អន្តរជាតិ
ប្រធានាធិបតី​វៀតណាម លេចមុខ​ក្នុង​កាសែត​រដ្ឋ ក្រោយ​ធ្លាយ​ដំណឹង​ថា​ធ្លាក់ខ្លួន​ឈឺ​
15, May 2019 , 9:59 pm        
រូបភាព
ប្រធានាធិបតីវៀតណាម លោក ង្វៀន ភូជុង  (ប្រភពរូប៖​ AFP)
ប្រធានាធិបតីវៀតណាម លោក ង្វៀន ភូជុង (ប្រភពរូប៖​ AFP)
ដោយ:
​ប្រធានាធិបតី​វៀតណាម លោក ង្វៀន ភូ​ជុង បានចេញ​មុខជា​លើកដំបូង​ក្នុង​កាសែត​រដ្ឋ កាលពី​ថ្ងៃ​អង្គារ​ទី​១៤ ខែឧសភា ចាប់តាំងពី​ធ្លាក់ចុះ​ខ្លួន កាលពី​ជាង​មួយខែ​មុន​។ មេដឹកនាំ​រូបនេះ​ហើយ គឺជា​មេគំនិត​ពីក្រោយ​យុទ្ធនា​ការបង្ក្រាប​អំពើពុករលួយ​នៅ​វៀតណាម ដែល​ទទួលបាន​ការចាប់​អារម្មណ៍​ជាខ្លាំង​។

 
​ស្ថិតនៅ​វ័យ ៧៥​ឆ្នាំ លោក ង្វៀន ភូ​ជុង ត្រូវបាន​រាយការណ៍​ថា ធ្លាក់ខ្លួន​ឈឺ​កាលពី​ថ្ងៃទី​១៤ ខែមេសា​កន្លងទៅ ពោលគឺ​អំឡុងពេល​លោក​បានធ្វើ​ទស្សនកិច្ច​ទៅកាន់​តំបន់​ភាគខាងត្បូង​នៃ​ប្រទេស​វៀតណាម​។ ក្រោយមក មេដឹកនាំ​រូបនេះ ត្រូវបាន​គេ​បង្ហើប​ទៀតថា បាន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​យោធា​មួយ​ក្នុង​រដ្ឋធានី ហាណូយ ។ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រភព​ការទូត​ចំនួន​បួន​ទៅកាន់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​
 
​ទោះបីជា​បែបនេះ​ក្តី រូបថត​មួយ​សន្លឹក​ដែល​បាន​ចុះផ្សាយ​ដោយ​កាសែត​រដ្ឋ​វៀតណាម Vietnam News បង្ហាញថា លោក ភូ​ជុង បាន​អង្គុយ​លើ​កៅអី​ក្នុង​ការិយាល័យ​រដ្ឋ​មួយកន្លែង ដោយ​ពាក់អាវ​ពណ៌​ស​។ តាមរយៈ​សំណេរ​ក្នុង​អត្ថបទ លោក កំពុងបើក​កិច្ចប្រជុំ​មួយ​ជាមួយ​មេដឹកនាំ​វៀតណាម​ផ្សេងៗ​ទៀត កាលពី​ថ្ងៃ​អង្គារ​។ 
 
​ទាក់ទិន​នឹង​ដំណឹង​ពី​ស្ថានភាព​សុខភាព​របស់លោក​ភូ​ជុង អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី Le Thi Thu Hang បានបញ្ជាក់​ឲ្យ​ដឹង​កាលពី​ខែ​មុន​ថា សុខភាព​របស់លោក​ប្រធានាធិបតី មាន​បញ្ហា​ដោយសារ ទទួលបន្ទុក​ការងារ​ច្រើនពេក និង​លក្ខខណ្ឌ​ធាតុអាកាស​ផ្លាស់ប្តូរ ។ 
 
​លោក ង្វៀន ភូ​ជុង ទទួលបាន​ការចាប់អារម្មណ៍​ជាខ្លាំង ក្រោយពី​លោក​បាន​ផ្តើម​អនុវត្ត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើពុករលួយ​ក្នុងប្រទេស​ក​ម្មុយ​នី​ស្ត ដែលមាន​បក្ស​តែមួយគត់​។ ក្រោយពី​យុទ្ធនាការ​នេះ​ចាប់ផ្តើម មនុស្ស​ជាច្រើន ត្រូវបាន​ចាប់ខ្លួន ក្នុងនោះ​ក៏មាន​មន្ត្រី​គ្រាក់ៗ​របស់​បក្ស​ក​ម្មុយ​នី​ស្ត​វៀតណាម​ផងដែរ​។​
 
​កាន់តំណែង​ជា​អគ្គលេខាធិការ​បក្ស​ក​ម្មុយ​នី​ស្ត​យូរហើយ លោក ភូ​ជុង ទទួល​តំណែង​ជា​ប្រធានាធិបតី​មួយ​បន្ថែមទៀត កាលពី​ឆ្នាំ​២០១៨ ក្រោយពី​អតីត​ប្រមុខរដ្ឋ ទទួលមរណៈភាព​ដោយសារ​ជំងឺ​។ ជាមួយ​តំណែង​ជា​ប្រមុខរដ្ឋ​ផង និង​មេបក្ស​ផង លោក​បាន​ក្លាយជា​មនុស្ស​មាន​ឥទ្ធិពល​ជាងគេ​ក្នុងប្រទេស​វៀតណាម​។ អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ លោក ភូ​ជុង ក៏បាន​ក្លាយជា​មេដឹកនាំ​វៀតណាម​ដំបូង​គេ​ដែល​កាន់តំណែង​កំពូល​ទាំងពីរ​បែបនេះ ចាប់តាំងពី​មេ​បដិវត្តន៍​វៀតណាម ហូ ជី​មិញ ក្នុង​ទសវត្ស​ន៍​ឆ្នាំ​១៩៦០​មក​៕

Tag:
 វៀតណាម​
  ប្រធានាធិបតី
© រក្សាសិទ្ធិដោយ thmeythmey.com