កីឡាជាតិ
ជាតិ
សុខ ធី សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ ក្រោយ​ចាញ់​ជើង​ខ្លាំង​ថៃ Rodtang
11, May 2019 , 1:10 pm        
រូបភាព
សុខ ធី លើកដៃសំពះសុំទោសប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រ ក្រោយរូបគេប្រកួតចាញ់កីឡាករថៃ Rodtang។(រូបភាពពីហ្វេសប៊ុកក្លិប Cambodian Top Team)
សុខ ធី លើកដៃសំពះសុំទោសប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រ ក្រោយរូបគេប្រកួតចាញ់កីឡាករថៃ Rodtang។(រូបភាពពីហ្វេសប៊ុកក្លិប Cambodian Top Team)
ដោយ:
​កីឡាករ សុខ ធី តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Cambodian Top Team បាន​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នកគាំទ្រ ក្រោយ​រូបគេ​ប្រកួត​ចាញ់​ជើង​ខ្លាំង​ថៃ Rodtang Jitmuangnon ក្នុង​ព្រឹត្តិការណ៍ ONE Warriors of Light កាលពី​យប់​ថ្ងៃ​សុក្រ​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​។ ទោះបី​ចាញ់​ក៏ពិតមែន តែ​គេ​សង្កេតឃើញ សុខ ធី បាន​ព្យាយាម​វាយបក និង​ជម្នះ​ភាពឈឺចាប់​លើ​របួស​ជើង​ខាងស្តាំ​តាំងពី​ទឹក​ទី​១​រហូតដល់​ទឹក​ទី​២​។​

 
​ក្រោយ​ចាញ់​កីឡាករ​ជើង​ខ្លាំង​ថៃ Rodtang Jitmuangnon ដោយ​អាជ្ញាកណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​២ អ្នកលេង​គុន​ខ្មែរ សុខ ធី បាន​សុំទោស​ប្រជាពលរដ្ឋ​ខ្មែរ ពិសេស​អ្នកគាំទ្រ ដើម្បី​បង្ហាញ​ពី​ទឹកចិត្ត​សោកស្តាយ​ចំពោះ​អ្វីដែល​រូបគេ​ធ្វើ​មិន​បានល្អ​។ ជា​ទឹកចិត្ត​អ្នកកីឡា ទោះបី​ដឹងថា​កម្លាំង​និង​បច្ចេកទេស​ចាញ់​គូប្រកួត​ក៏ដោយ សុខ ធី មិន​បោះបង់​ការតស៊ូ​ក្នុងការ​ស្វែងរក​ជ័យជម្នះ​ជូន​ជាតិ​ឡើយ​។ តែ​ជា​អកុសល សុខ ធី ត្រូវបាន​ជើង​ខ្លាំង​មិនដែល​ស្គាល់​ចាញ់​លើស​ង្វៀន ONE របស់​ថៃ ទាត់​រហូត​ខូច​ជើងឆ្វេង​មិនអាច​បន្ត​ការប្រកួត​បាន​។ 
 
​នា​ជំនួប​នៅ​សង្វៀន ONE តាម​លក្ខណៈ Muay Thai នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ កាលពី​យប់​ថ្ងៃ​សុក្រ ទី​១០ ឧសភា សុខ ធី មិនសូវ​បាន​ប្រើ​កណ្តាប់ដៃ​ប្តូរ​នោះទេ បាន​ត្រឹម​ធាក់​ទប់ និង​ប្រើ​ជើង​ទាត់​ម្តងៗ ពី​ការ​សង្គ្រប់​របស់ Rodtang តែប៉ុណ្ណោះ​។ ប៉ុន្តែ​ដោយសារ​កម្លាំង​ជើង សុខ ធី ខ្សោយ​ជាង​កីឡាករ​ថៃ បានធ្វើ​ឲ្យ​ការប្តូរ​ជើង​របស់ សុខ ធី ហាក់​ចាញ់​ប្រៀប​គេ​។ តាមរយៈ​ការប្តូរ​ជើង​នេះដែរ កីឡាករ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ ត្រូវបាន​កីឡាករ​ថៃ ទាត់​ឲ្យ​ខូច​ជើងឆ្វេង​រហូត​អាជ្ញាកណ្តាល​រាប់​ម្តង​នៅ​ចុង​ទឹក​ទី​១​។ 
 
​ទោះបី​យ៉ាងនេះ​ក្តី សុខ ធី មិនបាន​បោះបង់​ការប្រកួត​ត្រឹមនឹង​នោះទេ ក្រោយ​សម្រួល​សរសៃ​ពី​អ្នក​ឲ្យ​ទឹក និង​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ រូបគេ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រកួត​បន្ត​។ បញ្ហា​របួស​នេះ វា​បាន​ក្លាយជា​ឱកាស​មាស​សម្រាប់ Rodtang ក្នុងការ​ប្រើ​ជើង​ទាត់​កន្លែង​ដដែលៗ​រហូត សុខ ធី មិនអាច​ទ្រាំទ្រ​បាន ហើយក៏​ត្រូវ​អាជ្ញាកណ្តាល​បញ្ឈប់​ត្រឹម​ពាក់កណ្តាល​ទឹក​ទី​២​តែម្តង​៕     
 
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  សុខ ធី​
  ONE Championship
  Rodtang
© រក្សាសិទ្ធិដោយ thmeythmey.com