ភ្នំពេញ៖ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលជំរុញឲ្យមេដឹកនាំមកពីបណ្ដាប្រទេស៤៧ ដែលចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅប្រទេសចិន នាំគ្នាលើកកម្ពស់សីលធម៌ និងអភិសមាចារ (មារយាទដ៏ល្អក្រៃលែង ឬជ្រះថ្លា) សង្គម ដើម្បីការពារសេចក្តីថ្លៃថ្នូររបស់ប្រជាជាតិក្នុងតំបន់ និងសកលលោក។
ខណៈដែលសាកលលោកកំពុងរីកចម្រើនផ្នែកវិទ្យាសាស្ត្រនោះ បែរជាផ្នែកក្រមសីលធម៌ និងគុណធម៌សង្គមធ្លាក់ចុះទៅវិញ ។ បញ្ហាធ្លាក់ចុះសីលធម៌ និងគុណធម៌នេះ វាអាចជះផលអាក្រក់ដល់សេចក្តីថ្លៃថ្នូរនៃប្រជាជាតិតំបន់អាស៊ីទាំងមូល ។ នេះគឺជាព្រះរាជឱង្ការបស់សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ។
នៅចំពោះមុខថ្នាក់ដឹកនាំកំពូលៗពីបណ្ដាប្រទេសនានា ព្រះករុណា ព្រះមហាក្សត្រកម្ពុជា បានបង្ហាញទឹកព្រះទ័យព្រួយបារម្ភពីបញ្ហាខាងលើនេះ ដោយទ្រង់ស្នើឲ្យបណ្ដាមេដឹកនាំទាំងអស់ នាំគ្នាចូលរួមដោះស្រាយ និងលើកកម្ពស់ផ្នែកសីលធម៌ និងគុណធម៌ទាំងនៅក្នុងតំបន់អាស៊ី និងមនុស្សជាតិទាំងមូល។
ក្នុងព្រះរាជសន្ទរកថានាវេទិកាអរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៥ ឧសភានេះ សម្ដេចព្រះ នរោត្តម សីហមុនី មានព្រះរាជបន្ទូលដូច្នេះថា៖«បច្ចុប្បន្ននេះសាកលលោកយើង កំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរីកចម្រើននិងជឿនលឿន ដោយមានជំនាញខាងវិទ្យាសាស្ត្រ និងសម្ភារៈ ដែលមិនធ្លាប់មានពីមុនមក។ ប៉ុន្តែទន្ទឹមនឹងការរីកចម្រើនខាងលើនេះ សីលធម៌ និងអភិសមាចារ (មារយាទដ៏ល្អក្រៃលែង ឬជ្រះថ្លា) ក្នុងជីវភាពសង្គម ក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ដែរ។ ភាពអន់ថយនៃសីលធម៌ និងគុណធម៌សង្គម នាំឲ្យមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងនិរន្តរភាពនៃវប្បធម៌ និងចីរភាពរបស់សង្គមនិយមទៅអនាគត»។
ដើម្បីដោះស្រាយបញ្ហាធ្លាក់ចុះសីលធម៌ និងគុណធម៌ នៅក្នុងតំបន់នេះ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលជំរុញឲ្យបណ្ដាប្រទេសទាំងអស់ ត្រូវមានភាពស្មោះត្រង់ និងចូលរួមដោះស្រាយបញ្ហារួមគ្នា។ ជាពិសេសពង្រឹងការជឿទុកចិត្ត និងសហការរួមគ្នា លើកិច្ចការអភិវឌ្ឍនៅតំបន់អាស៊ីនេះ។
