អង្គការ​ភ្លែ​ន​អន្តរជាតិ បិទ​បញ្ចប់​តំបន់​ប្រតិបត្តិ​កម្មវិធី​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោយ​អនុវត្ត​គម្រោង​អស់​ពេល​១៥​ឆ្នាំ​
ជាតិ
សង្គមជាតិ
អង្គការ​ភ្លែ​ន​អន្តរជាតិ បិទ​បញ្ចប់​តំបន់​ប្រតិបត្តិ​កម្មវិធី​នៅ​ខេត្ត​ត្បូងឃ្មុំ ក្រោយ​អនុវត្ត​គម្រោង​អស់​ពេល​១៥​ឆ្នាំ​
10, May 2019 , 7:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​អង្គការ​ភែ្ល​ន​អន្តរជាតិ​កម្ពុជា បានរៀបចំ​សិក្ខាសាលា បិទ​បញ្ចប់​តំបន់​ប្រតិបត្តិ​កម្មវិធី ប្រចាំខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី​៨ ខែឧសភា បន្ទាប់ពី​បាន​អនុវត្ត​គម្រោង​លើកកម្ពស់​សិទ្ធិ​កុមារ និង​សមភាព​ក្មេងស្រី ក្នុង​ខេត្ត​នេះ អស់​រយៈពេល​១៥​ឆ្នាំ​មកហើយ​។

  
 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា គោលបំណង​នៃ​សិក្ខាសាលា គឺ​ដើម្បី​ពិនិត្យមើល​សមិទ្ធផល​ដែល​សម្រេចបាន ក្នុង​តំបន់​ប្រតិបត្តិ​កម្ម​វិធ​ក្នុង​រយៈពេល​កន្លងមក  និង​ការប្រគល់​សមិទ្ធផល​ទាំងនេះ ជូន​ដល់​អាជ្ញាធរខេត្ត​អនុវត្ត​បន្ត​។ 


 
​លោក យី គីម​ថា​ន នាយករង​ប្រចាំ​ប្រទេស ផ្នែក​កម្មវិធី​នៃ​អង្គការ​ភ្លែ​ន​អន្តរជាតិ  បាន​ឲ្យ​ដឹងថា ការបិទ​បញ្ចប់​តំបន់​ប្រតិបត្តិ​នៅ​ត្បូងឃ្មុំ​នេះ គឺ​ដោយសារតែ​អង្គការ​ភ្លែ​ន​អន្តរជាតិ មើលឃើញថា​ស្ថានភាព ជីវភាព​ប្រជាជន​ក៏ដូចជា​ស្ថានភាព​សិទ្ធិ​កុមារ ជាពិសេស​កុមារី នៅក្នុង​តំបន់​គោលដៅ​នេះ មាន​ភាពប្រសើរឡើង​គួ​ឲ្យ​កត់សម្គាល់​។ លោក គីម​ថា​ន បន្ថែមថា វា​ជា​ពេលវេលា​ដ៏​សមរម្យ ក្នុងការ​ដកខ្លួន​ចេញពី​ខេត្ត​នេះ​។ លោក យី គីម​ថា​ន បន្ថែមថា​៖«​កម្មវិធី​របស់​យើង រួមចំណែក​ធ្វើ​ឲ្យ​ស្ថានភាព​សិទ្ធិ​កុមារ ជាពិសេស​កុមារី មាន​ភាពប្រសើរឡើង​ច្រើន ជាពិសេស​គឺពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួលបាន​សុខភាព​ល្អ​ពី​កំណើត​, សិទ្ធិ​ទទួលបាន​ការអប់រំ ,​សិទ្ធិ​ទទួលបាន​ទឹកស្អាត និង​អនាម័យ សិទ្ធិ​ចូលរួម និង​ទទួលបាន​ការការពារ​ពី​គ្រប់​ទម្រង់​នៃ​ការរើសអើង​។ រយៈពេល​១៥​ឆ្នាំ​មកនេះ យើង​បានធ្វើការ​ជាមួយ​កុមារ និង​គ្រួសារ​របស់គាត់​ប្រមាណ ២.៥​សែន​នាក់​»​។ 
 
​សូមបញ្ជាក់ថា អង្គការ​ភ្លែ​ន​អន្តរជាតិ ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុង​ខេត្ត​ត្បូងឃ្មុំ នៅក្នុង​ពី​ឆ្នាំ​២០០៤ ដោយ​ធ្វើការ​ក្នុងស្រុក​ចំនួន​២ គឺ ស្រុក​តំបែរ និង​ពញាក្រែក​។ ក្នុង​តំបន់​គោលដៅ​នេះ អង្គការ​ភ្លែ​ន​អន្តរជាតិ ផ្តោត​លើក​កម្មវិធី​មួយចំនួន​រួមមាន កា​គាំពារ​និង​អភិវឌ្ឍន៍​កុមារ​តូច​,​កិច្ចការពារ​កុមារ​,​ទឹកស្អាត និង​អនាម័យ​, អាហារូបត្ថម្ភ​, ការបង្កើន​កម្រិតជីវភាព​គ្រួសារ​,​និង​ការអប់រំ​ថ្នាក់បឋមសិក្សា និង​អនុវិទ្យាល័យ ការចូលរួម​របស់​កុមារ​, ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​, បម្រែបម្រួល​អាកាសធាតុ និង​ការគ្រប់គ្រង​គ្រោះមហន្តរាយ​។ 


 
​បើតាម​លោក យី គីម​ថា​ន គម្រោង​នេះ​ទទួលបាន​សមិទ្ធផល​សំខាន់ៗ​គួរ​ឲ្យ​សារ​ទរ​រួមមាន បង្កើត​ក្លិប​កុមារ គាំទ្រ​បណ្តាញ​ការពារ​កុមារ បង្កើត​ក្រុម​អប់រំ និង​បណ្តុះបណ្តាល​ការអប់រំ​សុខភាព​បន្ត​ពូជ​ដល់​យុវជន សាងសង់​សាលារៀន​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា បឋមសិក្សា និង​អនុវិទ្យាល័យ ម​តេ្ត​យ្យ​សហគមន៍ មណ្ឌល​សុខភាព អគារ​សម្រាក​ក្រោយពេល​សម្រាល ស្ថានីយ៍​ផលិត​ទឹក អណ្តូងទឹក និង​បង្គន់​អនាម័យ ជាពិសេស​ពង្រឹង​សម្ថ​ភាព​អាជ្ញាធរ​មូលដ្ឋាន មន្ទីរជំនាញ​នានា​នៅ​ថ្នាក់​ខេត្ត និង​អង្គការ​ដៃគូ​៕




 

Tag:
 អង្គការ​ភ្លែ​ន​
 ​ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម