ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី ស្នើ​ឲ្យ UN ស៊ើប​ពី​មូលដ្ឋាន​សឹក​ចិន​នៅ​កម្ពុជា
15, May 2019 , 11:16 am        
រូបភាព
លោក សុខ ឥសាន (ស្តាំ) ធុញទ្រាន់​នឹងការលើកឡើង​របស់ លោក សម រង្ស៊ី ទាក់ទងនឹងមូលដ្ឋានទ័ពចិននៅកម្ពុជា
លោក សុខ ឥសាន (ស្តាំ) ធុញទ្រាន់​នឹងការលើកឡើង​របស់ លោក សម រង្ស៊ី ទាក់ទងនឹងមូលដ្ឋានទ័ពចិននៅកម្ពុជា
ដោយ: ថ្មីៗ
​ទោះ​រដ្ឋាភិបាល បំភ្លឺ​រួចហើយ​ថា គ្មាន​ការសាងសង់​មូលដ្ឋាន​កងទ័ព​ចិន នៅលើ​ទឹកដី​កម្ពុជា លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង នៅតែ​អះអាងថា​មាន​។ លោក ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ (UN) រៀបចំ​គណៈកម្មការ​អន្តរជាតិ​មួយ ដើម្បី​ស៊ើបអង្កេត​រឿងនេះ​។


 
​តាមរយៈ​សារ​ទំព័រ​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩ មេដឹកនាំ​ក្រុមប្រឆាំង​ដែល​កំពុង​និរទេស​រូបនេះ បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា «​ការសាងសង់​មូលដ្ឋាន​សឹក​របស់​ប្រទេសក្រៅ​ណាមួយ លើ​ទឹកដី​ប្រទេស​កម្ពុជា គឺជា​ការរំលោភ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​ជាការ​គំរាម​ដល់​សន្តិភាព និង​សន្តិសុខ ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍​ទាំងមូល​»​។​
 
​លោក សុខ ឥសាន ធុញទ្រាន់​នឹង​សម្តី​របស់លោក សម រង្ស៊ី ដោយ​លោក មិន​ចង់​ឆ្លើយតប​ឡើយ​។ លោក និយាយ​ជាមួយ​សារព័ត៌មាន​ថ្មីៗ បែបនេះ​ថា «​យើង មិនចាំបាច់​ចាប់អារម្មណ៍​នឹង​គាត់​ទេ​។ គេ​បដិសេធ​គាត់​ចោល​ហើយ​»​។ 
 
​យ៉ាងណា អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ នៅតែ​បកស្រាយ​ថា រដ្ឋធម្មនុញ្ញ​កម្ពុជា ពុំ​អនុញ្ញាត​ឲ្យ​បរ​ទេសណា មក​សាងសង់​មូលដ្ឋានទ័ព​នៅ​កម្ពុជា​ឡើយ​។ លោក បន្តថា ការចោទប្រកាន់​របស់​ជនណាម្នាក់ ឬ​បរទេស​ណាមួយ មិនមែនជា​រឿង​សំខាន់​ទេ សំខាន់​រដ្ឋាភិបាល​កម្ពុ​ជា គោរព​ត្រឹមត្រូវ​តាម​រដ្ឋធម្មនុញ្ញ​។ 
 
​កម្ពុជា បាន​រង​ការចោទប្រកាន់​ជាថ្មី​ថា អនុញ្ញាត​ឲ្យ​ចិន បង្កើត​មូលដ្ឋានទ័ព​នៅ​ខេត្តកោះកុង​។ សារព័ត៌មាន​បរទេស​មួយ​ឈ្មោះ War On The Rocks បាន​ចុះផ្សាយ​ពី​រឿងនេះ​។ 
 
​លោក ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ហៅ​ការផ្សាយ​ព័ត៌មាន​នេះ​ថា ជា​ចេតនា​ចង់​មួលបង្កាច់​មកលើ​រដ្ឋាភិបាល​កម្ពុជា​។ លោក សរសេរលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក យ៉ាង​ដូច្នេះ​ថា «​ការផ្សព្វផ្សាយ​លាប​ពណ៌​យ៉ាង​គឃ្លើន​របស់​គេហទំព័​រ​នោះ គឺជា​ចេតនា​នយោបាយ​ទុច្ចរិត​ធ្វើ​ឲ្យ​ពិភពលោក​មានការ​ភាន់ច្រឡំ​ចំពោះ​ប្រទេស​កម្ពុជា ព្រមទាំង​ប៉ុនប៉ង​រំខាន​ដល់​ការអភិវឌ្ឍ​របស់​ប្រទេស ក្នុង​កិច្ចសហការ​ពី​វិនិយោគិន​បរទេស និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ភ្ញៀវទេសចរ ដែល​នឹង​មកកាន់​ប្រទេស​កម្ពុជា​កាន់តែច្រើន​នាពេលខាងមុខ​»​។​
 
​កាលពី​ប៉ុន្មាន​ខែ​មុន រដ្ឋាភិបាល​កម្ពុជា បាន​រង​ការចោទប្រកាន់​ម្តង​រួចមកហើយ ថាបើ​កដៃ​ឲ្យ​ចិន បង្កើត​មូលដ្ឋានទ័ព​នៅ​ខេត្ត​ព្រះសីហនុ​។ កាលនោះ រដ្ឋាភិបាល​កម្ពុជា បាន​ច្រានចោល​ដូចគ្នា​៕ 
 

Tag:
 សម រង្ស៊ី​
  មូលដ្ឋានទ័ព​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com