ONE Championship
កីឡាជាតិ
ជាតិ
ចាន់ រតនា ថា​សម្ភារ​ហ្វឹកហាត់​ភាគច្រើន​នៅ​ក្លិប​ប្រដាល់ «​សិល្បៈ​» ចាស់​អស់​៦០​ភាគរយ​
15, May 2019 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី  
 
​អ្នកលេង​គុន​ចម្រុះ ចាន់ រតនា ដែល​គេ​ស្គាល់​ថា​ជា​ម្ចាស់​ក្លិប​ប្រដាល់ «​សិល្បៈ​» បាន​បង្ហើប​ឲ្យ​ដឹងថា សម្ភារ​ហ្វឹកហាត់​ក្នុង​ក្លិប​របស់ខ្លួន​ចាស់ៗ​អស់​ប្រហែល​៦០​ភាគរយ​ទៅហើយ​។ ក្លិប​របស់ ចាន់ រតនា​ស្ថិត​នៅក្បែរ សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍​ទួលស្លែង ដែល​ទីតាំង​បច្ចុប្បន្ននេះ​នឹង​ផុត​កិច្ចសន្យាជួល​ត្រឹម​ចុងខែ កញ្ញា ឆ្នាំ ២០១៩ ខាងមុខនេះ​។ គិត​ត្រឹម​ពេលនេះ​រហូតដល់​ផុត​កិច្ចសន្យា កីឡាករ និង​គ្រូបង្វឹក​វ័យក្មេង​ស្នាក់នៅ និង​បង្ហាត់​កូនសិស្ស​រយៈពេល ៣ ឆ្នាំ​ហើយ​។

 
​កីឡាករ​វ័យ​៣៣ ឆ្នាំ​បានបញ្ជាក់​បែបនេះ​ថា ៖«​ឧបករណ៍ ឬ សម្ភារ​ហ្វឹកហាត់​នេះ​ខ្ញុំ​ទិញ​ខ្លួនឯង​ភាគច្រើន ហើយ​មួយ​ភាគ​ទៀត​បានមកពី​ការឧបត្ថម្ភ​។ ជាក់ស្ដែង​មិត្ត​ភ័ក្ដិ​នៅ​មី​យ៉ាន់​ម៉ា Phoe Thaw បាន​សហការ​ជាមួយ​ក្លិប​ប្រដាល់ Fight For Good មកជួយ​ឧបត្ថម្ភ​សម្ភារ​ខ្លះ​សម្រាប់​ហ្វឹកហាត់​កាល​ខែ មីនា​។ ប៉ុន្តែ​យើង​មិនបាន​ស្នើសុំ​គេ ប៉ុន្តែ គាត់​ថា​នឹង​ជួយ​បន្តទៀត​តាម​លទ្ធភាព​។ សម្ភារ​ទាំងអស់​ដូចជា តាប​ពី ហ្គ​ង់ បាវ​សាក់ ស្នង​សម្រាប់​ហាត់ ស៊ី​ប​កាន់​ដៃ ស៊ី​ប​សម្រាប់​ទាត់ បាវ​សាច់​ជាដើម​នោះ​កាន់តែ​ចាស់ៗ​ហើយ​។ ខ្ញុំ​គិតថា ៦០% ភាគរយ​គឺ ចាស់ៗ​»​។ 


 
​អ្នកលេង​គុន​ចម្រុះ​ប្រចាំ​នៅ​សង្វៀន ONE Championship បន្តទៀតថា​រង្វង់​ទឹកប្រាក់​ដែល​ទិញ​សម្ភារ​ហ្វឹកហាត់​ខាងលើ​នាពេល​កន្លងមក រួមទាំង​សង្វៀន​ទ្រុង​មួយ​ផង​នោះ​មានតម្លៃ​ចន្លោះ​ពី ២ ទៅ ៣ ម៉ឺន​ដុល្លារ​អាមេរិក​។ យ៉ាងណាក្ដី​ទីតាំង​ខាងលើ​ពិតជា​អំណោយផល​ដល់​កូនសិស្ស​ខ្មែរ និង ជនបរទេស​ដែល​មក​ហាត់​ដើម្បី​សុខភាព​។  បើសិន​ប្ដូរ​ទីតាំង គឺ លំបាក​បន្តិច​ក្នុងការ​រើស​ង្វៀន​ទ្រុង​ដែល​ធំជាងគេ ហើយ ប្រឈម​នឹង​ការបាត់បង់​សិស្ស​ជាក់​ជាមិនខាន​។ បច្ចុប្បន្ននេះ ក្លិប «​សិល្បៈ​» ទទួលបាន​សិស្ស​ហ្វឹកហាត់​ទាំង​ខ្មែរ និង បរទេស​ប្រមាណ ៦០ នាក់ សរុប​ទាំង ៣ វេន​ពោល ព្រឹក ថ្ងៃ និង ល្ងាច​។ 


