កីឡាជាតិ
ជាតិ
លោក ស សុខា ក្លាយជា​ប្រធាន​សហព័ន្ធ​ប៊ូល និង​ប៉េតង់​កម្ពុជា លោក សុខ សប្បាយ​ណា ជា​អគ្គលេខាធិការ​
13, May 2019 , 9:19 pm        
រូបភាព
លោក ស សុខា ថ្លែងក្នុងសន្និបាតវិសាមញ្ញសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា,​​ រូបភាពពីហ្វេសប៊ុកលោក ស សុខា
លោក ស សុខា ថ្លែងក្នុងសន្និបាតវិសាមញ្ញសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា,​​ រូបភាពពីហ្វេសប៊ុកលោក ស សុខា
ដោយ:
​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​បានរៀបចំ​សន្និបាត​វិសាមញ្ញ​មួយ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ និង​សមាជិក​មួយចំនួន​។ ក្នុងនោះ​អង្គសន្និបាត​បានតែងតាំង​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ ខណៈ​លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ ជា​អគ្គលេខាធិការ​សហព័ន្ធ​។

 
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ត្រូវបានតែងតាំង​ឲ្យ​ធ្វើជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​ជំនួស​លោក ព្រំ ឌិន ដែល​ផុត​អាណត្តិ​។ ជាមួយគ្នានេះ លោក សុខ សប្បាយ​ណា អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ ត្រូវបាន​ជ្រើសតាំង​ឲ្យ​ធ្វើជា​អគ្គលេខាធិការ​សហព័ន្ធ ជំនួស​លោក អ៊ិន គឹម​ស្រ៊ុន ដែល​ផុត​អាណត្តិ​ដូចគ្នា​។ 


លោក ស សុខា (ស្តាំ)ចាប់ដៃជាមួយលោក ព្រំ ឌិន ក្រោយប្រគល់ត្រាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជា,​ រូបភាពពីហ្វេសប៊ុកលោក ស សុខា
 
​ក្រោយ​ទទួលបាន​តំណែង​ជា​ប្រធាន​សហព័ន្ធ​លោក ស សុខា បាន​ប្តេជ្ញា​ថា លោក​នឹង​ពង្រីក​ក្លិប​-​សមាគម​កីឡា​ប៉េតង់​ឲ្យ​មាន​គ្រប់​បណ្តា​ខេត្ត​នៅ​កម្ពុជា និង​បណ្តុះ​ធនធាន​កីឡាករ គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​ឲ្យ​បាន​ច្រើន សម្រាប់​ត្រៀម​ការប្រកួត​នានា ពិសេស​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ 


 
«​ក្នុងនាម​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​អាណត្តិ​ថ្មី​នេះ ខ្ញុំ​ប្ដេជ្ញាចិត្ត​ពង្រឹង​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ដោយ​ពង្រីក​ក្លិប​ឱ្យបាន​គ្រប់​ខេត្ត បណ្ដុះបណ្ដាល​សមត្ថភាព​គ្រូបង្វឹក ពង្រីក​ការប្រកួត ស្វះ​ស្វែងរក​មូលនិធិ​ដើម្បី​ទ្រទ្រង់​សហព័ន្ធ និង​ពង្រឹង​វិន័យ​ក្នុង​ការដឹកនាំ​ឈានទៅ​ជោគជ័យ​រួម​»​។ ការប្តេជ្ញាចិត្ត​បែបនេះ​របស់លោក ស សុខា ធ្វើឡើង​ក្នុង​សន្និបាត​វិសាមញ្ញ​កាលពី​ថ្ងៃ​១២ ខែឧសភា ឆ្នាំ​២០១៩​។ 
 
​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ប៉េតង់​ជ្រើសរើស​ជើងឯក​ពិភពលោក​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩ ខាងមុខនេះ​៕ 

Tag:
 ប៉េតង់​
  ស សុខា​
© រក្សាសិទ្ធិដោយ thmeythmey.com