វិសាខបូជា រម្លឹក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និង ចូល​និព្វាន​
ជាតិ
សង្គមជាតិ
វិសាខបូជា រម្លឹក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ ប្រសូត ត្រាស់ដឹង និង ចូល​និព្វាន​
18, May 2019 , 6:29 am        
រូបភាព
រូបទីមួយ ព្រះពុទ្ធប្រសូត រូបទីពីរ ព្រះពុទ្ធ សម្តែងធម៌ក្រោយបានត្រាស់ដឹង និង រូបទីបី ព្រះពុទ្ធ ចូលនិព្វាន
រូបទីមួយ ព្រះពុទ្ធប្រសូត រូបទីពីរ ព្រះពុទ្ធ សម្តែងធម៌ក្រោយបានត្រាស់ដឹង និង រូបទីបី ព្រះពុទ្ធ ចូលនិព្វាន
ដោយ: ថ្មីៗ
​ការ​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា គឺ​ដើម្បី​រម្លឹក​ដល់​ព្រឹត្តិការណ៍​ដ៏​ពិសេស​៣​យ៉ាង ដែល​ទាក់ទង​នឹង​ព្រះ​ស​មា្ម​សម្ពុទ្ធ​។ ព្រឹត្តិការណ៍​ទាំងនោះ គឺ ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​និព្វាន​។—-


ព្រះពុទ្ធ មាន​ព្រះនាម​ដើម​ថា សិទ្ធត្ថ (​អាន​ថា សិត​-​ធ័​ត​) ដែលជា​ព្រះរាជ​បុត្រា​របស់​ព្រះ​នាង សិរិ​មហាមាយា និង​ព្រះបាទ សុទ្ធោទន៍​។ ព្រះអង្គ ត្រូវបាន​គេ​ហៅ​ព្រះនាម​ជាច្រើន​ទៀត ដូចជា ព្រះសម្មាសម្ពុទ្ធ​, ព្រះសមណគោតម​, ព្រះ​ជិនស្រី​, ព្រះ​សក្យមុនី​, ព្រះ​បរមគ្រូ​, និង​ព្រះ​សាស្តា ជាដើម​។
 
​ព្រះអង្គ ទ្រង់​ប្រសូត នៅ​ថ្ងៃ​សុក្រ «​ពេញបូណ៌មី ខែវិសាខ​» មុន​គ្រិស្តសករាជ​៦២៣​ឆ្នាំ​។ នៅពេល​មាន​ព្រះជន្ម​២៩​ព្រះវស្សា ព្រះ​សិទ្ធត្ថ បាន​លួច​យាង​ទៅ​សាង​ផ្នួស​។ ក្រោយពី​ក្លាយខ្លួនជា​អ្នកបួស​អស់​រយៈពេល​៦​ឆ្នាំ ព្រះអង្គ​ក៏បាន​ត្រាស់ដឹង កា្ល​យ​ជា​ព្រះពុទ្ធ នៅ​ថ្ងៃ​ពុធ «​ពេញបូណ៌មី ខែវិសាខ​» នា​វេលា​ទៀបភ្លឺ​។ 
 
​ព្រះ​បរមគ្រូ​នៃ​យើង ទ្រង់​ចូល​បរិនិព្វាន នៅ​ថ្ងៃ​អង្គារ «​ពេញបូណ៌មី ខែវិសាខ​» នៅពេលដែល​ព្រះអង្គ​មាន​ព្រះជន្ម​៨០​ព្រះវស្សា​។ រហូតមកដល់​ពេលនេះ ព្រះ​សក្យមុនី បាន​រលត់​សង្ខារ​អស់​រយៈពេល ២៥៦២​ឆ្នាំ​ហើយ​។   
 
​យើង សង្កេតឃើញថា ព្រះ​សាស្តា ទ្រង់​ប្រសូត ត្រាស់ដឹង និង​បរិនិព្វាន «​ក្នុង​ថ្ងៃ​១៥​កើត ពេញបូណ៌មី ខែវិសាខ​» ដូចគ្នា គឺ​ខុស​តែ​ឆ្នាំ​ប៉ុណ្ណោះ​។ ដូច្នេះ បុណ្យ​វិសាខបូជា គឺ​តំណាង​ឲ្យ «​ថ្ងៃ​ទាំងបី​» នេះ​ឯ​ឯ​។​
 
​វិសាខបូជា គឺជា​បុណ្យ​ដ៏​ធំ​មួយ ក្នុង​ព្រះពុទ្ធសាសនា​។ កាលពី​ឆ្នាំ​១៩៩៩ ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់​បុណ្យ​វិសាខបូជា ជា​បុណ្យ​អន្តរជាតិ​។ 
 
​ចំពោះ​ប្រទេស​កម្ពុជា បុណ្យ​ព្រះពុទ្ធសាសនា ត្រូវបាន​ចាត់ទុកជា​បុណ្យជាតិ​។ សម្រាប់​ឆ្នាំនេះ បុណ្យ​វិសាខបូជា នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៩៕
 

Tag:
 ពុទ្ធសាសនា​
  វិសាខបូជា​
  ធម៌​
© រក្សាសិទ្ធិដោយ thmeythmey.com