 
​អ្នកលេង​គុន​ខ្មែរ យុទ្ធ​គុនខម និង គុន​ចម្រុះ​បាន​គូសបញ្ជាក់​ទៀត ៖«​ខ្ញុំ​មិនទាន់​រក​ទីតាំង​ថ្មី​បានទេ ខ្ញុំ​ចង់រក​ទីតាំង​ថ្មី​ប្រហែល​មិនធំ​ជាង​នេះ ហើយ​ចង់​នៅក្នុង​ក្រុង ព្រោះ​ជាពិសេស​ម្ដុំ​ទទួល​ទំពូង​សំបូរ​កូនសិស្ស​បរទេស​។ ទីតាំង​ចាស់​នេះ​មាន​ទំហំ​ប្រហែល​ទទឹង​ជាង ១០ ម៉ែត្រ និង បណ្ដោយ​ជាង ២០ ម៉ែត្រ ដែល​មើលទៅ​ធំ​ទូលាយ​ស្រួល​ដាក់​សម្ភារ​ហ្វឹកហាត់​។ ហើយ​បើ​និយាយ​អំពី​សម្ភារ​មួយចំនួន​ខ្ញុំ​ត្រូវ​ចំណាយលុយ​ទិញ​បន្ថែមទៀត ព្រោះ​កន្លងមក​ក៏​យើង​រៀបចំ និង ទិញ​ខ្លួនឯង​ដែរ​»​។ 


 
​ម្ចាស់​ក្លិប «​សិល្បៈ​» បាន​ក្រាញននាល​ប្រឡូក​ក្នុង​វិស័យ​វ័យ​គុន​ខ្មែរ​តាំងពី​បាត​ដៃទទេ​រហូតដល់​អាច​ទិញ​សម្ភារ​ផ្គត់ផ្គង់​ការហ្វឹកហាត់​ដល់​ក្លិប​។ កូនប្រុស​របស់លោក ចាន់ ប៊ុនធឿន ដែលជា​គ្រូបង្វឹក​គុន​ខ្មែរ និង យុទ្ធ​គុនខម​នោះ​លើកឡើងថា ប្រដាល់ និង គុន​ចម្រុះ​ដែល​ឡើង​វ៉ៃ​នៅ ONE Championship បាន​ជួយ​សម្រួល​ច្រើន​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​រួមទាំង​យក​ថវិកា​ពី​ការឡើង​រេញ​មក​ផ្គត់ផ្គង់​គ្រួសារ និង ទិញ​សម្ភារ​សម្រាប់​កូនសិស្ស​ហ្វឹកហាត់​ផង​។ កីឡាករ​វ័យ ៣៣ ឆ្នាំ​បានរួម​ចំណែក​យ៉ាង​ធំធេង​ក្នុងការ​បណ្ដុះបណ្ដាល​គុន​ខ្មែរ​ដល់​កូនសិស្ស​ខ្មែរ និង ជនបរទេស​។ ជាពិសេស​រូបគេ​ជាតា​រា​លេចធ្លោ​នៅ​សង្វៀន​កម្រិត​ពិភពលោក ONE ដែល​ធ្វើ​ឲ្យ​គេ​នឹកភ្នក​ដល់​កម្ពុជា តាមរយៈ​ការបង្ហាញ​ក្បាច់គុន​របស់ ចាន់ រតនា និង ការ​ឈ្នះ​ពីលើ​កជាប់​គ្នា​ថ្មីៗ​នេះ​៕ 
 

Tag:
 MMA
  ចាន់ រតនា
© រក្សាសិទ្ធិដោយ thmeythmey.com