អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
របបលោក ម៉ាឌុយរ៉ូ ក្ដៅក្រហាយ ក្រោយក្រុមប្រឆាំងស្នើសុំជួបមេបញ្ជាការយោធាអាមេរិក
14, May 2019 , 2:17 pm        
រូបភាព
អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា Delcy Rodriguez ។ រូបភាព AFP
អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា Delcy Rodriguez ។ រូបភាព AFP
រដ្ឋាភិបាលវ៉េណេស៊ុយអេឡា នៅថ្ងៃទី១៣ ខែឧសភា បានថ្កោលទោសក្រុមប្រឆាំងដែលបានស្នើសុំជំនួយពីយោធាអាមេរិកដោយចំហ។ ទីក្រុងការ៉ាកាស ចាត់ទុកការប៉ុនប៉ងរបស់ក្រុមប្រឆាំងជារឿងគួរឲ្យស្អប់ខ្ពើម ព្រោះចង់ឲ្យមានអន្តរាគមន៍របស់យោធាបរទេសដើម្បីផ្ដួលរំលំរបបដឹកនាំរបស់ប្រធានាធិបតី នីកូឡាស់ ម៉ាឌុយរ៉ូ ។ តាមមន្រ្តីជាន់ខ្ពស់ក្រុមប្រឆាំង ជំនួបជាមួយយោធាអាមេរិក អាចនឹងកើតឡើងឆាប់ៗនេះ។



សំបុត្រមួយច្បាប់របស់ក្រុមប្រឆាំងវ៉េណេស៊ុយអេឡាផ្ញើទៅកាន់យោធាអាមេរិកទទួលបន្ទុកតំបន់អាមេរិកខាងត្បូង កំពុងធ្វើឲ្យរបបដឹកនាំលោក នីកូឡាស់ ម៉ាឌុយរ៉ូ ខឹងសម្បារយ៉ាងខ្លាំង។ លោក Carlos Vecchio អគ្គរដ្ឋទូតវ៉េណេស៊ុយអេឡាប្រចាំអាមេរិកដែលតែងតាំងដោយលោក ហ័ន ក្វៃដូ បានផ្ញើសំបុត្រមួយច្បាប់ទៅកាន់ឧត្តមនាវី Craig S. Faller មេបញ្ជាការដ្ឋានយោធាតំបន់ខាងត្បូងរបស់កងទ័ពអាមេរិកដែលស្នើសុំជំនួបរវាងយោធាអាមេរិកជាមួយតំណាងលោក ក្វៃដូ ។

សំបុត្រដែលលោក Vechhio បង្ហោះលើ Twitter នៅថ្ងៃទី១៣ ខែឧសភា សរសេរថា ចលនាប្រឆាំងវ៉េណេស៊ុយអេឡា ស្វាគមន៍ការរៀបចំផែនការយុទ្ធសាស្រ្តសំដៅបំពេញតាមកាត្វកិច្ចដើម្បីការពារប្រជាជន។ អត្ថន័យសំបុត្រដដែលដែលផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP បន្តថា ជំនួបរវាងតំណាងលោក ក្វៃដូ និងយោធាអាមេរិក មានគោលដៅពិភាក្សាពីការពង្រឹងទំនាក់ទំនងជិតស្និទ្ធដើម្បីកាត់បន្ថយការឈឺចាប់របស់ប្រជាជនវ៉េណេស៊ុយអេឡា និងស្ដារប្រជាធិបតេយ្យឡើងវិញ។

ចំណែកការិយាល័យលោកអគ្គរដ្ឋទូតរបស់ក្រុមប្រឆាំងដដែលនេះ ថែមទាំងនិយាយដែរថា ជំនួបនេះនឹងកើតមាននៅប៉ុន្មានថ្ងៃខាងមុខនេះ។ យ៉ាងណាមិញ លិខិតខាងលើនោះ មិនបានស្នើចំៗឲ្យមានសកម្មភាពយោធាឡើយ។

ឆ្លើយតបនឹងសកម្មភាពរបស់ក្រុមប្រឆាំង អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា Delcy Rodriguez ពន្លះលោក Vecchio និងចោទថា ព្យាយាមបញ្ចុះបញ្ចូលឲ្យអាមេរិកធ្វើប្រតិបត្តិការយោធាក្នុងប្រទេស។ លោកស្រី Rodriguez បញ្ជាក់ថា វ៉េណេស៊ុយអេឡា បដិសេធសំបុត្រដែលគួរឲ្យរអើមដែលក្នុងនោះមេដឹកនាំរដ្ឋប្រហារម្នាក់ដែលកំពុងលាក់ខ្លួននៅវ៉ាស៊ីនតោន ចង់ឃើញអន្តរាគមន៍របស់អាមេរិកនៅវ៉េណេស៊ុយអេឡា។

ការស្នើជួបមេបញ្ជាការជាន់ខ្ពស់យោធាអាមេរិក ជាសកម្មភាពក្លាហានមួយរបស់ក្រុមប្រឆាំង ខណៈការប៉ុនប៉ងផ្ដួលរំលំលោក ម៉ាឌុយរ៉ូ រងបរាជ័យជាបន្តបន្ទាប់។ ទោះជារងសម្ពាធខ្លាំងពីអន្តរជាតិក្ដី លោក ម៉ាឌុយរ៉ូ នៅតែទទួលបានការគាំទ្រពីសំណាក់ក្រុមយោធា ដែលក្លាយជាខ្នងបង្អែកដ៏សំខាន់របស់លោកក្នុងការក្ដាប់អំណាចទល់ការប្រឹងប្រែងរបស់លោក ក្វៃដូ ដែលតាំងខ្លួនជាប្រធានាធិបតីវ៉េណេស៊ុយអេឡាដែរនោះ៕

Tag:
 វ៉េណេស៊ុយអេឡា
  អាមេរិក
  នីកូឡាស់ ម៉ាឌុយរ៉ូ
  ហ័ន ក្វៃដូ
© រក្សាសិទ្ធិដោយ thmeythmey.com