បក្សប្រឆាំង​របប​យោធា​ថៃ សុខចិត្ត​មិន​យក​តំណែង​នាយករដ្ឋមន្ត្រី​ឲ្យ​តែ​បិទ​ផ្លូវលោក ប្រា​យុទ្ធ បាន​
អន្តរជាតិ
បក្សប្រឆាំង​របប​យោធា​ថៃ សុខចិត្ត​មិន​យក​តំណែង​នាយករដ្ឋមន្ត្រី​ឲ្យ​តែ​បិទ​ផ្លូវលោក ប្រា​យុទ្ធ បាន​
13, May 2019 , 3:14 pm        
រូបភាព
​បក្សនយោបាយ​ធំៗ​ពីរ​ដែល​ប្រឆាំង​របប​យោធា​ថៃ គឺ​បក្ស​ភឿ​ថៃ និង​បក្ស​អនាគត​ឈានមុខ ទំនងជា​លះបង់​តំណែង​នាយករដ្ឋមន្ត្រី បើសិនជា​អាច​ទប់ស្កាត់​លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា មិន​ឲ្យ​បន្ត​តំណែង​នាយករដ្ឋមន្ត្រី​បាន​។ សម្រាប់​បក្ស​ទាំងពីរ​នេះ តំណែង​នាយករដ្ឋមន្ត្រី មិន​សំខាន់​ដូច​ការបញ្ចប់​ដំណើរ​ទៅរក​តំណែង​នាយករដ្ឋមន្ត្រី​របស់លោក ប្រា​យុទ្ធ ឡើយ​។ យោងតាម​លទ្ធផល​បោះឆ្នោត​ផ្លូវការ លោក ប្រា​យុទ្ធ មានសង្ឃឹម​ខ្ពស់​ក្នុងការ​ដឹកនាំ​ប្រទេស​៤​ឆ្នាំ​ទៀត​។

 
​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤ ខែមីនា បង្ហាញថា លោក ប្រា​យុទ្ធ ចន្ទ​អូ​ចា មាន​ភាគរយ​ខ្ពស់​ក្នុងការ​ដឹកនាំ​ប្រទេស​ថៃ​បន្តទៀត​។ បើតាម​លទ្ធផល​ផ្លូវការ គណបក្ស​កម្លាំង​ប្រជារាស្ត្រ​ដែល​លម្អៀង​ទៅខាង​យោធា​ទទួលបាន​អាសនៈ ១១៥​នៅក្នុង​សភា​ជាន់​ទាប​។ បើ​បូក​ជាមួយ​ព្រឹទ្ធសភា​មាន​អាសនៈ ២៥០​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​របប​យោធា​នោះ គណបក្ស​នេះ នៅ​ខ្វះ​តែ​១១​អាសនៈ​ទៀត​ប៉ុណ្ណោះ​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​បាន​តាម​ប្រព័ន្ធ​ភាគច្រើន​ដាច់ខាត​។ 
 
​ដោយសារ​ចង់ឃើញ​លោក ប្រា​យុទ្ធ អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​៤​ឆ្នាំ​ទៀត បក្ស​នេះ​ក៏បាន​ចែចូវ​បក្សនយោបាយ​មួយចំនួនទៀត ដើម្បី​បង្គ្រប់​សំឡេង​ដែល​ខ្វះខាត​។ ងាក​ទៅខាង​ក្រុមប្រឆាំង​របប​យោធា​វិញ សម្ព័ន្ធភាព​គាំទ្រ​ប្រជាធិបតេយ្យ​ដែល​ដឹកនាំ​បក្ស​ភឿ​ថៃ ទទួលបាន​អាសនៈ​រួមគ្នា​ចំនួន​២៤៥​នៅក្នុង​សភា​ជាន់​ទាប គឺ​តិចជាង​ចំនួន​អាសនៈ ៣៧៦ ដែល​គេ​ត្រូវការ​ឱ្យមាន​ដើម្បី​ដាក់​ស្នើ​ឈ្មោះ​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ផងដែរ​។​
 
