ជាតិ
សង្គមជាតិ
និស្សិត​ខ្មែរ​៩៨​រូប​នឹង​ទៅ​សិក្សា​ជំនាញ​អគ្គិសនី​,​ជួសជុល​រថយន្ត និង​គ្រឿង​អេឡិចត្រូនិក​នៅ​ចិន​
09, May 2019 , 7:59 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សមាគម​មូ​និ​ធិ​អភិវឌ្ឍ​អាស៊ីអាគ្នេយ៍​នៃ​ប្រជា​ជាតិចិន បានផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា ចំនួន​៩៨​រូប ទៅ​សិក្សារ​ជំនាញ​អគ្គិសនី​,​ជួសជុល​រថយន្ត និង​គ្រឿង​អេឡិចត្រូនិក នៅ​ប្រទេស​ចិន​ រយៈពេល​៣​ឆ្នាំ​។ និស្សិត​ទាំង​៩៨​រូបនេះ នឹង​ទទួល​បានការ​ស្នាក់នៅ , ការហូបចុក​ដោយ​ឥតគិតថ្លៃ និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ ចំនួន​១៥០​ដុល្លារ ពី​សមាគម​សប្បុរ​ធម៌​ជនជាតិ​ចិន​នៅក្រៅ​ប្រទេស​។


 
​នៅក្នុង​កម្មវិធី​ជំនួប​ជាមួយ​និស្សិត​ទាំង​៩៨​រូប លោក Xu Tien Wuy អគ្គលេខាធិការ សមាគម​មូ​និ​ធិ​អភិវឌ្ឍ​អាស៊ីអាគ្នេយ៍​នៃ​ប្រជា​ជាតិចិន​បាន​បញ្ជាក់ថា ការផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជា គឺ​ចង់​ឲ្យ​និស្សិត​កម្ពុជា មានចំណេះដឹង​លើ​ជំនាញ​អគ្គិសនី​,​ជួសជុល និង​ដំឡើង​គ្រឿង​រថយន្ត ដែល​កម្ពុជា​កំពុងតែ​ខ្វះខាត​ធនធានមនុស្ស​។ លោក Xu Tien Wuy បាន​អះអាង​ប្រាប់​ដល់​និស្សិត​ទាំង​៩៨​រូបនេះ​ថា នៅពេល​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​ចិន​រួច ពួកគេ​ក៏​អាចមាន​លទ្ធភាព ទទួលបាន​ការងារ​តាម​ជំនាញ​ដែល​ខ្លួន​រៀន ឬក៏​ត្រឡប់មក​ប្រទេស​ខ្លួន​វិញ ដើម្បី​បង្កើតជា​មុខរបរ ឬ​ទទួលបាន​ការងារ​ដ៏​សមរម្យ​ផងដែរ​។ 
 
​លោកស្រី កែវ មុំ អនុប្រធាន​សមាគម​មូលនិធិ​សុខុមាលភាព​សាធារណៈ​កម្ពុជា​-​ចិន បាន​ប្រាប់​ដល់​អ្នកសារព័ត៌មាន​ថ្មីៗ​ថា  នេះ​ជា​អាហារូបករណ៍​លើក​ទី​៣​ហើយ ដែល​ភាគី​ចិន​បានផ្តល់​មក​ឲ្យ​និស្សិត​ខ្មែរ ដើម្បី​បាន​សិក្សា​ជំនាញ​ដែល​ត្រូវ​នឹង​ទីផ្សារ​កម្ពុជា​បច្ចុប្បន្ន​។ លោកស្រី កែវ មុំ រំពឹងថា ក្រោយ​រៀន​ចប់ ពួកគេ​នឹងមាន​ជំនាញ​មួយ​ដែលជា​ក់លាក់ ដែល​អាច​ជីវភាព​ខ្លួនឯង និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​។ 


 
​និស្សិត ឈឹម ឧ​ត្ត​ម ដែល​ទទួលបាន​ឱកាស​អាហារូបករណ៍​នេះ ប្តេជ្ញា​ថា រូបគេ​នឹង​ខិត​ខំរៀន​ជំនាញ​ជួស​ជួល​រថយន្ត​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​នាំយក​ជំនាញ​នេះ ត្រឡប់មកវិញ ហើយ​អាច​បើក​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​នៅ​ថ្ងៃ​អនាគត​។​
 
​ទន្ទឹមនឹង​ឱកាស​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​មកដល់​ជា​លើក​ទី​៣​នេះ ធ្វើ​ឲ្យ​និស្សិត​ផ្នែក​អេឡិចត្រូនិក​មួយរូប​ទៀត​មិន​បង្អង់​យូរ និង​រារែក​ក្នុងការ​ដាក់ពាក្យ​ឡើយ​។ ការតាំង​ចិត្ត និង​សេចក្តី​ព្យាយាម​របស់​​យុវជន​ម្នាក់ទៀត ឈ្មោះ ជាង កែវ ដែល​បាន​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ចិន​នេះដែរ ក៏​ប្តេជ្ញា​សិក្សា​ឲ្យ​បាន​ខ្លាំងក្លា​ដែរ ដើម្បី​ទទួលបាន​ជំនាញ​មួយ​ពិតប្រាកដ នៅពេល​រៀន​ចប់​។ យុវជន ជាង កែវ បញ្ជាក់ថា​៖«​បើ​ខ្ញុំ​រៀន​នៅ​ប្រទេស​ខ្មែរ ខ្ញុំ​គ្មាន​ពេល​ចាប់យក​ជំនាញ​នេះ​គ្រប់គ្រាន់​ឡើយ ដោយសារ​ខ្ញុំ​ជាប់​ធ្វើការ​ផង និង​រៀន​ផង ប៉ុន្តែ​បើ​ខ្ញុំ​ទៅ​រៀន​នៅ​ប្រទេស​ចិន ខ្ញុំ​នឹង​អាច​ផ្តោតលើ​ការសិក្សា​បាន​ច្រើនជាង​នេះ​»​។​
 
​សម្រាប់​និស្សិត​ដែល​សិក្សា​លើ​ជំនាញ​អគ្គិសនី​, ជួសជុល ឬ​ដំឡើង​គ្រឿង​រថយន្ត និង​គ្រឿង​អេឡិចត្រូនិក នឹងសិក្សា​តាម​សកលវិទ្យា​ល័យ ដូចជា​សកល​វិទ្យាល័យ Wuhu institute of technology,​សកលវិទ្យា​ល័យ Anhui technical college of mechanical and electrical និង​សកល​វិទ្យាល័យ Anhui water conservancy technical college៕
 

Tag:
 ចិន​
 ​និស្សិត​
 ​អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com