កីឡាអន្តរជាតិ
អន្តរជាតិ
Pochettino អាច​លា​ពី​តំណែង​ប្រសិន Spurs ឈ្នះ​ពាន Champions League?
11, May 2019 , 2:20 pm        
រូបភាព
លោក Mauricio Pochettino អបអរជ័យជម្នះរបស់ Spurs ក្រោយឈ្នះ Ajax ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL
លោក Mauricio Pochettino អបអរជ័យជម្នះរបស់ Spurs ក្រោយឈ្នះ Ajax ឡើងទៅវគ្គផ្តាច់ព្រ័ត្រ UCL
លោក Mauricio Pochettino ធ្លាប់បាន​អះអាងថា​លោក​អាច​នឹង​ចាក​ចេញពី​តំណែង​អ្នកចាត់ការ​ទូទៅ​ប្រសិនបើ Tottenham Hotspur ឈ្នះ​ពានរង្វាន់ UEFA Champions League រដូវ​កាល​នេះ​។ អ្នកចាត់ការ Spurs និយាយ​ពាក្យ​ដ៏​ភ្ញាក់ផ្អើល​នេះ​តាំង​ពីមុន​ជំនួប​ជើង​ទី​២​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទល់ Ajax ម្លេះ​។​



​ជា​រឿង​មិន​នឹកស្មាន​ដល់ Tottenham Hotspur ពិតជា​ឡើងទៅ​កាន់​វគ្គ​ផ្តាច់​តាមរយៈ​ការ​វាយបក​តាម​ឈ្នះ​ដ៏​អស្ចារ្យ​បំផុត​មិន​ធ្លាប់មាន​លើ​គូប្រជែង​នៅ​ទឹកដី Ajax ដោយ​លទ្ធផល​ទាំងពីរ​ជើង ៣-៣ តែ​ឈ្នះ​តាម​រូបមន្ត​គ្រាប់​ស៊ុត​បញ្ចូល​ទី​ក្រៅ​ដី​។ ក្នុងជំនួប​ជើង​ទី​២​នៅ​កីឡដ្ឋាន Johan Cruyff Arena ខ្សែបម្រើ Lucas Moura អាច​ស៊ុត​បាល់​បញ្ចូល​ទី​៣​គ្រាប់​ម្នាក់ឯង​ឲ្យ​ក្រុម​មាន់​ខ្នាយ​មាស​នៅ​តង់​ទី​២ បន្ទាប់ពី Ajax នាំមុខ​មុន​ដល់​ទៅ​២​គ្រាប់​នៅ​តង់​ទី​១​ក្តី​។ 
 
​នៅមុន​ជ័យជម្នះ​នេះ អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​បាន​ឆ្លើយតប​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទកាសែត​តាមរយៈ​កាយវិការ​ខុសពី​ធម្មតា​ក្រោយ​ត្រូវបាន​សួរថា តើ Spurs អាចឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​ថ្ងៃទី​១ ខែ​មិថុន​បានទេ​? ហើយ​លោក​មាន​អារម្មណ៍​យ៉ាងណា​បើ​ក្រុម​ឈ្នះ​ជើងឯក​ពាន​កំពូល​អឺរ៉ុប​នេះ​ជា​លើកដំបូង​ក្នុង​រយៈពេល​៥​ឆ្នាំ​ក្រោម​ការដឹកនាំ​របស់លោក​?
 
Pochettino បាន​ឆ្លើយតប​ថា​៖«​វា​គួរតែ​អស្ចារ្យ​បើសិន​យើង​ឈ្នះ​ពាន​។ បញ្ចប់​រយៈ​៥​ឆ្នាំ​ហើយ​ខ្ញុំ​ត្រឡប់ទៅផ្ទះ​វិញ​»​។​ Pochettino ក៏ត្រូវ​បាន​សួរ​បញ្ជាក់​ពី​ការលើកឡើង​របស់លោក តើ​លោក​និយាយ​លេង​មែន​ទេ​? លោក​ឆ្លើយថា វា​មិនមែនជា​រឿង​កំប្លែង​នោះទេ​។ លោក​បញ្ជាក់ថា​៖«​ឈ្នះ​ពានរង្វាន់ Champions League នៅក្នុង​កាលៈទេសៈ​នេះ សម្រាប់​រដូវ​កាល​នេះ​ប្រហែលជា​ខ្ញុំ​ត្រូវ​គិត​បន្តិច​ដើម្បី​ធ្វើ​អ្វីមួយ​ថ្មី​ទៀត​នៅ​ថ្ងៃ​អនាគត​។ បើសិនជា​វា​អាច​កើតឡើង​មែន ជាការ​ពិត​ខ្ញុំ​ទៅផ្ទះ​វិញ​»​។​
 
​យ៉ាងណាក៏ដោយ​សម្តី​រប​ស់លោក Pochettino នៅ​មិនទាន់​ច្បាស់​សម្រាប់​អ្នកសារព័ត៌មាន​នោះទេ ព្រោះ​មិន​ប្រាកដថា​លោក​ចង់​និយាយ​ពី​ការ​ត្រឡប់​ពី Amsterdam ទៅ​អង់គ្លេស​ក្រោយ​ការប្រកួត​ជើង​ទី​២​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នោះទេ​។​ រឿងរ៉ាវ​យ៉ាងណា​នោះ​គឺ​ត្រូវ​រង់ចាំ​ក្រោយ​ការប្រកួត​ដណ្តើមពាន Champions League នៅ​ថ្ងៃទី​១ ខែមិថុនា ឆ្នាំ​២០១៩​ខាងមុខនេះ​៕

Tag:
 (Mauricio Pochettino
  UEFA Champions League
© រក្សាសិទ្ធិដោយ thmeythmey.com