សម្ដេច ស ខេង​៖ កងកម្លាំង​ទាំងអស់ ត្រូវ​ពង្រឹង​សីលធម៌ និង​មនសិការ ឲ្យ​សម​នឹង​កិ​ត្តិយស​
ជាតិ
សម្ដេច ស ខេង​៖ កងកម្លាំង​ទាំងអស់ ត្រូវ​ពង្រឹង​សីលធម៌ និង​មនសិការ ឲ្យ​សម​នឹង​កិ​ត្តិយស​
16, May 2019 , 8:19 pm        
រូបភាព
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង នាពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃកំណើតនគរបាលជាតិកម្ពុជាលើកទី៧៤
សម្តេចឧបនាយករដ្ឋមន្ត្រី ស ខេង នាពិធីអបអរសាទរខួបអនុស្សាវរីយ៍ នៃកំណើតនគរបាលជាតិកម្ពុជាលើកទី៧៤
​ភ្នំពេញ​៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជំរុញ​ឲ្យ​កងកម្លាំង​នគរបាល​ទាំងអស់ ពង្រឹង​សីលធម៌ និង​មនសិការ​វិជ្ជាជីវៈ​ឲ្យ​បាន​ត្រឹមត្រូវ ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។ សម្តេច ស ខេង លើកឡើង​បែបនេះ នៅក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ នៃ​កំណើត​នគរបាលជាតិ​ក​ម្ពុ​ជា​លើក​ទី​៧៤ នៅ​ថ្ងៃទី​១៦ ឧសភា​។​

 
​ថ្លែង​ចំពោះមុខ​មន្ត្រីនគរបាល​ជាតិ​គ្រប់​លំដាប់ថ្នាក់ សម្ដេច ស ខេង បាន​ជំរុញ​ឲ្យ​កងកម្លាំង​ទាំងអស់ អនុវត្ត​តួនាទី និង​ភារកិច្ច​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព ស្របតាម​ទិសដៅ​រដ្ឋាភិបាល ក្នុង​ការបម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។ តាមរយៈ​ការជំរុញ​ប្រសិទ្ធភាព​ការងារ​បន្ថែម​នេះ ប្រមុខ​ក្រសួងមហាផ្ទៃ ប្រាប់​ឲ្យ​មន្ត្រីនគរបាល ពង្រឹង​ក្រមសីលធម៌ និង​គុណធម៌ រួមទាំង​មនសិការ​វិជ្ជាជីវៈ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​។​


 
​នៅក្នុង​សុន្ទរកថា លើកកម្ពស់​ការងារ និង​ទឹកចិត្ត​កម្លាំង​នោះ សម្ដេច ស ខេង បាន​និយាយ​ដូច្នេះ​ថា​៖«​លើ​មូលដ្ឋាន​នេះ ការកសាង​អភិវឌ្ឍ​ធនធានមនុស្ស និង​ស្ថាប័ន គឺជា​គោលដៅ​អាទិភាព​ដែល​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ តាមរយៈ​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​មុខជំនាញ ឯកទេស និង​ច្បាប់ រយៈពេល​វែង​-​ខ្លី និង​ការ​បំប៉ន​នៅ​ហ្នឹង​កន្លែង​។ ជាពិសេស​បង្កើន​ការអប់រំ ពង្រឹង​សីលធម៌ វិន័យ​កងកម្លាំង​ជាប្រចាំ​ដើម្បី​កសាង​ធនធាន​មន្ត្រី​អនុវត្ត​ច្បាប់ ឲ្យ​មាន​សមត្ថភាព មាន​សីលធម៌ គុណធម៌ និង​មនសិការ វិជ្ជាជីវៈ​ពិតប្រាកដ ស័ក្តិសម​នឹង​កិត្តិយស​របស់​កងកម្លាំង​នគរបាលជាតិ​»​។​
 
​អម​ជាមួយគ្នា​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បានដាក់​ចេញ​ទិសដៅ​ការងារ​៥​ចំណុច សម្រាប់​ឲ្យ​មន្ត្រី​កងកម្លាំង​ទាំងអស់ ចូលរួម​អនុវត្ត​។ ក្នុងនោះ​រួមមាន​ទី​១ ត្រូវ​ពង្រឹង​កងកម្លាំង​នគរបាលជាតិ ដោយ​ត្រូវ​កែទម្រង់​នគរបាលជាតិ អំពី​ក្របខ័ណ្ឌ ឋានន្តរស័ក្តិ តួនាទី មុខងារ និង​ការទទួលខុសត្រូវ នៅតាម​ស្ថាប័ន​-​អង្គភាព​នគរបាល​គ្រប់​ថ្នាក់ ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព​ការងារ ឆ្លើយតប​និង​ស្ថានភាព​ប្រែប្រួល​ស្មុគស្មាញ នៃ​សភាពការណ៍​សន្តិសុខ​ក្នុង​តំបន់ និង​ពិភពលោក​។​


