អន្តរជាតិ
ថៃ​ស្រូប​ភ្ញៀវទេសចរ​ឥណ្ឌា​កាន់តែច្រើន ក្រោយ​លើកលែង​ទិដ្ឋាការ
14, May 2019 , 3:34 pm        
រូបភាព
​ដោយ​៖ យ៉​ន សុខន​
 
​កំណើន​អ្នកទេសចរ​ឥណ្ឌា​មកកាន់​ប្រទេស​ថៃ​កើនឡើង​រហូតដល់ ២៥ ភាគរយ​រាប់​ចាប់ពី​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះ​លុបចោល​ថ្លៃ​ទិដ្ឋាការ​កាលពី​ចុងឆ្នាំ ២០១៨ កន្លងទៅ​។

 
​ក្នុង​គោលដៅ​ទាក់ទាញ​អ្នកទេសចរ រដ្ឋាភិបាល​ថៃ​បាន​លើកលែង​ថ្លៃ​ទិដ្ឋាការ​សម្រាប់​ភ្ញៀវទេសចរ​មកពី​ប្រទេស​ចំនួន ២១ ក្នុងនោះ​ក៏មាន​ប្រទេស​ឥណ្ឌា​ផងដែរ​។ ការលើកលែង​ទិដ្ឋាការ​នេះ​ធ្វើឡើង​ចាប់​តាំង ពីថ្ងៃ ទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហើយ​វា​នឹង​បន្ត​សុពលភាព​រហូតដល់​ខែតុលា​ឆ្នាំ​២០១៩ ខាងមុខនេះ​។  
 
​យោង​តាមសារព័ត៌មាន​ថៃ Bangkok Post ការលើកលែង​ទិដ្ឋាការ​ដែលមាន​តម្លៃ​២,០០០​បាត ក្នុង​ភ្ញៀវ​បរទេស​ម្នាក់ បាន​ជំរុញ​ឲ្យ​មាន​កំណើន​យ៉ាងខ្លាំង​នូវ​ភ្ញៀវទេសចរ​ឥណ្ឌា​។ ការមកដល់​នៃ​ភ្ញៀវទេសចរ​ឥណ្ឌា​នៅ​ត្រីមាស​ទីមួយ​ឆ្នាំ ២០១៩ នេះ មានការ​កើនឡើង​២៥% ពោល​គឺមាន​ចំនួន​ភ្ញៀវទេសចរ​ឥណ្ឌា​សរុប ៤៥០,០០០​នាក់ ។​
 
​យ៉ាងណាមិញ ការលុបចោល​ថ្លៃ​ទិដ្ឋាការ​ចំពោះ​ភ្ញៀវទេសចរ​បរទេស​នេះ ទទួលបាន​ការចាប់អារម្មណ៍​តិចតួច​ប៉ុណ្ណោះ​ពី​សំណាក់​ភ្ញៀវទេសចរ​ចិន ហើយ​គេ​សង្កេតឃើញថា អ្នកទេសចរ​ពី​ប្រទេសមួយ​នេះ​នៅតែ​បន្ត​ធ្លាក់ចុះ​។​
 
​ការមកដល់​នៃ​ភ្ញៀវទេសចរ​ចិន​នៅក្នុង​ត្រីមាស​ដំបូង​នៃ ឆ្នាំ​២០១៩ មាន​ចំនួន​៣,១​លាន​នាក់ ដែល​តួលេខ​នេះ​មានការ​ធ្លាក់ចុះ​២.១%  បើ​ធៀប​ទៅនឹង​ត្រីមាស​ដូចគ្នា​កាលពី​ឆ្នាំមុន​។ 
 
​គួរបញ្ជាក់​ផងដែរ​ថា កាលពី​ឆ្នាំមុន​ប្រទេស​ថៃ​បានទទួល​ភ្ញៀវទេសចរ​ឥណ្ឌា​សរុប​ចំនួន ១,៥៩៦,៧៧២​នាក់ និង​បានទទួល​ចំណូល​តាមរយៈ​ទិដ្ឋាការ​ចំនួន​៦៦​ពាន់​លាន​បាត ដែល​តួលេខ​នេះ​មានការ​កើន​ឡើ​ន​១៦% បើ​ធៀប​នឹង​ឆ្នាំ​២០១៧៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com