ចិនខ្លះ ឡើងចាង?
ជាតិ
សង្គមជាតិ
ចិនខ្លះ ឡើងចាង?
13, May 2019 , 7:10 pm        
រូបភាព
អាវុធដែលសមត្ថកិច្ចកម្ពុជាចាប់បានពីជនជាតិចិននាពេលកន្លងមក
អាវុធដែលសមត្ថកិច្ចកម្ពុជាចាប់បានពីជនជាតិចិននាពេលកន្លងមក
ដោយ: ថ្មីៗ
ទង្វើមិនគប្បីរបស់ជនជាតិចិនមួយចំនួននៅលើទឹកដីកម្ពុជា បង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ទង្វើទាំងនោះ មានដូចជា ការឆក់ប្លន់ ហិង្សា ឃាតកម្ម កាប់ចាក់ ការគំរាមកំហែង ល្បែងស៊ីសង ផឹកស៊ី ការបើកបរមិនគោរពច្បាប់ ការជូញដូរគ្រឿងញៀន និងការជំរិតទារប្រាក់តាមអ៊ីនធឺណិតជាដើម។ ខេត្តព្រះសីហនុ ជាទីតំបន់ក្តៅជាងគេ ដែលជួបបញ្ហាជនជាតិចិន។



ក្នុងឃ្លីបវីដេអូខ្លីមួយ ចិនមួយក្រុមបានប្រកាសព្រមានបង្កអសន្តិសុខនៅខេត្តព្រះសីហនុ ដោយពួកគេ ហាក់ដូចជាគិតថា ខ្លួនជាម្ចាស់គ្រប់គ្រងខេត្តទាំងមូល។ ពួកគេមិនខ្លាចច្បាប់ មិនញញើតសមត្ថកិច្ច និងមិនរអាចិត្តពលរដ្ឋខ្មែរ ដែលជាម្ចាស់ស្រុកបន្តិចសោះឡើយ។

ឆ្ងល់! ហេតុអ្វីពួកគេហ៊ានដល់ថ្នាក់នេះ? អាងអ្វី? អាងខ្លួនមកពីប្រទេសមហាអំណាច? អាងចិនជាប្រទេសផ្តល់ជំនួយដ៏ធំ? យល់ថាការអនុវត្តច្បាប់នៅស្រុកខ្មែរធូររលុង ឬក៏ជាអត្តចរិតរបស់ពួកគេតែម្តង?

បច្ចុប្បន្នពលរដ្ឋខ្មែរ កើតក្តីព្រួយបារម្ភ និងបង្កើនការប្រុងប្រយ័ត្នយ៉ាងខ្លាំង ដោយសារតែជនជាតិចិនខ្លះបង្ករឿងមិនចេះឈប់ឈរ និងមិនចេះរៀងចាល។ របាយការណ៍ចុងក្រោយ បង្ហាញថា រយៈពេល៣ខែនៃដើមឆ្នាំ២០១៩នះ ជនជាតិចិន ជាប់លេខ១ខាងបង្កបទល្មើសផ្សេងៗ នៅកម្ពុជា។

តាមពិតទៅជនជាតិចិន មិនមែនសុទ្ធតែអាក្រក់ និងគួរឲ្យភ័យខ្លាចនោះឡើយ។ មានអ្នកខ្លះគួរឲ្យគោរព គួរឲ្យរាប់អាន និងសមយកធ្វើជាគំរូ។ សម្រាប់ជនជាតិចិនដែលប្រព្រឹត្តខុស ពួកគេគួរតែមានការខ្មាសអៀន នៅពេលដែលពួកគេប្រព្រឹត្តអំពើអានាចារ ពីព្រោះប្រទេសរបស់ពួកគេ មានឈ្មោះថាជាប្រទេសមហាអំណាច មានការជឿនលឿន និងជាប្រទេសធ្លាប់មានអរិយធម៌រុងរឿង ព្រមទាំងមានអ្នកប្រាជ្ញជាច្រើនពីសម័យបុរាណ ដែលបានបង្កើតទ្រឹស្តីផ្នែកសីលធម៌និងគុណធម៌។ ប្រជាពលរដ្ឋខ្មែរ មិនរើសអើងជាតិសាសន៍ណាឡើយ ប៉ុន្តែក៏មិនស្វាគមន៍ចំពោះជាតិសាសន៍ណា ដែលមានអាកប្បកិរិយាគួរស្អប់ខ្ពើម និងធ្វើខ្លួនមិនគួរឲ្យចូលចិត្តដែរ។

ទោះបីជាយ៉ាងណាក៏ដោយ យើងសង្កេតឃើញថា រដ្ឋាភិបាលកម្ពុជា និងស្ថានទូតចិនប្រចាំកម្ពុជា បានអះអាងពីកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការទប់ស្កាត់បាតុភាពដែលបង្កឡើងដោយជនជាតិចិន។

ពលរដ្ឋខ្មែរខ្លះ ចង់ឲ្យជនជាតិចិន ប្រកាន់ឥរិយាបថដូចជនជាតិជប៉ុន ដែលតែងតែទទួលបាននូវការគោរព សូម្បីតែមានរឿងខ្លះបានកើតឡើង ពួកគេចាត់ទុកជារឿងបុគ្គលតែប៉ុណ្ណោះ។

រដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរដែនដី ត្រូវចាត់វិធានការ និងអនុវត្តច្បាប់ដាច់អហង្ការលើជនជាតិចិន និងជនបរទេសផ្សេងទៀត ដើម្បីឲ្យពួកគេខ្លាចរអា និងបញ្ឈប់ការគិតថា កម្ពុជា ជាទឹកដីដែលពួកគេស្រួលប្រព្រឹត្តអំពើតាមទំនើងចិត្ត។

តាមពិតទៅ ពលរដ្ឋពិតជាធុញទ្រាន់ខ្លាំងណាស់ នៅពេលដែលឃើញជនបរទេស ជាពិសេសជនជាតិចិនមួយចំនួន ហាក់ដូចជាបានចិត្ត និងដំឡើងឫករបស់ខ្លួន ដោយមិនខ្លាចរអាច្បាប់កម្ពុជា។

នេះជាវិញ្ញាសាថ្មីបន្ថែមទៀតសម្រាប់រដ្ឋាភិបាល ក្នុងការបង្ក្រាបជនបរទេសអនាធិបតេយ្យ ដើម្បីបង្កើនជំនឿចិត្តសម្រាប់ពលរដ្ឋ៕

Tag:
 ចិន
  បទល្មើស
© រក្សាសិទ្ធិដោយ thmeythmey.com