អន្តរជាតិ
ក្រុង Lucerne នៅ​ស្វី​ស​ទទួលបាន​ទេសចរ​ចិន​យ៉ាងច្រើន​មិនគួរ​ឲ្យ​ជឿ​នា​ខែឧសភា​នេះ​
14, May 2019 , 9:59 pm        
រូបភាព
ដោយ: ធីតា
Lucerne ដែលជា​ក្រុង​តូច​មួយ​នៅ​ប្រទេស​ស្វី​ស ទទួលបាន​នូវ​លំហូរ​ទេសចរ​ជនជាតិ​ដ៏​គួរ​ឲ្យ​កត់សម្គាល់​នា​អំឡុង​ខែឧសភា ឆ្នាំ​២០១៩​នេះ​។ ក្រុមហ៊ុន​សម្អាង​ដ៏​ធំ​មួយ​របស់​អាមេរិក បានរៀបចំ​ដំណើរ​ទេសចរណ៍​រួមមួយ​សម្រាប់​បុគ្គលិក​ផ្នែក​លក់​ជនជាតិ​ចិន​រប​ស់​ខ្លួន ដោយ​ឲ្យ​ពួកគេ​ទៅ​ទស្សនា​ប្រទេស​ស្វី​ស ជាពិសេស​ក្រុង Lucerne ដែលមាន​សរុប​ដល់​ទៅ​ប្រមាណ​១២០០០​នាក់​។​

 
​យោងតាម​ការផ្សាយ​រប​ស់ RTS Info ភ្ញៀវទេសចរ​ចិន​ដំបូង​ប្រមាណ​៤០០០​នាក់ បាន​ទៅដល់​ក្រុង Lucerne ក្នុងចំណោម​កញ្ចប់​ទស្ស​នា​សរុប​១២០០០​នាក់​នៅ​ខែឧសភា​នេះ​។ នៅ Lucerne ពួកគេ​អាច​ទស្សនា​ទីតាំង​សំខាន់​ជាច្រើន រួមទាំង​ការ​ជិះទូក ការដើរ​ទិញ​ឥ​វ៉ាន់​នៅ​ផ្សារ​ទំនើប និង​ការ​ភ្លក្ស​រសជាតិ​ម្ហូបអាហារ​ផ្សេងៗ​។​


 
​លោកស្រី Franziska Bitzi មន្ត្រី​ទទួលបន្ទុក​ទេសចរណ៍​ប្រចាំ​ក្រុង Lucerne បាន​បញ្ជាក់ថា តំបូង​ឡើយ ក្រុមហ៊ុន​បានបញ្ជាក់​តែ​ចំនួន​៣០០០​នាក់​ប៉ុណ្ណោះ ប៉ុន្តែ​តួលេខ​ជាក់ស្តែង កើន​ដល់​ទៅ​១២០០០​នាក់​។ ករណីនេះ នាំ​ឲ្យ​អាជ្ញាធរ​ក្រុង ត្រូវ​រៀបចំ​បង្គន់​អនាម័យ​បន្ថែម សម្រួល​សញ្ញា​ចរាចរណ៍ និង​សេវា​ដឹកជញ្ជូន​ផ្សេងទៀត​។​


 
​ជាមួយគ្នា អាជ្ញាធរ​រំពឹងថា ក្រុម​ទេសចរ​ទាំងនេះ នឹង​បន្ត​ផ្សព្វផ្សាយ​ដល់​ជន​ជាតិចិន​ផ្សេងទៀត ខណៈ​បច្ចុប្បន្ន Lucerne ទទួលបាន​ភ្ញៀវទេសចរ ៩,៤​លាន​នាក់​ជា​រៀងរាល់ឆ្នាំ ដោយ​ភាគច្រើន​ទៅ​ពី​តំបន់​អាស៊ី និង​អាមេរិក​។​


 
​ជាមួយនឹង​ចំនួន​ដ៏​ច្រើន​សន្ធឹកសន្ធាប់​នេះ រថយន្ត​ដឹក​អ្នកដំណើរ​ត្រូវ​បន្ថែម​ដល់​ទៅជិត​១០០​គ្រឿង ហើយ​ជើងយន្តហោះ​ពី​ចិន មាន​ដល់​៤០​លើក​។ ក្រុម​នេះ ចំណាយ​ជា​មធ្យម​ប្រមាណ​ជាង​៤​លាន​ដុល្លារ​អាមេរិក​៕



Tag:
 ទេសចរណ៍​
  ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com