អតីត​អ្នក​ឡើងត្នោត សំ សារឿន​៖«​ដើមត្នោត ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​បរទេស​និង​បាន​ជិះ​យន្តហោះ​»
ជាតិ
២៥ខេត្ត/រាជធានី
អតីត​អ្នក​ឡើងត្នោត សំ សារឿន​៖«​ដើមត្នោត ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​បរទេស​និង​បាន​ជិះ​យន្តហោះ​»
14, May 2019 , 2:07 pm        
រូបភាព
ភ្នំពេញ​៖ «​ដើមត្នោត ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​បរទេស​! ដើមត្នោត ធ្វើ​ឲ្យ​ខ្ញុំ​បាន​ជិះ​យន្តហោះ​!» នេះ​ជាស​ម្តី​របស់​អតីត​អ្នក​ឡើងត្នោត​លោក សំ សារឿន នៅក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ​។ បច្ចុប្បន្ន លោក សំ សារឿន ជា​ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ ដែល​ជំរុញ​កសិករ​ផលិត​ស្ករត្នោត ដើម្បី​ផ្គត់ផ្គង់​នៅក្នុង​ស្រុក​និង​នាំ​ចេញទៅ​ក្រៅប្រទេស​។ បើតាម​លោក សារឿន ដើមត្នោត​បានផ្ដល់​អនុ​ស្សាវ​រី​យ​ដល់​លោក​យ៉ាងច្រើន​និង​ធ្វើ​ឲ្យ​លោក​មានកេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មកដល់​សព្វថ្ងៃ​។​


សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​ខ្លី​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey.com ជាមួយ​លោក សំ សារឿន ប្រធាន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ​ដូចតទៅ​៖



មិនមែនជា​រឿង​ចៃដន្យ​ទេ ដែល​លោក​សារឿន បាន​ស្គាល់​បរទេស​។ លោក សំ សារឿន ដែលជា​អតីត​អ្នក​ឡើងត្នោត រស់នៅ​ភូមិ​តា​សាល ឃុំ​ជើង​រាស់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ហាក់​មានសំណាង​បាន​ស្គាល់​ប្រទេស​ជាច្រើន តាមរយៈ​ការងារ​ទាក់ទង​នឹង​ការលើកកម្ពស់​ស្ករត្នោត​។ មាន​វ័យ ៦១​ឆ្នាំ លោក សារឿន បានធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ជាច្រើន ដែល​ភាគច្រើន​នៅតាម​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​និង​នៅ​អាស៊ី ក្នុងការ​ផ្សព្វផ្សាយ​អំពី​ស្ករត្នោត​កំពង់ស្ពឺ និង​ការស្នើសុំ​ការកំណត់​ផលិតផល​សម្គាល​ភូមិសាស្ត្រ​ជាដើម​។​



ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក សារឿន បាន​រៀបរាប់​អនុស្សាវរីយ​ជាមួយ​ដើមត្នោត​ថា​៖ «​អនុស្សាវរីយ៍​ខ្ញុំ​ជាមួយ​ដើមត្នោត គឺ​ប្រវត្តិ​ដែល​ខ្ញុំ​ឡើងត្នោត​។ ដើមត្នោត បានផ្ដល់​ជីវិត​ឲ្យ​ប្រជាកសិករ ផ្ដល់​កម្រៃ និង​ដើមទុន​ជាច្រើន​។ ដើមត្នោត​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​នូវ​បណ្ដា​ប្រទេស​នានា​។ ដើមត្នោត ធ្វើ​ឲ្យ​ខ្ញុំ​បាន​ជិះ​យន្តហោះ​។ ទាំងនេះ ជា​អនុស្សាវរីយ​ខ្ញុំ​ជាមួយ​ដើមត្នោត​»​។​



​បន្ទាប់ពី​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ បាន​បង្កើត​នៅ​ឆ្នាំ​២០០៨​មក លោក សារឿន ត្រូវបាន​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​ក្លាយជា​ប្រធាន​សមាគម​។ ក្រោយ​ជាប់​ឈ្មោះ​ជា​ប្រធាន​សមាគម លោក សារឿន ក៏​បោះបង់​អាជីព​ជា​អ្នក​ឡើងត្នោត ដែល​ធ្វើការ​នៅលើ​ចុង​ត្នោត មកជា​អ្នកជំរុញ និង​រក​ទីផ្សារ​ឲ្យ​អ្នក​ឡើងត្នោត​វិញ​។ ដោយមាន​បទពិសោធ ២០​ឆ្នាំ​ជា​អ្នក​ឡើងត្នោត និង ១០​ឆ្នាំ​ទៀត ដែល​លោក សំ សារឿន កំពុង​ទទួលបន្ទុក​ជា​ប្រធាន​សមាគម​ស្ករត្នោត​កំពង់ស្ពឺ គឺ​លោក​បាន​ជួយ​ដល់​សមាគម និង​កសិករ​ដែលជា​អ្នក​ឡើងត្នោត​ឲ្យ​មាន​ជីវភាព​ធូរធារ តាមរយៈ​ការផលិត​ស្ករត្នោត​កំពង់​ស្ពី​។​


 
អត្ថបទទាក់ទង


នាពេល​ថ្មីៗ​នេះ ស្ករត្នោត​កំពង់ស្ពឺ បានទទួល​ជោគជ័យ​ក្នុងការ​ចុះបញ្ជី​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) ដែល​ទទួលបាន​ការការពា​រ​ពី​សហភាព​អឺរ៉ុប កាលពី​ថ្ងៃទី ៣ ខែ មេសា ឆ្នាំ ២០១៩​។ សូមបញ្ជាក់ថា បច្ចុប្បន្ន​សមាគម​លើកកម្ពស់​ស្ករត្នោត​កំពង់ស្ពឺ មាន​អ្នក​ឡើងត្នោត​ចំនួន ១៦៨​នាក់ និង​មាន​ក្រុមហ៊ុន​ចំនួន ១០​ក្រុមហ៊ុន បាន​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​សមាគម​ក្នុង​ការទិញ​ស្ករត្នោត​កំពង់ស្ពឺ​៕




Tag:
 ដើមត្នោត​
  ស្ករត្នោត​
  បរទេស​
  យន្តហោះ​
© រក្សាសិទ្ធិដោយ thmeythmey.com