ការប្រកួតបាល់បាត់ក្របខណ្ឌខេមបូឌានលីគសប្តាហ៍ទី៧នៅថ្ងៃអាទិត្យ ទី១២ ខែឧសភានេះ មានការប្រកួតចំនួន៤គូ ដែលរៀបចំនៅទីលានផ្សេងៗគ្នា។ ក្នុងចំណោមការប្រកួតទាំង៤គូ ជំនួបរបស់ក្រុមព្រះខ័នរាជស្វាយរៀងជាមួយកំពង់ចាម និងអង្គរថាយហ្គឺរជាមួយអាស៊ីអឺរ៉ុប អាចចាត់ទុកជាជំនួបក្រោមការតាមដានរបស់ទស្សនិកជន ដោយចង់ដឹងថាតើក្រុមទាំងពីរអាចរក្សាកំណត់ត្រាមិនស្គាល់ចាញ់បានឬយ៉ាងណា? ក្រៅពីជំនួបទាំងពីរ ក្រុមគីរីវង់សុខសែនជ័យត្រូវប្រជែងជាមួយសូលទីឡូអង្គរ មុនភ្នំពេញក្រោនស្វាគមន៍អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រុមមិនទាន់ស្គាល់ចាញ់ព្រះខ័នរាជស្វាយរៀង ត្រូវតទល់ជាមួយក្រុមចំណូលថ្មីកំពង់ចាម ដែលរបូតគ្រាប់បាល់ច្រើនជាងគេក្នុងលីគកំពូល សម្រាប់ជំនួបក្របខណ្ឌខេមបូឌានលីគសប្តាហ៍ទី៧នៅម៉ោង៣:៣០នាទី នាកីឡដ្ឋាន A.E.U Sport Park។ ក្នុង៦ប្រកួតកន្លងមក កំពង់ចាមបានរហូតគ្រាប់បាល់រហូត៤៦គ្រាប់ ហើយទាត់បញ្ចូលទីគូប្រកួតបានតែ១គ្រាប់ប៉ុណ្ណោះ។ ការប្រកួតសប្តាហ៍មុនក្រុមនេះបានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមថ្វីជើងវិសាខា ១៤-០ ដែលជាគ្រាប់បាល់មិនគួរឲ្យកើតមាននៅក្នុងលីគកំពូលកម្ពុជា។
ចំណែកព្រះខ័នរាជស្វាយរៀងក្នុងចំណោម៦ប្រកួតឈ្នះ៥ និងស្មើ១។ មុនស្មើ ១-១ ជាមួយអង្គរថាយហ្គឺរសប្តាហ៍មុន ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះបានយកឈ្នះគូប្រកួតជាបន្តបន្ទាប់ ក្នុងនោះយកឈ្នះប៉ូលិស ២-០ ក្នុងជំនួបបើកឆាក មុនឈ្នះសូលទីឡូអង្គរ ១-០ នៅជំនួបបន្ទាប់។ បន្ទាប់មកយកឈ្នះគីរីវង់សុខសែនជ័យ ២-០ ភ្នំពេញក្រោន ៥-១ និងឈ្នះអគ្គិសនី ១-០។ ព្រះខ័នរាជស្វាយរៀងរំពឹងយកឈ្នះកំពង់ចាមនៅថ្ងៃនេះ ដើម្បីរក្សាកំណត់ត្រាមិនស្គាល់ចាញ់ និងគ្រងកំពូលតារាងក្នុងសប្តាហ៍ទី៧។
នៅម៉ោង៣:៣០នាទីរសៀលនេះដែរ ក្រុមអង្គរថាយហ្គឺរត្រូវបើកទ្វារកីឡដ្ឋានខេត្តសៀមរាបស្វាគមន៍ភ្ញៀវអាស៊ីអឺរ៉ុប ដែលពួកគេរំពឹងយកឈ្នះដើម្បីរក្សាកំណត់ត្រាមិនស្គាល់ចាញ់។ សម្រាប់៦ប្រកួតកន្លងមក ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបមួយនេះមិនទាន់ស្គាល់ចាញ់នោះទេ ដោយឈ្នះ៣ ស្មើ៣។ អ្វីដែលគួរឲ្យកត់សម្គាល់ ក្រុមនេះស្មើសុទ្ធតែជាមួយក្រុមខ្លាំងៗ គឺស្មើ ១-១ ជាមួយក្រសួងការពារជាតិ បឹងកេត និងព្រះខ័នរាជស្វាយរៀងទាំង៣ប្រកួត។ ចំណែកជ័យជម្នះរបស់គេ គឺយកឈ្នះវិសាខា ២-១ កំពង់ចាម ១១-០ និងយុវជនអាយុក្រោម១៨ឆ្នាំបាទី ៦-០។ បើឈ្នះអាស៊ីអឺរ៉ុបនៅថ្ងៃនេះ អង្គរថាយហ្គឺរនឹងឡើងទៅលេខ៤មាន១៥ពិន្ទុ ខណៈបច្ចុប្បន្នក្រុមនេះ ស្ថិតនៅលេខរៀងទី៦មាន១២ពិន្ទុ។
