ជាតិ
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​ទេសចរណ៍ ៖ ម្ចាស់​អាជីវកម្ម​​ចិន មិន​ចង់​ប្រព្រឹត្ត​ខុសច្បាប់​ទេ ប៉ុន្តែ​មកពី​មន្ត្រី​ច្បាប់​មិន​ប្រាប់​គេ​ឲ្យ​ច្បាស់​
09, May 2019 , 1:40 pm        
រូបភាព
រូបពីហ្វេសប៊ុកក្រសួង៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី៨ ឧសភា
រូបពីហ្វេសប៊ុកក្រសួង៖ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ថោង ខុន ដឹកនាំកិច្ចប្រជុំអន្តរក្រសួង កាលពីថ្ងៃទី៨ ឧសភា
​ភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោង ខុន បាន​រិះគន់​ដល់​មន្ត្រី​ផ្នែក​ច្បាប់ និង​គតិយុត្ត​មួយចំនួន ដែល​មិនទាន់បាន​ផ្សព្វផ្សាយ​ច្បាប់​នៅ​កម្ពុជា ឲ្យ​បានច្បាស់លាស់​ទៅដល់​ម្ចាស់​អាជីវកម្ម​ជនជាតិ​ចិន ទើប​ធ្វើ​ឲ្យ​ពួកគេ​អនុវត្ត​ផ្ទុយ​ពី​នីតិវិធី​ធុរកិច្ចនៅ​កម្ពុជា​។ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លើកឡើង​បែបនេះ​នៅក្នុង​កិច្ចប្រជុំពេញអង្គ​លើក​ទី​១ អាណត្តិ​ទី​៦ របស់​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សម្របសម្រួល​ការធ្វើដំណើ​រ​របស់​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ទូទាំងប្រទេស កាល​ថ្ងៃទី​៨​ឧសភា ។​

 
​បញ្ហា​ដែល​លោក ថោង ខុន មើលឃើញ​នោះ គឺ​រាល់​ការប្រជុំ​ផ្សព្វផ្សាយ​ពី​ឯកសារ​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា នៃ​អាជីវកម្ម​ទេសចរណ៍ ភាគច្រើន​មន្ត្រី​ជំនាញ​មិនដែល​ហៅ​ម្ចាស់​អាជីវកម្ម​ជនជាតិ​ចិន​មក​ណែនាំ​និង​ពន្យល់​អំពី​ច្បាប់​ធ្វើ​អាជីវកម្ម​នៅ​កម្ពុជា​ឡើយ​។ ហើយ​នៅពេល​មាន​ជនជាតិ​ចិន​ចូល​ស្ដាប់​ការពន្យល់​ផ្នែក​ច្បាប់​នេះ​វិញ បែរជា​គ្មាន​បកប្រែ​ឯកសារ​ជា​ភាសា​ចិន ឬ​គ្មាន​ការពន្យល់​ជា​ភាសា​ចិន​ជាដើម​។ 
 
​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍ ដែល​បាន​ស្រង់​សម្តី​លោក ថោង ខុន បាន​សរសេរ​ដូច្នេះ​ថា​៖«​អ្នក​ប្រកប​អាជីវកម្ម​បរទេស មិន​ចង់​ប្រឆាំងនឹង​រដ្ឋអំណាច ឬ​ប្រព្រឹត្ត​ខុស​នឹង​ច្បាប់​ប្រទេស​យើង​ទេ គឺ​ពួកគេ​ចង់​ស្ដាប់ ចង់​ធ្វើ​អ្វីដែល​ល្អ​ត្រឹមត្រូវ ប៉ុន្តែ​យើង​អត់​បាន​ប្រាប់​គេ​ឱ្យបាន​ច្បាស់​។ ទាំងអស់​ហ្នឹង​ដោយសារ​យើង​មិន​បក​ប្រែជា​ភាសា​ចិន ហៅ​ចិន​មក​ប្រជុំ​អត់​មាន​អ្នកបកប្រែ ហើយ​ឯកសារ​ច្បាប់ ឯកសារ​គតិយុត្ត​សុទ្ធតែជា​ភាសា​ខ្មែរ​ទាំងអស់ តែ​ភាសា​ចិន​អត់​មាន​ទៅវិញ​។ ដូច្នេះ​យើង​ត្រូវមាន​បកប្រែ​ជា​ភាសា​ចិន​ចែកជូន​ពួកគាត់​»​។​
 
​ដើម្បី​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​ជនជាតិ​ចិន ដែល​មករក​ស៊ី​នៅ​កម្ពុជា ហើយ​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាមច្បាប់​នេះ លោក ថោង ខុន ស្នើឱ្យ​មន្ត្រី​ជំនាញ​ច្បាប់​នៃ​វិស័យ​ទេសចរណ៍​ទាំងអស់ ពង្រឹង​ការផ្សព្វផ្សាយ និង​ពន្យល់​ផ្នែក​ច្បាប់ ជា​ភាសា​ចិន​ទៅដល់​ម្ចាស់​អាជីវកម្ម​ចិន ដែល​កំពុង​សម្រុក​មក​រកស៊ី​នៅ​កម្ពុជា​ផងដែរ​។ 
 
«​ជនជាតិ​ចិន​ខ្លះ​មិនចេះ​ភាសា​អង់គ្លេស ក៏​រឹតតែ​មិនចេះ​ភាសា​ខ្មែរ​ផងដែរ​។ បើ​គ្មាន​ការបកប្រែ ឬ​ពន្យល់​ជា​ភាសា​ចិន​ឱ្យ​ពួកគេ​ទេ ក៏​គ្មាន​ប្រសិទ្ធភាព​ក្នុងការ​អនុវត្ត​ត្រឹមត្រូវ​តាមច្បាប់​ដែរ ដូច្នេះ​គ្រប់​មន្ទីរ​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​គិតគូ​ឡើងវិញ​លើ​បញ្ហា​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងទេសចរណ៍​។​
 
​បន្ថែម​ពីនេះ​លោក ថោង ខុន ក៏​ស្នើឱ្យ​ម្ចាស់​ហាង ឬ​ក្រុមហ៊ុន​ទាំងអស់​នៅ​កម្ពុជា ត្រូវដាក់​អក្សរ​ខ្មែរ​នៅ​ផ្នែក​ខាងលើ ហើយ​ដាក់​អក្សរ​អង់គ្លេស​នៅ​ផ្នែក​កណ្ដាល តែ​ត្រូវមាន​ទំហំ​តូច​ជាង​ពាក់កណ្ដាល​នៃ​អក្សរ​ខ្មែរ​ដែល​នៅ​ខាងលើ​នោះ​។ ចំណែកឯ​ផ្នែក​ខាងក្រោម​បង្អស់ ម្ចាស់​អា​ជីក​ម្ម​អាចដាក់​ជា​អក្សរ​ប្រទេស​ទី​បី​បាន ដូចជា អក្សរ​ចិន ជប៉ុន កូរ៉េ ថៃ បារាំង​ជាដើម​។​
 
​សូម​រម្លឹកថា  ជនជាតិ​ចិន​ដែល​បានមក​បើក​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា មាន​ចំនួន ២៦២​កន្លែង ខណៈ​មាន​មគ្គុទ្ទេសក៍​និយាយ​ភាសា​ចិន​ជាង​១០០០​នាក់ នៅត្រឹម​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​ដែល​ផ្តល់​ដោយ​ក្រសួងទេសចរណ៍​កន្លងមក​៕ 

Tag:
 ទេសចរណ៍​
  ចិន​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com