ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី បង្ហើបថា «តិចទៀត លោកចូលមកតាមថៃ...»
13, May 2019 , 5:23 pm        
រូបភាព
លោក សម រង្ស៊ី ថ្លែងទៅកាន់ក្រុមបាតុករក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៣ (រូបពី AFP)
លោក សម រង្ស៊ី ថ្លែងទៅកាន់ក្រុមបាតុករក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែកញ្ញា ឆ្នាំ២០១៣ (រូបពី AFP)
លោក សម រង្ស៊ី មេដឹកនាំក្រុមប្រឆាំង ទំនងជាឆ្លងកាត់ប្រទេសថៃ មុននឹងឈានជើងចូលមកទឹកដីកម្ពុជា។ ក្នុងកិច្ចប្រជុំរបស់អតីតគណបក្សសង្គ្រោះជាតិ នៅរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ លោក សម រង្ស៊ី ថ្លែងបែបនេះថា៖«ខ្ញុំ គ្រាន់តែបង្ហើបថា តិចទៀតខ្ញុំចូលតាមថៃ។ ខ្ញុំ នាំប្រជាពលរដ្ឋខ្មែរ រាប់ម៉ឺន រាប់សែននាក់...»។



មេដឹកនាំក្រុមប្រឆាំងដែលកំពុងនិរទេសរូបនេះ ពុំបាននិយាយអ្វីច្រើនទេពីផែនការនៃការវិលត្រឡប់របស់លោក ហើយលោក នៅតែលាក់ពេលវេលានៃការវិលត្រឡប់។ ប៉ុន្តែ លោក បង្ហាញការជឿជាក់ថា ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជននៅតាមបណ្តាប្រទេសនានា ដូចជា នៅកូរ៉េ នៅថៃ និង នៅម៉ាឡេស៊ី ជាដើម នឹងធ្វើដំណើរមកកម្ពុជាជាមួយលោក ដើម្បីរួមគ្នាផ្តាស់ប្តូរឲ្យបាន នៅឆ្នាំ២០១៩។  

ការបង្ហើបរបស់លោក សម រង្ស៊ី ដែលថាចង់មកកម្ពុជាដោយឆ្លងកាត់តាមប្រទេសថៃនេះ ហាក់ផ្គើននឹងការព្រមានរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ កាលពីអំឡុងខែមីនា ឆ្នាំ២០១៩ ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ភ្នំពេញ​អន្តរជាតិ ប្រមុខរដ្ឋាភិបាល ព្រមានទុកជាមុនបែបនេះថា៖«បើមកតាមទល់ដែន [ថៃ] គឺល្អមើលតើ ខ្ញុំអត់ដឹងទេ។ អ្នកឯងត្រូវដឹង តាមទល់ដែន គេដាក់ត្រង់សេ ហើយគេមានកាំភ្លើងយន្តនៅនុ៎ង។ មកតាមទល់ដែន គឺរឿងធំហើយ»។

លើសពីនេះ ប៉ុន្មានថ្ងៃមុន គេ ទើបនឹងបានឃើញលិខិតបែកធ្លាយពីរប្រភេទរបស់សម្តេច ហ៊ុន សែន ដោយលិខិតមួយចេញក្នុងនាមនាយករដ្ឋមន្រ្តី ផ្ញើជូនទៅគ្រប់ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី-ខេត្ត ដែលស្ថិតក្នុងក្របខ័ណ្ឌរដ្ឋាភិបាល និងលិខិតមួយទៀត ចេញក្នុងនាមប្រធានគណបក្ស គឺផ្ញើជូនគ្រប់ប្រធានក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយរាជធានី-ខេត្ត ដែលស្ថិតក្នុងក្របខ័ណ្ឌគណបក្ស ដើម្បីបញ្ជាពួកគេ ឲ្យចុះទៅពន្យល់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន អំពីផលវិបាកនៃការផ្តួលរំលំរដ្ឋាភិបាលតាមរយៈការធ្វើបដិវត្តពណ៌ និងផែនការនៃការវិលត្រឡប់របស់លោក សម រង្ស៊ី។

លោក សម រង្ស៊ី ចំអកថា សម្តេច ហ៊ុន សែន កំពុងតែភ័យចំពោះគម្រោងនៃការវិលត្រឡប់របស់លោក៕

Tag:
 សម រង្ស៊ី
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com