​ដ្បិត​ត្រូវការ​អាសនៈ​យ៉ាងច្រើន​នោះ បក្ស​ភឿ​ថៃ និង​បក្ស​អនាគត​ឈានមុខ ទំនង​ជាដក​បេក្ខភាព​នាយករដ្ឋមន្ត្រី​របស់​ខ្លួន និង​គាំទ្រ​បេក្ខភាព​មកពី​បក្ស​ផ្សេង​វិញ បើសិន​អាច​អាច​ប្រមូល​សំឡេង​គ្រប់គ្រាន់​ដើម្បី​រារាំង​លោក ប្រា​យុទ្ធ បាន​។ សព្វថ្ងៃនេះ កូនសោរ​សំខាន់​ស្ថិតក្នុង​ដៃ​បក្សនយោបាយ​ដែល​មិនទាន់​ប្រកាស​គាំទ្រ​សម្ព័ន្ធភាព​ចម្រុះ​ណាមួយ​មានដូចជា​បក្ស​ជើងចាស់​ប្រជាធិបតេយ្យ និង​បក្ស​ភូមិ​ចៃ​ថៃ​ជាដើម​។ បើ​បក្សនយោបាយ​ទាំងនេះ ងាក​ទៅខាង​ណា ខាង​ណោះ​ប្រាកដជា​មានសង្ឃឹម​។​
 
​មេដឹកនាំ​បក្ស​ភឿ​ថៃ លោកស្រី Sudarat Keyuraphan បាន​និយាយ​នៅ​ថ្ងៃទី​១២ ខែឧសភា ថា ការចូលរួម​ជាមួយ​ស​ម្ព័​ន្ធ​ភាព​ប្រឆាំង​ងរ​បប​យោធា មិនមែន​មានន័យថា​គាំទ្រ​រដ្ឋាភិបាល ឬ​នាយករដ្ឋមន្ត្រី​របស់​ប​ក្ស​ភឿ​ថៃ​។ សម្រាប​ភឿ​ថៃ អ្វីដែល​ចាំបាច់ គឺ​ប្រឆាំង​ការបន្ត​អំណាច​របស់​យោធា​។ ទោះជា​យ៉ាងណាមិញ មេដឹកនាំ​បក្ស​ភឿ​ថៃ​ដែល​ស្និទ្ធ​អតីត​នាយករដ្ឋមន្ត្រី​ត្រកូល ស៊ីណា​វ៉ា​ត់ នេះ អះអាងថា បក្ស​លោកស្រី​មិនបាន​គាំទ្រ​មេបក្ស​ភូមិ​ចៃ​ថៃ​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​ឡើយ​។​
 
​បើតាម​កាសែត​ថៃ The Nation បក្ស​អនាគត​ឈានមុខ​របស់​មហាសេដ្ឋី​វ័យក្មេង Thanathorn Juangroongruangkit ក៏​ប្រកាស​ដែរ​ថា អាទិភាព​សំខាន់ គឺ​បិទផ្លូវ​របស់​របប​ដឹកនាំ​យោធា ហើយ​ខ្លួន​ត្រៀម​ជាស្រេច​ដើម្បី​បោះឆ្នោត​ឲ្យ​បេក្ខជន​នាយករដ្ឋមន្ត្រី​ដែល​ល្អ​។ លោក Thanathorn ដែល​កំពុង​រង​ការចោទប្រកាន់​ពី​សំណាក់​របប​យោធា​នោះ ក៏​ប្រកាស​ដែរ​ថា ឲ្យ​បេក្ខជន​ណា​អាច​ប្រមូល​សំឡេង​សមាជិកសភា​គ្រប់គ្រាន់​ដើម្បី​រារាំង​យោធា​នោះ បក្ស​លោក​នឹង​បោះឆ្នោត​ឲ្យ​អ្នកនោះ​៕
 

Tag:
 ថៃ​
  គណបក្ស​ភឿ​ថៃ​
  គណបក្ស​អនាគត​ឈានមុខ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា​
© រក្សាសិទ្ធិដោយ thmeythmey.com