«នៅក្នុងបរិបទនេះ កិច្ចការសំខាន់ចំពោះមុខ នឹងត្រូវពង្រឹងស្មារតីទទួលខុសត្រូវ ចំពោះអនាគតរបស់អាស៊ី និងមនុស្សជាតិ តាមរយៈការយល់ចិត្តគ្នាទៅវិញទៅមក។ ស្មោះត្រង់គ្នា និងការស្វែងយល់ពីគ្នាកាន់តែជិតស្និទ្ធ។ ការគាំទ្រខាងស្មារតី និងបង្កលក្ខណៈឲ្យមានការពិភាក្សាផ្លាស់ប្ដូរយោបល់គ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក កាន់តែទូលំទូលាយ ដែលធ្វើឲ្យមានការទុកចិត្តកាន់តែប្រសើរឡើង និងពង្រឹងកិច្ចសហប្រតិបត្តិការដោយស្មោះត្រង់នឹងគ្នា និងឯកភាពក្នុងកិច្ចអភិវឌ្ឍន៍នៅអាស៊ី ឲ្យកាន់តែមានសន្ទុះខ្លាំងក្លា និងប្រកបដោយការបង្កើតថ្មី ប្លែកៗ ដូចបានលើកក្នុងស្មារតីវេទិកាស្រាប់»។ នេះជាព្រះរាជឱង្ការបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ។
ជាមួយគ្នានេះ ព្រះអង្គ ក៏មានព្រះរាជបន្ទូលស្នើឲ្យមេដឹកនាំទាំងអស់ ពង្រឹងតួនាទីរបស់សាសនា ក្នុងការលើកតម្កើងតម្លៃសីលធម៌ និងប្រពៃណីល្អ នៃទំនាក់ទំនងជាប្រវត្តិសាស្ត្រ របស់ប្រជាជាតិនៅអាស៊ី។ ជាពិសេសការថែរក្សាសុខុដុមភាពសង្គម និងសន្តិភាពក្នុងអាស៊ី និងក្នុងសាកលលោកឲ្យកាន់តែរឹងមាំថែមទៀត។
វេទិកាអរិយធម៌អាស៊ីនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនភីង ដែលបានបំផុសគំនិតនេះឡើង កាលពីឆ្នាំ២០១៤។ វេទិកាអរិយធម៌អាស៊ីលើកទី១នេះ គឺរៀបចំឡើងក្នុងគោលបំណងជំរុញឲ្យមានការផ្លាស់ប្តូរ និងសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណី សាសនា និងប្រវត្តិសាស្ត្រដ៏ចំណាស់របស់ប្រទេសនីមួយៗ ក្នុងតំបន់អាស៊ីនេះ។
មានវីដេអូ៖ ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូល នៅចន្លោះនាទី១ម៉ោង៖ ០៣ នាទី
ព្រះករុណា ព្រះមហាក្សត្រ៖ វេទិកាអរិយធម៌អាស៊ី នឹងនាំពន្លឺថ្មី ដល់អ្នកស្រាវជ្រាវនិងជំនាញការផ្នែកវប្បធម៌
តាមរយៈវេទិកាមួយនេះ សម្ដេច នរោត្តម សីហមុនី មានព្រះរាជជំនឿថា នឹងផ្ដល់សារៈប្រយោជន៍បន្ថែមទៀត ដល់អ្នកស្រាវជ្រាវ និងជំនាញការខាងផ្នែកវប្បធម៌ ក្នុងការសិក្សាឈ្វេងយល់ពីអរិយធម៌ និងវប្បធម៌ពីបណ្ដាប្រទេសក្នុងតំបន់ ឲ្យកាន់តែទូលំទូលាយថែមទៀត។
