កីឡាជាតិ
ជាតិ
សុខ ធី សុំទោសប្រជាពលរដ្ឋខ្មែរ ក្រោយចាញ់ជើងខ្លាំងថៃ Rodtang សុខ ធី លើកដៃសំពះសុំទោសប្រជាពលរដ្ឋខ្មែរ និងអ្នកគាំទ្រ ក្រោយរូបគេប្រកួតចាញ់កីឡាករថៃ Rodtang។(រូបភាពពីហ្វេសប៊ុកក្លិប Cambodian Top Team)
× កីឡាករ សុខ ធី តាមរយៈទំព័រហ្វេសប៊ុក Cambodian Top Team បានសុំទោសប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកគាំទ្រ ក្រោយរូបគេប្រកួតចាញ់ជើងខ្លាំងថៃ Rodtang Jitmuangnon ក្នុងព្រឹត្តិការណ៍ ONE Warriors of Light កាលពីយប់ថ្ងៃសុក្រនៅទីក្រុងបាងកកប្រទេសថៃ។ ទោះបីចាញ់ក៏ពិតមែន តែគេសង្កេតឃើញ សុខ ធី បានព្យាយាមវាយបក និងជម្នះភាពឈឺចាប់លើរបួសជើងខាងស្តាំតាំងពីទឹកទី១រហូតដល់ទឹកទី២។
ក្រោយចាញ់កីឡាករជើងខ្លាំងថៃ Rodtang Jitmuangnon ដោយអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២ អ្នកលេងគុនខ្មែរ សុខ ធី បានសុំទោសប្រជាពលរដ្ឋខ្មែរ ពិសេសអ្នកគាំទ្រ ដើម្បីបង្ហាញពីទឹកចិត្តសោកស្តាយចំពោះអ្វីដែលរូបគេធ្វើមិនបានល្អ។ ជាទឹកចិត្តអ្នកកីឡា ទោះបីដឹងថាកម្លាំងនិងបច្ចេកទេសចាញ់គូប្រកួតក៏ដោយ សុខ ធី មិនបោះបង់ការតស៊ូក្នុងការស្វែងរកជ័យជម្នះជូនជាតិឡើយ។ តែជាអកុសល សុខ ធី ត្រូវបានជើងខ្លាំងមិនដែលស្គាល់ចាញ់លើសង្វៀន ONE របស់ថៃ ទាត់រហូតខូចជើងឆ្វេងមិនអាចបន្តការប្រកួតបាន។
នាជំនួបនៅសង្វៀន ONE តាមលក្ខណៈ Muay Thai នៅទីក្រុងបាងកកប្រទេសថៃ កាលពីយប់ថ្ងៃសុក្រ ទី១០ ឧសភា សុខ ធី មិនសូវបានប្រើកណ្តាប់ដៃប្តូរនោះទេ បានត្រឹមធាក់ទប់ និងប្រើជើងទាត់ម្តងៗ ពីការសង្គ្រប់របស់ Rodtang តែប៉ុណ្ណោះ។ ប៉ុន្តែដោយសារកម្លាំងជើង សុខ ធី ខ្សោយជាងកីឡាករថៃ បានធ្វើឲ្យការប្តូរជើងរបស់ សុខ ធី ហាក់ចាញ់ប្រៀបគេ។ តាមរយៈការប្តូរជើងនេះដែរ កីឡាករមកពីខេត្តបន្ទាយមានជ័យរូបនេះ ត្រូវបានកីឡាករថៃ ទាត់ឲ្យខូចជើងឆ្វេងរហូតអាជ្ញាកណ្តាលរាប់ម្តងនៅចុងទឹកទី១។
ទោះបីយ៉ាងនេះក្តី សុខ ធី មិនបានបោះបង់ការប្រកួតត្រឹមនឹងនោះទេ ក្រោយសម្រួលសរសៃពីអ្នកឲ្យទឹក និងការពិនិត្យរបស់មន្ត្រីជំនាញ រូបគេត្រូវបានអនុញ្ញាតឲ្យប្រកួតបន្ត។ បញ្ហារបួសនេះ វាបានក្លាយជាឱកាសមាសសម្រាប់ Rodtang ក្នុងការប្រើជើងទាត់កន្លែងដដែលៗរហូត សុខ ធី មិនអាចទ្រាំទ្របាន ហើយក៏ត្រូវអាជ្ញាកណ្តាលបញ្ឈប់ត្រឹមពាក់កណ្តាលទឹកទី២តែម្តង៕
Tag:
ប្រដាល់គុនខ្មែរ
សុខ ធី
ONE Championship
Rodtang
© រក្សាសិទ្ធិដោយ thmeythmey.com