អន្តរជាតិ
ជប៉ុន​សាកល្បង​រថភ្លើង​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​បំផុត​លើ​លោក​
11, May 2019 , 3:59 pm        
រូបភាព
រូបភាព៖ Mainichi
រូបភាព៖ Mainichi
​ដោយ៖ យ៉​ន សុខន​
 
​ជប៉ុន​កំពុង​រៀបចំ​សាកល្បង​រថភ្លើង​ល្បឿន​លឿន​បំផុត​របស់ខ្លួន​ដែល​អាច​រត់​បាន​ក្នុង​ល្បឿន​ដល់​ទៅ ៤០០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។ ការដាក់​សាកល្បង​នេះ​ធ្វើឡើង ស្រប​ពេលដែល​មហាអំណាច​សេដ្ឋកិច្ច​ទី​បី​នេះ​កំពុង​ព្យាយាម​អភិវឌ្ឍ​មធ្យោបាយ​ធ្វើដំណើរ​បន្ថែម​។​

 
​មាន​ឈ្មោះថា អាល់​ហ្វា​ទី​១០ (ALFA-X) រថភ្លើង​ដឹក​អ្នកដំណើរ​ល្បឿន​លឿន​ដែល​ត្រូវបាន​គេ​រចនា​ឡើង​តាំងពី​បី​ឆ្នាំមុន​នោះ ត្រូវ​បានដាក់​សាកល្បង​កាលពី​ថ្ងៃ​សុក្រ​។ នេះ​បើតាម​សារព័ត៌មាន CNN​។​
 
​នៅពេលដែល​រថភ្លើង​ប្រភេទ​នេះ​ដាក់ឱ្យ​ប្រតិបត្តិការ​ជា​ផ្លូវការ​អំឡុង​ឆ្នាំ​២០៣០ វា​នឹង​រត់​ក្នុង​ល្បឿន ៣៦០ គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង ហើយ​វា​ក៏​ក្លាយជា​រថភ្លើង​ល្បឿន​លឿន​បំផុត​នៅលើ​លោក​ដែរ​។ បន្ថែម​ពីនេះ រថភ្លើង​នេះ​នឹង​រត់លឿន​ជាង​រថភ្លើង​ហ្វ៊ូ​ស៊ី​ង​ដែលជា​រថភ្លើង​ល្បឿន​លឿន​បំផុត​របស់​ចិន រហូតដល់​១០​គីឡូ​ម៉ែត​ក្នុង​មួយ​ម៉ោង​។​
 
​គំរូ​រថភ្លើង​ប្រភេទ​ថ្មី​របស់​ជប៉ុន​នេះ គឺមាន​១០​ទូ ជាមួយនឹង​ផ្នែក​ខាងមុខ​ដែលមាន​រាង​ស្តួច​។ រថភ្លើង​ប្រភេទ​ថ្មី​នឹងត្រូវ​ដាក់ឱ្យ​ដំណើរការ​នៅលើ​ខ្សែ​រត់​រវាង​ទីក្រុង​សេន​ដៃ និង​ទីក្រុង​អូ​មូ​រី ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ២៨០​គីឡូ​ម៉ែត​ពីគ្នា​។ ការសាកល្បង​នឹងធ្វើ​ឡើង​នៅពេល​រំលង​អា​ធ្រា​ត ដែលមាន​សភាព​ស្ងប់ស្ងាត់​បំផុត ហើយ​ធ្វើឡើង​ពីរដង​ក្នុង​មួយ​សប្តាហ៍​។​
 
​រថភ្លើង​អាល់​ហ្វា​ទី​១០ នឹង​នាំ​ពិភពលោក​ឆ្ពោះទៅកាន់​ពិភពថ្មី​នៃ​ការធ្វើ​ទំនើបកម្ម​ផ្នែក សេវា​ដឹកជញ្ជូន​តាមផ្លូវ​ដែក​ឱ្យ​បានតែ​ឆាប់រហ័ស​ជាង​មុន​។ 
 
​សូមបញ្ជាក់ថា ជាមួយនឹង​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ​ច្រើនជាងគេ ជប៉ុន​ជាប់​ឈ្មោះ​ជា​ប្រទេស​អភិវឌ្ឍ​កម្រិត​ខ្ពស់បំផុត និង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ខាង​ផ្នែក​បច្ចេកវិទ្យា នាំមុខ​អាមេរិក និង​អាល្លឺម៉ង់​ទៅទៀត​៕
 

Tag:
 រថភ្លើង​
  អាល់​ហ្វា​ទី​១០
 ​ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com