«ខ្ញុំមានជំនឿជឿជាក់ថា ការជួបជុំគ្នារវាងអ្នកជំនាញការ និងអ្នកឯកទេសខាងវិស័យវប្បធម៌ សាសនា និងអរិយធម៌…របស់ជាតិនីមួយៗ នៅតាមសកម្មភាពផ្សេងទៀត នៅក្នុងឱកាសដ៏ពិសេសនេះ នឹងនាំមកពន្លឺថ្មី និងបទពិសោធន៍ថ្មីៗ សម្រាប់អ្នកសិក្សាស្រាវជ្រាវសម័យបច្ចុប្បន្ន និងប្រជាជនទូទៅបានយល់ដឹងកាន់តែជ្រាលជ្រៅថែមទៀត អំពីទំនាក់ទំនងដ៏ល្អរវាងប្រទេសដែលមាននៅក្នុងតំបន់អាស៊ី និងទំនាក់ទំនងអន្តរទ្វីប»។ នេះជាព្រះរាជឱង្ការបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា។
បើតាមព្រះរាជបន្ទូលរបស់សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ទំនាក់ទំនងវប្បធម៌ សាសនា និងការធ្វើពាណិជ្ជកម្ម គឺជាកត្តាលីករ ដែលជំរុញឲ្យប្រទេសទាំងឡាយនៅអាស៊ី មានការអភវឌ្ឍរីកចម្រើន និងលូតលាស់យ៉ាងខ្លាំងក្លា ក្នុងរយៈពេលកន្លងមក។
ព្រះករុណា ព្រះមហាក្សត្រ៖ កម្ពុជា ធ្លាប់ជាទីជំនួបរវាងធម្មទូតឥណ្ឌា និងអ្នកការទូត និងពាណិជ្ជករចិន
«កម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសទាំងឡាយ នៅអាស៊ី ដែលបានទទួលពន្លឺព្រះពុទ្ធសាសនា និងហិណ្ឌូសាសនា តាំងពីអាណាចក្រសម័យដំបូង នៃប្រវត្តិសាស្ត្ររបស់ខ្លួន។ ហើយធ្លាប់បានដើរតួរជាទីជំនួបរវាងធម្មទូតឥណ្ឌា និងអ្នកការទូត និងពាណិជ្ជករចិន អស់រយៈពេលច្រើនសតវត្ស»។ នេះជាព្រះរាជឱង្ការបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបានព្រះអង្គពីប្រវត្តិសាស្ត្រកម្ពុជា នៅចំពោះមុខបណ្ដាប្រទេសមេដឹកនាំ នៅក្នុងវេទិកាអរិយធម៌អាស៊ីលើកទី១។
ព្រះអង្គ មានព្រះរាជបន្ទូលបន្ថែមថា តាមរយៈទំនាក់ទំនងទាំងនេះហើយ ដែលជាវិភាគទានដ៏ធំមួយ ក្នុងការរីកចម្រើនយ៉ាងសម្បើមដល់វប្បធម៌ខ្មែរ រហូតដល់បង្កើតបានអរិយធម៌អង្គរដល់ល្បីល្បាញ អស្ចារ្យនៅលើលោក។
ប្រជាជាតិទាំងឡាយ នៅក្នុងតំបន់អាស៊ី សុទ្ធតែមានវប្បធម៌ជាអត្តសញ្ញាណជាតិដោយឡែករបស់ខ្លួន ហើយមានប្រជាជាតិមួយចំនួន បានកសាងអរិយធម៌ចំណាស់ជាច្រើនសតវត្សមកនេះ។ ពិតមែនតែវប្បធម៌ សាសនា និងអរិយធម៌របស់បណ្ដាប្រទេសក្នុងតំបន់អាស៊ីខុសគ្នា ប៉ុន្តែក៏គង់មានលក្ខណៈស្រដៀងគ្នា ដែលអាចសម្គាល់ពីអរិយធម៌របស់ប្រទេស និងប្រជាជាតិរស់នៅដោយការយោគយល់គ្នា នៅក្នុងតំបន់អាស៊ី និងមហាទ្វីប ដែលសម្បូរទៅដោយគតិបណ្ឌិត និងអ្នកបង្កើតសាសនាធំៗចម្បង។ នេះជាព្រះរាជបន្ទូលរបស់ព្រះករុណា ព្រះមហាក្សត្រកម្ពុជា៕