លោក ស៊ុំ វណ្ណា ដែលទើបរៀនចប់វគ្គគ្រូបង្វឹក AFC A-License ត្រូវបានតែងតាំងឲ្យធ្វើជាគ្រូបង្វឹកក្លិបបាល់ទាត់ភ្នំពេញក្រោន ជំនួសគ្រូបង្វឹកប្រេស៊ីល Leonardo Vitorino ដែលទើបបញ្ចប់កិច្ចសន្យាជាមួយក្លិបកាលពីពេលថ្មីៗ។ ពាក់ព័ន្ធការបញ្ចប់កិច្ចសន្យាពាក់កណ្តាលទីនេះ លោក លី ហៀង អគ្គលេខាធិការក្លិបបានបញ្ជាក់ថា គឺពាក់ព័ន្ធនឹងលទ្ធផលប្រកួតកន្លងមក។
ក្រោយបញ្ចប់កិច្ចសន្យាពាក់កណ្តាលផ្លូវជាមួយគ្រូបង្វឹកប្រេស៊ីល Leonardo Vitorino ក្លិបបាល់ទាត់ភ្នំពេញក្រោនសម្រេចដំឡើងតួនាទីលោក ស៊ុំ វណ្ណា ពីគ្រូជំនួយមកកាន់តួនាទីជាគ្រូបង្វឹកបណ្តោះអាសន្ន។ លោក ស៊ុំ វណ្ណា អតីតគ្រូបង្វឹកក្លិបបាល់ទាត់វេស្ទើនភ្នំពេញ ដែលបានដកខ្លួនចេញពីលីគកំពូលកម្ពុជាកាលពីចុងឆ្នាំ២០១៨ ត្រូវបានតែងតាំងឲ្យជាគ្រូជំនួយក្លិបភ្នំពេញក្រោនកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៨។ លោកទើបបញ្ចប់វគ្គសិក្សាគ្រូបង្វឹក AFC A-License កាលពីពេលថ្មីៗ។
ការបញ្ចប់កិច្ចសន្យាពាក់កណ្តាលផ្លូវជាមួយលោក Leonardo បានធ្វើឲ្យទស្សនិក ពិសេសអ្នកគាំទ្រកីឡាបាល់ទាត់កម្ពុជាមានការងឿងឆ្ងល់យ៉ាងខ្លាំង រហូតមានអ្នកខ្លះវាយតម្លៃថា អាចបណ្តាលមកពីបញ្ហាសុខភាពជំងឺសម្ពាធបេះដូង និងពាក់ព័ន្ធលទ្ធផលប្រកួតជាដើម។
ដើម្បីបញ្ចប់ចម្ងល់ទាំងនេះ លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោនបានបកស្រាយថា ការបញ្ចប់កិច្ចសន្យាជាមួយលោក Leonardo គឺបណ្តាលមកពីមានសម្ពាធលទ្ធផលប្រកួត និងការពិភាក្សារវាងក្លិបជាមួយគ្រូបង្វឹករូបនេះកន្លងមក។«យើងឃើញមានសម្ពាធខ្លាំងទាក់ទងទៅនឹងលទ្ធផល ហើយនេះជាអ្វីដែលយើងបានគិត ហើយបញ្ហានេះវាមិនមែនជារឿងងាយស្រួលនោះទេ អ៊ីចឹងហេតុផលដែលយើងបានពិភាក្សាជាមួយគាត់កន្លងមក និងយោងទៅតាមអ្វីដែលបានកើតឡើងចំពោះលទ្ធផលនៃការប្រកួត គឺយើងបានសម្រេចបញ្ចប់កុងត្រាជាមួយគាត់»។
ក្នុងសន្និសីទសារព័ត៌មានពេលចូលមកដឹកនាំក្លិបភ្នំពេញក្រោនលោក Leonardo Vitorino បាននិយាយថា លោកមកចូលរួមជាមួយក្លិបភ្នំពេញក្រោន គឺផ្តោតសំខាន់លើការអភិវឌ្ឍធនធានថ្នាល និងជួយឲ្យក្លិបឈ្នះជើងឯកនៅឆ្នាំនេះ។ ហើយលោកបានអះអាងថា បើក្លិបទទួលបានលទ្ធផលមិនល្អលោកនឹងដើរពីក្លិបដោយខ្លួន។
គ្រូបង្វឹកប្រេស៊ីលរូបនេះមិនបានចាត់ទុកកិច្ចសន្យាសំខាន់សម្រាប់ខ្លួននោះឡើយ អ្វីដែលសំខាន់គឺជួយក្លិបរីកចម្រើន។ «បើសិនលទ្ធផលមិនបានល្អ គ្រូបង្វឹកត្រូវតែចាកចេញ គឺគ្មានអ្វីដែលសំខាន់នោះទេ ហើយខ្ញុំមកទីនេះ គឺដើម្បីធ្វើអ្វីឲ្យអស់ពីចិត្ត និងឲ្យមានការរីកចម្រើន»។ នេះការលើកឡើងរបស់លោក Leonardo ពេលបង្ហាញខ្លួនចូលមកដឹកនាំក្លិបភ្នំពេញក្រោនកន្លងមក។
ក្រោមការដឹកនាំ៦ប្រកួតកន្លងមករបស់លោក Leonardo Vitorino ក្នុងក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ក្រុមភ្នំពេញក្រោនទទួលបានជ័យជម្នះ២ និងចាញ់៤លើក។ បច្ចុប្បន្នក្រុមជើងឯក៦សម័យកាលមួយនេះ ស្ថិតនៅលេខរៀងទី១០មាន៦ពិន្ទុ។
មុនក្លាយជាគ្រូជំនួយភ្នំពេញក្រោន លោក វណ្ណា ធ្លាប់មានប្រវត្តិដឹកនាំក្លិបស៊ីម៉ាក់យូណាយធីត វេស្ទើនភ្នំពេញ និងគ្រូជំនួយក្លិបបៀលប្រាយយូណាយធីត។ សម្រាប់ក្លិបក្រៅលីគ លោកធ្លាប់នាំក្រុមធីអិនកណ្តាល បានលេខពីរនៃពានរង្វាន់សម្តេច ហេង សំរិន ឆ្នាំ២០១៨៕