អន្តរជាតិ
ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ហ្វីលីពីន អាចជួយ​ពង្រឹង​អំណាច​លោក ឌូ​ទើ​តេ​
13, May 2019 , 10:28 am        
រូបភាព
ប្រជាជនហ្វីលីពីនឈរតម្រង់ជួររង់ចាំបោះឆ្នោតនៅព្រឹកថ្ងៃចន្ទទី ១៣ ខែឧសភា (AFP)
ប្រជាជនហ្វីលីពីនឈរតម្រង់ជួររង់ចាំបោះឆ្នោតនៅព្រឹកថ្ងៃចន្ទទី ១៣ ខែឧសភា (AFP)
ដោយ: ថ្មីៗ
​ប្រជាជន​ហ្វីលីពីន​រាប់លាន​នាក់​នាំគ្នា​ចេញមក​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នៅ​ថ្ងៃ​ចន្ទ​ទី ១៣ ខែឧសភា​នេះ​។ គេ​រំពឹងថា ការបោះឆ្នោត​នេះ​នឹង​ជួយ​ពង្រឹង​អំណាច​របស់លោក រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បន្ថែមទៀត​ក្នុងការ​ដឹកនាំ​ជាពិសេស​នាំយក​មកវិញ​នូវ​ទោស​ប្រហារជីវិត និង​កែ​រដ្ឋធម្មនុញ្ញ​។​


 
​ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ជ្រើសរើស​សមាជិក​ស្ថាប័ន​នីតិ​ប​ញ្ញ​តិ្ត​នៅ​ហ្វីលីពីន ចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ព្រឹក​ម៉ោង ៦ ថ្ងៃ ១៣ ខែឧសភា​។ ប្រជាជន​ដែល​ចុះឈ្មោះ​មាន​រហូតដល់ ៦១​លាន​នាក់ ចាប់ផ្តើម​ចាក​ចេញពី​លំនៅដ្ឋាន​ដើម្បី​ជ្រើសរើស​តំណាង​របស់ខ្លួន​។ 
 
​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការបោះឆ្នោត​នេះ​ធ្វើឡើង​ដើម្បី​ជ្រើសរើស​សមាជិក​ស្ថាប័ន​នីតិបញ្ញត្តិ​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន​ប្រហែល ១៨០០០ នាក់​ក្នុង​នៅមាន​សមាជិកសភា​តំណាង ២៩៧ រូប និង​សមាជិក​ព្រឹទ្ធសភា​ចំនួន ១២ រូប​ថែមទៀត​។ ព្រឹទ្ធសភា​ហ្វីលីពីន​មាន​សមាជិក​សរុប ២៤ នាក់ ដោយមាន​អាណត្តិ​រយៈពេល ៦​ឆ្នាំ​។​
 
​យ៉ាងណាក៏ដោយ គេ​រំពឹងថា ការបោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​នេះ​នឹង​ជួយ​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ពង្រឹង​ឥទ្ធិពល​របស់ខ្លួន​បន្ថែ​ម​ទៀតផង​។ ថ្វីបើ​លោក ឌូ​ទើ​តេ រង​ការរិះគន់ និង​ជា​អ្នកនយោបាយ​ចម្រូងចម្រាស​ខ្លាំង​ក្តី លោក​នៅតែមាន​ប្រជាប្រិយភាព​ខ្ពស់ ដោយសារ​ប្រជាជន​ហ្វីលីពីន​ធុញទ្រាន់​នឹង​ស្ថានភាព​ស្រុកទេស និង​ក្រុម​អភិជន​នយោបាយ​ដែល​មិន​គិតគូរ​ពី​ប្រទេសជាតិ​។ 
 
​បើសិនជា​សម្ព័ន្ធមិត្ត​លោក​បាន​ទទួលបាន​សំឡេង​ភាគច្រើន​ក្នុង​ព្រឹទ្ធសភា លោក ឌូ​ទើ​តេ នឹង​ទទួលបាន​ការគាំទ្រ​ទាំងស្រុង​ពី​ស្ថាប័ន​នីតិបញ្ញត្តិ​ដើម្បី​ឈានទៅដល់​ការ នាំយក​មកវិញ​ទោស​ប្រហារជីវិត​ដើម្បី​បោសសម្អាត​ក្រុម​ឈ្មួញ​និង និង​ឧក្រិដ្ឋជន​គ្រឿងញៀន  និង​រៀបចំ​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​ដែរ​។​
 
​គណបក្សប្រឆាំង​ហ្វីលីពីន​បាន​ព្រមាន​ជាមុន​ហើយ​ថា ជ័យជម្នះ​របស់​បក្សពួក​លោក ឌូ​ទើ​តេ ក្នុងការ​បោះឆ្នោត​នេះ​នឹង​អាច​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ ដោយ​ដក​មាត្រា​កំណត់​អាណត្តិ​ប្រធានាធិបតី​ចេញ ថ្វីបើ​លោក​ធ្លាប់​ប្រកាស​ម្តង​ជា​ពីរដង​ថា លោក​នឹង​ចាក​ចេញពី​តំណែង​ពេល​ចប់​អាណត្តិ​ក៏ដោយ​។ 
 
​ក្នុងករណី​ដែល​លោក ឌូ​ទើ​តេ បន្ត​កាន់អំណាច​ទៅមុខទៀត​ដោយ​សរសេរ​រដ្ឋធម្មនុញ្ញ​ឡើងវិញ​មែន​នោះ សង្គ្រាម​គ្រឿងញៀន​ដែល​លោក​ដាក់ចេញ​ក្រោយ​ឡើងកាន់​អំណាច​ឆ្នាំ ២០១៦ នឹងត្រូវ​ពង្រីក​ថែមទៀត​ជាមួយ​ការអនុវត្ត​ទោស​ប្រហារជីវិត​។ 
 
​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​សម្រាប់​លុបចោល​ទោស​ប្រហារជីវិត​ឆ្នាំ ១៩៨៧ ហើយ​នៅ​ឆ្នាំ ១៩៩៣ ទោស​ប្រហារជីវិត​នេះ​ត្រូវ​បានដាក់​អនុវត្ត​ឡើងវិញ មុននឹង​ត្រូវ​លុបចោល​ម្តងទៀត​នៅ​ឆ្នាំ ២០០៦៕ 
 
 

Tag:
 រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ​
  បោះឆ្នោត​ពាក់កណ្តាល​អាណ​ត្តិ​)
© រក្សាសិទ្ធិដោយ thmeythmey.com