិបាល ដែល​បាន​ទារលុយ​ក្រៅផ្លូវការ ពី​ប្រជាពលរដ្ឋ​។ នេះ​ជាការ​គូសបញ្ជាក់​របស់​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ប្រាប់​អ្នករាយការណ៍​ពិសេស អង្គការសហប្រជាជាតិ  នា​ជំនួប​ផ្លូវការ​មួយ​កាលពី​ថ្ងៃទី​៧ ខែឧសភា​កន្លងទៅ​។ ក្រៅពី​ព្រមាន​ដូច្នេះ  ក្រសួងសុខាភិបាល​ក៏បាន​លើកទឹកចិត្ត ឲ្យ​ប្រជាពលរដ្ឋ រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​ក្រសួងសុខាភិបាល ប្រសិនបើ​ជួប​ករណីនេះ នៅពេលដែល​ទៅរក​សេវា​ព្យាបាល នៅតាម​មន្ទីរពេទ្យ​នានា​ក្នុងប្រទេស​កម្ពុជា​។

 
​អ្នកស្រី ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា នា​ជំនួប​នោះ អ្នកស្រី រ៉ូ​ណា ស្មី​ត បាន​សម្ដែង​ការព្រួយបារម្ភ ពី​ភាពខ្វះ​ចន្លោះ នៃ​ការអនុវត្ត​ការងារ របស់​មន្ត្រី​សុខាភិបាល​។ បើតាម​អ្នកនាំពាក្យ​ដដែល អ្នកស្រី ស្មី​ត បាន​លើក​ពី​ករណី​មាន​មន្ត្រី​សុខាភិបាល​ខ្លះ​បាន​យកលុយ​ពី​ប្រជាពលរដ្ឋ​ក្រីក្រ​ដែល​បាន​ទៅ​សម្រាក​ព្យាបាល​ជំងឺ​ទៅកាន់​លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ក្នុងជំនួប​ផ្លូវការ​កាលពី​ថ្ងៃទី​៧ ខែឧសភា​នោះ​។​
 
​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​គូសបញ្ជាក់ថា ក្នុងជំនួប​នោះ  លោក​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានបង្ហាញ​អ្នកស្រី ស្មី​ត ថា គោលនយោបាយ​ចំនួន​៣ ដែល​ក្រសួងសុខាភិបាល​បានដាក់​ចេញ ដើម្បី​ឆ្លើយតប​នឹង​ករណីនេះ​។ ទីមួយ ប្រជាបលរដ្ឋ​ក្រីក្រ អាច​ប្រើប្រាស​ប័ណ្ណ ប ស ស​។ ទី​២ ប្រជាពលរដ្ឋ​ក្រីក្រ អាច​ប្រើប្រាស់​មូលនិធិ​សមធម៌ (​ប័ណ្ណ​ក្រីក្រ​) និង​ទី​៣ ប្រជាពលរដ្ឋ ដែលមាន​លទ្ធភាព​បង់​សេវា គឺ​បង់​ទៅតាម​តារាង​តម្លៃ​ដែល​បាន​ក្រសួង​បានកំណត់​ជាក់លាក់ នៅ​តា​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព​។ 
 
​ក្នុងករណី​មានការ​រាយការណ៍​ថា មាន​មន្ត្រី​ខិលខូច​បាន​ទារលុយ​ពី​អ្នកជំងឺ​ក្រៅផ្លូវការ ក្រសួងសុខាភិបាល នឹង​ចាត់​ទៅតាម​ច្បាប់​។ អ្នកជំងឺ​អាច​រាយការណ៍​ពី​ករណី​ទាំងនេះ​ទៅ​ថា្នក់​ដឹកនាំ​មន្ទីរពេទ្យ មណ្ឌល​សុខភាព​។ បន្ថែម​លើ​នេះ​ប្រជាពលរដ្ឋ​ក៏​អាច​ផ្ញើ​សារ​មកកាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក របស់​ក្រសួងសុខាភិបាល ឬ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន បានដែរ ។ ក្រោយ​ទទួលបាន​ព័ត៌មាន ក្រសួង​នឹង​ចាត់វិធានការ​ភ្លាម​។ 
 
​ក្រសួង​ក៏បាន​តាមដាន​នៅតាម​មន្ទីរពេទ្យ និង​មណ្ឌល​សុខភាព ព្រមទាំង​បាន​ចាត់វិធានការ លើ​អ្នកប្រព្រឹត្ត​នាពេល​កន្លងមក​ផងដែរ ប៉ុន្តែ​ក្នុង​ចំនួន​តិច​ប៉ុណ្ណោះ (១០០​នាក់ មាន​១ ឬ​២ នាក់​ទេ​ដែល​ខិលខូច​)​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​។  អ្នកស្រី ឱ វណ្ណឌី​ន បញ្ជាក់ថា​៖«​ប្រសិនបើ​មាន​មន្ត្រី​ដែល​គាត់​ខិលខូច ទៅ​កេះ​ដើម្បី​យកលុយ​ថែម អ្នកឯង​ត្រូវ​ឲ្យ​លុយ​ប៉ុណ្ណេះ ដើម្បី​ទទួលបាន​សេវា​លឿន ឲ្យ​ប៉ុណ្ណេះ​មក​ដើម្បី​បាន​សេវា​នេះ ឬ​នោះ​។ ប្រសិនបើ​មាន​ព័ត៌មាន​ច្បាស់លាស់ ក្រសួង​មិន​ប្រ​ងើយ​កន្តើយ​នោះទេ ក្រសួង​នឹង​ចាត់វិធានការ​ជាបន្ទាន់​»​។ 
 
​អ្នកស្រី រ៉ូ​ណា ស្មី​ត អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ បាន​កោតសរសើរ នូវ​គោលនយោបាយ របស់​ក្រសួងសុខាភិបាល ដែល​បាន​ពង្រឹង​ការផ្តល់សេវា​សុខភាព​នៅតាម​មូលដ្ឋាន តាមរយៈ​ការសាងសង​មន្ទី​ពេទ្យ មណ្ឌល​សុខភាព ព្រមទាំង​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​សុខា​ពិ​បាល​។ លើ​ពីនេះ​ការព្យាបាល​អ្នកញៀន​គ្រឿងញៀន​។ នេះ​បើតាម​ការអះអាង​របស់​អ្នកនាំពាក្យ​៕

Tag:
 សុខាភិបាល​
 ​ពេទ្យ​
 ​ម៉ម ប៊ុនហេង​
 ​ឱ វណ្ណឌី​ន​
© រក្សាសិទ្ធិដោយ thmeythmey.com