សម្រាប់៦ប្រកួតកន្លងរបស់អាស៊ីអឺរ៉ុប គឺឈ្នះ២ ស្មើ១ និងចាញ់៣។ ក្រោយយកឈ្នះគីរីវង់សុខសែន ២-១ នៅសប្តាហ៍ទី៣ ក្រុមនេះចាញ់ភ្នំពេញក្រោន ១-០ និងស្មើ ២-២ ជាមួយអគ្គិសនីកម្ពុជា។ បច្ចុប្បន្នក្រុមនេះស្ថិតនៅលេខរៀងទី៧មាន៧ពិន្ទុ។
នៅម៉ោង៣:៣០នាទីនេះផងដែរ ក្រុមគីរីវង់សុខសែនជ័យក្រោយយកឈ្នះអគ្គស្នងការដ្ឋាននគរបាលជាតិ ៣-២ កាលពីសប្តាហ៍មុនត្រូវស្វាគមន៍ក្រុមមិនទាន់ស្គាល់ឈ្នះសូលទីឡូអង្គរនៅកីឡដ្ឋានមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តតាកែវ។ បច្ចុប្បន្នក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយនេះស្ថិននៅលេខរៀងទី៩មាន៦ពិន្ទុ ក្រោយឈ្នះ២ និងចាញ់៤ ខណៈសូលទីឡូអង្គរស្ថិតនៅលេខ១២មាន៣ពិន្ទុ ក្រោយស្មើ៣ និងចាញ់៣។
ដោយឡែកនៅម៉ោង៦ល្ងាចនេះ ក្រុមភ្នំពេញក្រោនដែលទើបតែងតាំងលោក ស៊ុំ វណ្ណា ជាគ្រូបង្វឹកបណ្តោះអាសន្នជំនួសលោក Leonardo Vitorino ដែលទើបចាកចេញ ត្រូវស្វាគមន៍ក្រុមអគ្គស្នងការនគរបាលជាតិនៅកីឡដ្ឋាន Smart R.S.N។ នេះជាជំនួបផ្លូវការលើកដំបូងសម្រាប់លោក ស៊ុំ វណ្ណា ក្រោយធ្វើជាគ្រូជំនួយរបស់គ្រូបង្វឹកប្រេស៊ីលអស់៦ប្រកួត។ ប៉ុន្តែនាជំនួបចាញ់ក្រុមណាហ្គាវើល ៣-០ កាលពីសប្តាហ៍មុន គឺភ្នំពេញក្រោនស្ថិតនៅក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹកវេស្ទើនរូបនេះ។
នេះជាជំនួបដ៏ជក់ចិត្តមួយផងដែរ ដោយទស្សនិកជនចង់ឃើញទម្រង់លេងរបស់ភ្នំពេញក្រោនក្រោមការបង្វឹក និងដឹកនាំលើកដំបូងរបស់លោក ស៊ុំ វណ្ណា មានលក្ខណៈខុសប្លែកពីការដឹកនាំរបស់លោក Leonardo Vitorino ត្រង់ចំណុចណាខ្លះ។ តើលោក ស៊ុំ វណ្ណា អាចដឹកនាំក្រុមភ្នំពេញក្រោនយកឈ្នះក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីសាងកេរ្តិ៍ឈ្មោះ ក៏ដូចជាស្នាដៃបានឬយ៉ាងណានៅថ្ងៃនេះ?
បច្ចុប្បន្នភ្នំពេញក្រោនឈរលេខរៀងទី១០មាន៦ពិន្ទុ ក្រោយឈ្នះ២ និងចាញ់៤ ខណៈអគ្គស្នងការដ្ឋាននគរបាលជាតិឈរលេខរៀងទី១១មាន៤ពិន្ទុ ក្រោយឈ្នះ១ ស្មើ១ និងចាញ់៤៕