ទេសចរ​ជាង​៤​ម៉ឺន​នាក់ ទៅ​កម្សាន្ត​នៅ​បាត់ដំបង​និង​មណ្ឌលគិរី ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ
ជាតិ
សង្គមជាតិ
ទេសចរ​ជាង​៤​ម៉ឺន​នាក់ ទៅ​កម្សាន្ត​នៅ​បាត់ដំបង​និង​មណ្ឌលគិរី ក្នុង​ថ្ងៃ​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ
16, May 2019 , 10:19 pm        
រូបភាព
សមុទ្រឈើ
សមុទ្រឈើ
​ខេត្តបាត់ដំបង់​និង​ខេត្តមណ្ឌលគិរី មាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ប្រហែល​គ្នា គឺ​ជាង​២​ម៉ឺន​នាក់​។ ភ្ញៀវទេសចរ​ភាគច្រើន​ចូលចិត្ត​ទៅលេង​តំបន់ភ្នំ​មានទឹក​ធ្លាក់​តាម​ស្ទឹង​តាម​ភ្នំ និង​មើល​ទេសភាព​ព្រៃឈើ​ជាដើម​។ នេះ​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​និង​មណ្ឌលគិរី​ដែល​បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​។

 
​លោក អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ភ្ញៀវទេសចរ ទៅ​ទស្សនា​ខេត្តបាត់ដំបង​រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​១២ ដល់​១៥ ខែឧសភា មាន​ជាង​២​ម៉ឺន​៧​ពាន់​នាក់ គឺ​ការកើនឡើង​១៨.៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៨ ដែលមាន​ប្រមាណ​២​ម៉ឺន​២​ពាន់​នាក់​។​


រូបភាពពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង រមណីយដ្ឋាន ថ្វាក
 
​ក្នុងចំណោម​ភ្ញៀវទេសចរ​ភាគច្រើន​ជា​ជនជាតិខ្មែរ ហើយ​បរទេស​មាន​ត្រឹមតែ​ជិត​២០០​នាក់​។ ភ្ញៀវទេសចរ​ភាគច្រើន ទៅ​ទស្សនា​នៅ​តំបន់​ដែលមាន​ទឹក ដូចជា​រមណីយដ្ឋាន​ថ្វាក ចម្ការ​ស្វាយ ទំនប់ទឹក​សេក​សក ក្នុងស្រុក​រតនមណ្ឌល ទឹកធ្លាក់​ស្រុក​សំឡូត និង​ភ្នំ​បាណន់​ជាដើម​។ 
 
​រីឯ​ខេត្តមណ្ឌលគិរី​វិញ លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍ បាន​បញ្ជាក់ថា មាន​ភ្ញៀវទេសចរ​ប្រមាណ​២​ម៉ឺន​៧​ពាន់​នាក់ បាន​ទៅ​ទស្សនា​នៅ​ខេត្តមណ្ឌលគិរី​ក្នុង​ថ្ងៃ​ឈប់សម្រាក​នៃ​ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​។ ភាគច្រើន​នៃ​ភ្ញៀវទេសចរ​គឺ​ជនជាតិខ្មែរ ដែល​ចូលចិត្ត​កម្សាន្ត​នៅ​តំបន់​ទឹកធ្លាក់​ប៊ូ​ស្រា សមុទ្រ​ឈើ និង​ទេសភាព​ដាក់​ដាំ ជាដើម​៕ 
 

Tag:
 ទេសចរណ៍​
  បាត់ដំបង​
  មណ្ឌលគិរី​
© រក្សាសិទ្ធិដោយ thmeythmey.com