ជាតិ
រដ្ឋមន្ត្រីទេសចរណ៍ ហាមផ្ដល់លុយក្រៅផ្លូវការទៅមន្ត្រីបោះត្រានៅច្រកទ្វារអន្តរជាតិ រូបពីហ្វេសប៊ុកក្រសួងទេសចរណ៍
× ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ហាមអ្នកដឹកនាំក្រុមទេសចរទាំងឡាយ ផ្ដល់ថវិកាក្រៅផ្លូវការទៅមន្ត្រីនគរបាល នៅពេលបោះត្រាលើលិខិតឆ្លងដែន នៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងព្រលានយន្តហោះអន្តជាតិ ដើម្បីជាថ្នូរនឹងការងាយស្រួលចេញ-ចូល តាមរយៈការបោះត្រាឡើយ។ ការហាមប្រាមនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលបានព័ត៌មានផ្តល់ថវិកាក្រៅផ្លូវការពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ។ នេះបើតាមហ្វេសប៊ុកក្រសួងទេសចរណ៍។
លោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ យកព័ត៌មានសូកប្រាក់នេះ ទៅប្រាប់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថា មានករណីភ្ញៀវទេសចរចិន បានផ្ដល់ប្រាក់ក្រៅផ្លូវការទៅមន្ត្រីនគរបាលបោះត្រាលើលិខិតឆ្លងដែនរបស់ពួកគេ ។ ទឹកប្រាក់នោះ មានចំនួនពី ២០០០រៀល ទៅ៥០០០រៀល ឬ ៥យ័ន តែប៉ុណ្ណោះ។
លោក គៀត ច័ន្ទថារិទ្ធ ដែលទទួលបានរបាយការណ៍ជុំវិញបញ្ហានេះ បាននិយាយដូច្នេះថា៖« ចិន នៅខេត្តសៀមរាប ពិសេស Tour Leaders ហ្នឹងហ្មង គាត់ហៀបនឹងឡើងឡានចេញហើយ គាត់ថាដាក់លុយឱ្យគេក្នុង Passport ទៅ ដើម្បីគេវ៉ៃត្រាឱ្យស្រួលខ្លះ។ ខ្ញុំបានតាមដានមើលឃើញដាក់លុយខ្មែរ ២០០០, ៥០០០ (រៀល) បើមិនអ៊ីចឹងទេ ៥យ័ន»។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍រូបនេះ បានអះអាងថា ខ្លួនបានព្យាយាមហាមមន្ត្រីនគរបាលពាក់ព័ន្ធទាំងនោះ ទទួលប្រាក់ឬប្រព្រឹត្តទង្វើបែបនេះឡើយ ព្រោះវាជាអំពើខុសច្បាប់។
ភ្លាមៗក្រោយឭការលើកឡើងរបស់លោក គៀត ច័ន្ទថារិទ្ធ នេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានប្រកាសដាច់ណាត់ហាមអ្នកដឹកនាំក្រុមទេសចរទាំងឡាយ ផ្ដល់ប្រាក់ក្រៅផ្លូវការបែបនេះទៀត។ លោក ថោង ខុន បញ្ជាឲ្យមន្ទីរទេសចរណ៍រាជធានី-ខេត្តទាំងអស់ ប្រជុំផ្សព្វផ្សាយអំពីបញ្ហាខុសនេះ ទៅដល់ក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ដោយហាមពួកគេប្រព្រឹត្តទង្វើមិនគួរគប្បីនេះ។
ថ្លែងក្នុងកិច្ចប្រជុំពេញអង្គលើកទី១ អាណត្តិទី៦ របស់គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស កាលពីថ្ងៃទី៨ ខែឧសភា រដ្ឋមន្ត្រីទេសចរណ៍ បានសង្កត់ធ្ងន់ដូច្នេះថា៖«ទោះបីមានបញ្ហានេះកើតឡើងក៏ដោយ លោកនៅតែព្យាយាមឱ្យមន្ត្រីនគរបាលពាក់ព័ន្ធ ដាច់ខាតមិនត្រូវធ្វើយ៉ាងដូច្នោះទេ ព្រោះមិនមែនជាចំណុចល្អ ហើយជាអំពើខុសច្បាប់»។
នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ ក្រសួងមហាផ្ទៃ នឹងប្រកាសដាក់ឱ្យប្រើប្រាស់នូវសាលាកបត្រចេញចូលថ្មី ដែលមានភាពងាយស្រួលក្នុងការបំពេញបែបបទសុំទិដ្ឋាការពេលភ្ញៀវទេសចរមកដល់កម្ពុជា។ ការប្រើប្រាស់សាលាកបត្រថ្មីនេះ ក្នុងគោលបំណងកាត់បន្ថយនូវរបាំងមិនចាំបាច់នៅតាមច្រកទ្វារអន្តរជាតិ។ នេះបើតាមហ្វេសប៊ុកក្រសួងទសចរណ៍ ដែលបានស្រង់សម្តីលោក គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍៕
Tag:
ថោង ខុន
ទេសចរណ៍
អន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com