អន្តរជាតិ
ប៉េ​រូ រឹតបន្តឹង​ការចូល​ទស្សនា​ក្នុង​តំបន់​ប្រវត្តិសាស្ត្រ Machu Picchu ដើម្បី​ការពារ​ការបាក់​បែក​
14, May 2019 , 8:29 am        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ប៉េ​រូ នឹង​រឹតបន្តឹង​ការចូល​ទៅលេង​កម្សាន្ត​ក្នុង​ទីតាំង​សំខាន់​ចំនួន​បី នៅ​តំបន់​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ​របស់ខ្លួន​ឈ្មោះថា Machu Picchu​។ ការដាក់ចេញ​វិធានការ ដែលមាន​រយៈពេល​២​សប្តាហ៍​នេះ មាន​គោលដៅ​ដើម្បី​ការពារ​ការបែកបាក់​កាន់តែខ្លាំង​ថែមទៀត នៃ​សំណង់​ប្រាសាទ​អាយុកាល​រាប់រយ​ឆ្នាំនេះ​។​

 
​គិត​ចាប់ពី​ថ្ងៃទី ១៥ ដល់ ថ្ងៃ ២៨ ខែឧសភា ការចូលទៅ​កម្សាន្ត​នៅក្នុង​ប្រាសាទ​ព្រះអាទិត្យ ប្រាសាទ Condor និង​ផ្ទាំង​ថ្ម Intihuatana ដ៏​ពិសិដ្ឋ ក្នុង​តំបន់​ប្រវត្តិសាស្ត្រ Machu Picchu របស់​ប៉េ​រូ នឹងត្រូវ​គ្រប់គ្រង​យ៉ាង​តឹងតែង​ពី​សំណាក់​អង្គការ UNESCO ទទួលបន្ទុក​ទីតាំង​បេតិកភណ្ឌ​ពិភពលោក​។​
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រសួង​វប្បធម៌​ប៉េ​រូ បាន​គូសបញ្ជាក់​កាលពី​ថ្ងៃទី​១០ ឧសភា ថា វិធានការ​ទាំងនេះ ត្រូវអនុវត្ត​ជា​ចាំបាច់​ដើម្បី​អភិរក្ស​តំបន់​ប្រវត្តិសាស្ត្រ Machu Picchu ដ្បិត​ភស្តុតាង​បង្ហាញថា ទីតាំង​សំខាន់ៗ​ចំនួន​បី​នេះ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង ជាពិសេស​លើ​ផ្ទៃ​ខាងមុខ​នៃ​ផ្ទាំង​ថ្ម ដែល​បង្កឡើង​ដោយ​ភ្ញៀវទេសចរ​។​
 
​តាម AFP  ភ្ញៀវទេសចរ​ប្រមាណ​៦​ពាន់​នាក់ ចូលទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​នេះ​ជា​រៀងរាល់ថ្ងៃ​។ សម្រាប់​ផែនការ​ថ្មី​របស់​រដ្ឋាភិបាល​ប៉េ​រូ ខ្លួន នឹង​អនុញ្ញាត​ឲ្យ​ភ្ញៀវទេសចរ​ចូលទៅ​ទស្សនា​កម្សាន្ត​ត្រឹម​រយៈពេល ៣​ម៉ោង​ប៉ុណ្ណោះ នៅក្នុង​តំបន់​រឹតបន្តឹង​ទាំងបី​ខាងលើនេះ​។ ទន្ទឹមនឹង​គ្នា​នេះ អាជ្ញាធរ​ទទួលបន្ទុក​អភិ​រក្សា​តំបន់​នោះ ក៏​នឹង​វាយតម្លៃ​លើ​ផលប៉ះពាល់​ដែល​អាច​កើតមានឡើង មុននឹង​ចាប់ផ្តើម​អនុវត្ត​ផែនការ​ថ្មី​នេះ ចាប់ពី​ថ្ងៃទី​១ ខែមិថុនា​តទៅ​។ 
 
​សូមបញ្ជាក់ថា តំបន់​ប្រវត្តិសាស្ត្រ Machu Picchu ដែល​មានន័យថា «​ភ្នំ​ចាស់​» មាន​ទីតាំង​លើ​កំពូល​ជួរ​ភ្នំ Andes ក្នុងប្រទេស​ប៉េ​រូ និង​ត្រូវបាន​សាងសង់​ក្នុងអំឡុង​រជ្ជកាល​អធិរាជ Inca ព្រះនាម​ថា Pachacuti (១៤៣៨-១៤៧១)​។ 
 
​តំបន់​ប្រវត្តិសាស្ត្រ​នេះ ត្រូវបាន​រកឃើញ​ជាថ្មី​ក្នុង​ឆ្នាំ​១៩១១ ដោយ​អ្នករុករក​ជនជាតិ​អាមេរិក ឈ្មោះថា Hiram Bingham ។ ក្រោយមក អង្គការ UNESCO បានប្រកាស​តំបន់​នេះ​ជាទី​តាំង​បេតិកភណ្ឌ​ពិភពលោក ក្នុង​ឆ្នាំ ១៩៨៣ ៕

Tag:
 ​ប៉េ​រូ​
  តំបន់​ប្រវត្តិសាស្ត្រ​
© រក្សាសិទ្ធិដោយ thmeythmey.com