 
​ចំណុច​ទី​២ ក្នុង​កម្លាំង​អនុវត្ត​ច្បាប់​ត្រូវមាន​លក្ខណៈសម្បត្តិ និង​នីតិសម្បទា​គ្រប់គ្រាន់ ទាំង​សមត្ថភាព​ផ្នែក​ច្បាប់ ជំនាញ​បច្ចេកទេស ព្រមទាំង​មាន​មនសិការ​វិជ្ជាជីវៈ បម្រើសេវា​ជូន​ប្រជាពលរដ្ឋ​ដោយ​ភក្តីភាព​។​ទី​៣ គ្រប់​អគ្គនាយកដ្ឋាន នាយកដ្ឋាន​-​អង្គភាព​ជំនាញ និង​គ្រប់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត នៅ​ទូទាំងប្រទេស ត្រូវ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ក្នុងការ​គ្រប់គ្រង​ដឹកនាំ​អង្គភាព និង​កងកម្លាំង​ក្រោម​ឱវាទ ដោយ​ត្រូវ​ពង្រឹង​ការអនុវត្ត​តួនាទី ភារកិច្ច ដែល​បានចែង​ក្នុង​ច្បាប់ និង​លិខិតបទដ្ឋាន​ផ្សេងៗ​។​ទី​៤ ត្រូវ​បន្ត​លើកទឹកចិត្ត និង​បំផុស​ចលនា​ផ្សាភ្ជាប់ រវាង​សមរភូមិ​ក្រោយ ជាមួយ​សមរភូមិ​មុខ តាមរយៈ​ការបន្ត​ពង្រឹង​សម្ព័ន្ធមេត្រីភាព រវាង​អង្គភាព​នានា និង​ចុងក្រោយ គ្រប់​ក្រសួង ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​សហការ​គ្រប់​សកម្មភាព ដើម្បី​រួមគ្នា​ថែរក្សា​ឲ្យ​បាន​នូវ​ស្ថិរភាព សន្តិសុខ និង​សុវត្ថិភាព​សង្គម​។ ទាំងនេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​។​
 
 
​ជុំវិញ​បញ្ហា​សន្តិសុខ​សង្គម​នេះដែរ អគ្គស្នងការ​នគរបាល​ជាតិ បាន​អះអាងថា មន្ត្រីនគរបាល​បាន​អនុវត្ត​ការងារ​ដោយ​ប្រសិទ្ធភាព ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ក្រុម​ឧទ្ទាម ដែលមាន​បំណង​បង្ក​អសន្តិសុខ ហើយ​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​។ លោក នេ​ត សាវឿន បាន​អះអាងថា សមត្ថកិច្ច ក៏បាន​ទប់ស្កាត់ និង​បន្សាប​រាល់​មនោគមវិជ្ជា ទាំង​ក្នុង​និង​ក្រៅប្រទេស ដែលមាន​បំណង​ញុះញង់​ឲ្យ​បំបែកបំបាក់​សាមគ្គី​ជាតិ និង​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រឆាំង​រដ្ឋាភិបាល​ជិតខាង​ទៀតផង​។ សម្រាប់​អគ្គស្នងការ​នគរបាល​រូបនេះ ការរក្សាបាន​សន្តិសុខ​ជាតិ​នេះ គឺជា​ភាពជោគជ័យ​មួយ​របស់​កងកម្លាំង ខណៈ​ភេរវកម្ម​កើតឡើង​នៅលើ​សកលលោក មាន​ចំនួន​១៩៧៩​លើក នៅក្នុង​បណ្ដា​ប្រទេស​៥៤ នៃ​តំបន់​អាស៊ី អឺរ៉ុប និង​មជ្ឈិមបូព៌ា​៕
 

Tag:
 ស ខេង​
  នគរបាល
© រក្សាសិទ្ធិដោយ thmeythmey.com