អន្តរជាតិ
ឆ្នេរ​ថៃ​ដ៏​ល្បីឈ្មោះ​មួយ បន្ត​បិទ​ពីរ​ឆ្នាំ​ទៀត​ដើម្បី​ការពារ​បរិស្ថាន
10, May 2019 , 9:19 am        
រូបភាព
ប្រភពរូប៖ កាសែតបាងកកប៉ុស្តិ៍
ប្រភពរូប៖ កាសែតបាងកកប៉ុស្តិ៍
ដោយ:
​ឆ្នេរ Maya Bay របស់​ថៃ ដែល​ត្រូវបាន​បិទ​ចាប់តាំងពី​ខែមិថុនា​ឆ្នាំមុន នឹងត្រូវ​ពន្យា​ពេល​បិទ​បន្ត​រហូតដល់​រយៈពេល​២​ឆ្នាំ​ទៀត​។ គោលដៅ​នៃ​ការបិទជា​បណ្តោះអាសន្ន​នេះ គឺធ្វើឡើង​ដើម្បី​ទុកពេល​បន្ថែមទៀត​ឲ្យ​អេកូឡូស៊ី​របស់​ឆ្នេរ​នេះ​លូតលាស់​ឡើងវិញ ក្រោយ​ខូចខាត​ដោយសារ​ភ្ញៀវទេសចរ​មកលេង​ជាប់ៗ​គ្នា​ពេក​។

 
​ឆ្នេរ Maya Bay ដែល​ស្ថិតនៅលើ​កោះ Ko Phi Phi Ley មាន​បណ្តោយ​២៥០​ម៉ែត្រ និង​ទទឹង​១៥​ម៉ែត្រ​។ ប្រជាប្រិយភាព​របស់​ឆ្នេរ​នេះ ហក់​ឡើង​ខ្ពស់ ក្រោយពី​ការចាក់​បញ្ចាំង​រឿង​ហូ​លី​វ៉ូត​ដ៏​ល្បីល្បាញ​មួយ​កាលពី​១៩​ឆ្នាំមុន ដោយមាន​ចំណងជើង​ថា The Beach  ។ រឿងនេះ បាន​ចូលរួម​សម្តែង​ដោយ​តារា​សម្តែង​រឿង Titanic លោក Leonardo DiCaprio ។ ជា​លទ្ធផល ភ្ញៀវទេសចរ ៥​ពាន់​នាក់ ចូល​មកលេង​កម្សាន្ត​នៅ​តំបន់ឆ្នេរ​នេះ​ជា​រៀងរាល់ថ្ងៃ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ទីប្រឹក្សា​នៃ​នាយកដ្ឋាន​ឧទ្យាន​ជាតិ​ថៃ លោក Thon Thamrongnawasawat បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៩ ខែឧសភា​ថា ការហាម​ប្រាម​មកលេង​កម្សាន្ត​នៅ​ឆ្នេរសមុទ្រ​នេះ នឹងត្រូវ​ពន្យារ​រហូតដល់​ពាក់កណ្តាល​ឆ្នាំ​២០២១​។ ត្រង់ចំណុច​នេះ លោក និយាយទៀតថា គោលបំណង​នៃ​ការបិទ​នេះ នាយកដ្ឋាន​លោក ចង់​ទុកពេល​ច្រើន​បន្ថែមទៀត​ដើម្បី​ឲ្យ​អេកូឡូស៊ី​របស់​ឆ្នេរ​នេះ លូតលាស់​ឡើងវិញ​យ៉ាង​ពេញលេញ​។​
 
​លើសពីនេះ លោក Thon លើកឡើងថា ក្រោយពី​ឆ្នេរ​នេះ បើក​ឲ្យ​ភ្ញៀវ​មក​កម្សាន្ត​ឡើងវិញ​នោះ វិធានការ​មួយចំនួន នឹងត្រូវ​អនុវត្ត ក្នុងនោះ​រួមមាន កំណត់​ចំនួន​ភ្ញៀវទេសចរ​ដែល​មកលេង​កម្សាន្ត​ប្រចាំថ្ងៃ  និង​ហាមឃាត់​ទូក​នានា​ចត​នៅក្បែរ​មាត់ទឹក ដែល​ច្បាប់​ហាមឃាត់​។​
 
​សូមបញ្ជាក់ថា ជិត​មួយ​ឆ្នាំក្រោយ​ឆ្នេរ​នេះ​ត្រូវបាន​បិទ​ពី​សាធារណៈ ត្រី​ឆ្លាម​ជាច្រើន ត្រូវបាន​គេ​មើលឃើញ​វិលត្រឡប់​ទៅកាន់​តំបន់​នោះ​វិញ​។ អាជ្ញាធរ​អភិរក្ស​នៅ​តំបន់​នោះ ចាត់ទុក​ការវិលត្រឡប់​បែបនេះ ជា​សញ្ញា​វិជ្ជមាន​នៃ​ការលូតលាស់​នៃ​អេកូឡូស៊ី​ឡើងវិញ​នៅ​តំបន់​នេះ​៕
 

Tag:
 ថៃ​
  ឆ្នេរ​
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com