អន្តរជាតិ
អភិបាលរងរដ្ឋអាមេរិកម្នាក់ ស្វាគមន៍លោក ត្រាំ ដោយពាក់ស្រោមជើងរំលេចមុខលោក
× ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីលោកបានទៅដល់ទីក្រុងLake Charles ភាគខាងត្បូងរដ្ឋ Louisiana។ គ្រាន់តែចុះពីលើយន្តហោះ Air Force One របស់លោកភ្លាម មេដឹកនាំរូបនេះ ត្រូវបានស្វាគមន៍ដោយអភិបាលរងរដ្ឋ Louisiana លោក Billy Nungesser ។ អ្នកនយោបាយរូបនេះ បានពាក់ស្រោមជើងដែលមានរំលេចមុខរបស់លោកត្រាំ អមនឹងម៉ូដសក់ពណ៌លឿងផងដែរ។
តាមរយៈរូបភាពដែលបានថតដោយក្រុមការងារទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៤ ឧសភា លោក ដូណាល់ ត្រាំ បានចាប់ដៃលោកអភិបាលរង Nungesser និងចង្អុលទៅកាន់ស្រោមជើងដែលរំលេចមុខលោកនោះ ។
ចំណែកឯ លោក Nungesser ដែលមកពីគណក្សសាធារណរដ្ឋ បានបង្ហាញទឹកមុខរីករាយ ក្រោយពីឃើញទង្វើរបស់លោកត្រាំបែបនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកនៅជុំវិញខ្លួនលោកត្រាំ ក៏អស់សំណើចចំពោះរឿងនេះផងដែរ។
សូមបញ្ជាក់ថា ការធ្វើដំណើររបស់លោក ដូណាល់ ត្រាំ ទៅកាន់រដ្ឋ Louisiana គឺដើម្បីបើកកិច្ចប្រជុំមួយនៅរោងចក្រនាំចេញឧស្ម័នធម្មជាតិមួយកន្លែង ក្នុងគោលដៅពិភាក្សាពីហេដ្ឋារចនាសម្ព័ន្ធថាមពល និងពង្រីកការនាំចេញថាមពលរបស់អាមេរិក។
ស្រោមជើងដែលមានរំលេចមុខលោកត្រាំ ក៏មានដាក់លក់ផងដែរនៅលើវេបសាយ Amazon.com ជាមួយតម្លៃ ៣០ដុល្លារ និងខណៈពេលនេះ បញ្ចុះតម្លៃមកត្រឹម២៧,៤៩ដុល្លារ៕
Tag:
សហរដ្ឋអាមេរិក
ដូណាល់ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com