កីឡាអន្តរជាតិ
អន្តរជាតិ
Man City បន្ត​ឈ្នះ​ពាន Premier League ដោយ​លើស Liverpool តែ​១​ពិន្ទុ​ប៉ុណ្ណោះ
12, May 2019 , 10:50 pm        
រូបភាព
ដោយ: ថ្មីៗ
Manchester City ការពារ​តំណែង​ជើងឯក Premier League របស់ខ្លួន​បានសម្រេច ក្រោយ​ទទួល​ជ័យជម្នះ ៤-១ លើ​ម្ចាស់ផ្ទះ Brighton & Hove Albion នា​ជំនួប​សប្តាហ៍​ចុងក្រោយ ស្រប​ពេលដែល Liverpool ក៏បាន​យកឈ្នះ​ភ្ញៀវ Wolverhampton Wanderers ២-០ ផងដែរ​។ ក្រុម​មេឃ​ខៀវ មាន​ពិន្ទុសរុប​៩៨ ដោយ​លើស​ហង្ស​ក្រហម​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ​។



នាម៉ោង​ប្រកួតដំណាល​គ្នា សម្ពាធបានចាប់ផ្តើម​ដាក់ទៅលើ Man City បន្ទាប់ Sadio Mane ស៊ុត​បាល់បញ្ចូលទី​លើ Wolverhampton នៅនាទី១៧។ កាន់តែធ្ងន់ថែមទៀតនោះ Brighton បាន​នាំមុខ Man City នៅនាទី​២៧ ដែល​រកបាន​ដោយ Glenn Murray។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុម​មេឃខៀវ បាន​កែប្រែស្ថានការណ៍ ដោយវាយបក​បាន២គ្រាប់មុន​បញ្ចប់តង់មួយ ដែលសម្រេចបាន​ដោយ Sergio Aguero និង Aymeric Laporte។



ឈាន​ដល់តង់ទីពីរ ខណៈ Liverpool នៅតែបន្ត​នាំមុខ Wolves ១-០ ក្រុម​ Man City កាន់តែធ្ងន់ខ្លួន ដោយ Riyad Mahrez និង Ilkay Gundogan បន្ថែមម្នាក់មួយគ្រាប់ទៀត ដើម្បី​បង្កើន​ការនាំមុខ ៤-១ ត្រឹមនាទី៧២។ រីឯនៅ Anfield ឯណោះវិញ Sadio Mane រកបានមួយគ្រាប់ទៀតឲ្យហង្សក្រហម ប៉ុន្តែ​ឱកាសលើកពាន​មិនមាននោះឡើយ។



ខណៈ Liverpool ខក​ឱកាស​លើកពាន​ដោយចាញ់ Manchester City តែ១ពិន្ទុ Arsenal ក៏ស្ថិតនៅ​ក្រៅ​តំបន់ Top 4 តែមួយពិន្ទុ​ផងដែរ។ Chelsea បញ្ចប់ការប្រកួតដោយគ្មាន​ការស៊ុត​បាល់បញ្ចូលទីនៅទឹកដី​របស់ Leicester ដោយរក្សា​តំណែងលេខបី ជាមួយ​៧២ពិន្ទុ។ Tottenham Hotspur រក្សាចំណាត់ថ្នាក់​លេខបួន ដោយមាន​៧១ពិន្ទុ ក្រោយស្មើ Everton ២-២។ Eric Dier និង Christian Eriksen ជាអ្នកស៊ុត​ចូលទីឲ្យ Spurs រីឯ Theo Walcott និង Cenk Tosun ជាអ្នកសម្រេចទីឲ្យភ្ញៀវ Everton។

Arsenal រកបាន៣ពិន្ទុនៅទឹកដី Burnley ជាមួយនឹងលទ្ធផល ៣-១។ Pierre-Emerick Aubameyang រកបាន២គ្រាប់ និង Eddie Nketiah បន្ថែមបាន១គ្រាប់សម្រាប់កាំភ្លើងធំ ខណៈ១គ្រាប់របស់ម្ចាស់ផ្ទះ Burnley សម្រេច​បាន​ដោយ Ashley Barnes។ ជ័យជម្នះនាំឲ្យ Arsenal រក្សាចំណាត់ថ្នាក់លេខ៥ប៉ុណ្ណោះ ដោយមាន​៧០ពិន្ទុ។ Arsenal នៅមានឱកាស​លេងក្របខណ្ឌ Champions League នារដូវក្រោយ ប្រសិន​បើពួក​គេ​អាចយកឈ្នះ Chelsea នៅវគ្គផ្តាច់ព្រ័ត្រ Europa League។

Manchester United ដែលមាន​កៅអី Europa League ក្នុងនាមជាក្រុម​លេខ៦ នោះ បាន​ខកចិត្តនា​ការប្រកួត​ចុងក្រោយ ដោយចាញ់ក្រុមភ្ញៀវ​ Cardiff City ដែលធ្លាក់ចេញទៅ​ក្របខណ្ឌ Championship។ Nathanie Mendez-Laing រកបាន២គ្រាប់ក្នុងការប្រកួតចុងក្រោយនេះ។

ទោះបីចាញ់ Liverpool ក៏ដោយ Wolves នៅរក្សាចំណាត់ថ្នាក់​លេខ៧ ដោយពួក​គេនៅមាន​ឱកាស​លេងវគ្គជម្រុះ Europa League ក្នុងករណី Manchester City ឈ្នះ Watford នៅវគ្គផ្តាច់ព្រ័ត្រ FA Cup។

Everton, Leicester City, West Ham, Watford, Crystal Palace, Newcastle, Bournemouth, Burnley, Southampton និង Brighton រក្សាវត្តមាន​របស់ខ្លួននៅ Premier League ខណៈ Cardiff City, Fulham, Huddersfield Town ត្រូវជំនួស​ដោយ Norwich City, Sheffied United និងក្រុមមួយទៀតដែលឈ្នះវគ្គ Playoff នៅ Championship។

Aubameyang, Mane និង Salah ដែលស៊ុតបាល់បញ្ចូលទី​២២គ្រាប់រៀងៗខ្លួន ទទួលបានស្បែកជើងមាស (ស្ទួន)។


ដោយឡែក ពានរង្វាន់ស្រោមដៃមាស បាន​ទៅលើ អ្នកចាំទី Liverpool, Alisson Becker។

© រក្សាសិទ្ធិដោយ thmeythmey.com