អន្តរជាតិ
តៃវ៉ាន់ អនុម័តច្បាប់ដែលអនុញ្ញាតឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់ ប្រភពរូប៖ AFP
× សភាតៃវ៉ាន់ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការរៀបការស្រឡាញ់ភេទដូចគ្នា។ ការសម្រេចបែបនេះ ធ្វើឲ្យកោះតៃវ៉ាន់ក្លាយជាប្រជាជាតិទីមួយក្នុងតំបន់អាស៊ីដែលផ្ដល់សិទ្ធិឲ្យអ្នកស្រឡាញ់ភេទដូចគ្នារៀបការដោយស្របច្បាប់។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័តដោយសំឡេងឆ្នោត ៦៦ ទល់នឹង ២២ ។ ហើយវាគ្រោងដាក់ឲ្យចូលជាធរមាននាថ្ងៃទី២៤ ខែឧសភាខាងមុខ ក្រោយពីលោកស្រីប្រធានាធបតីតៃវ៉ាន់ Tsai Ing-wen ចុះហត្ថលេខាអនុម័តរួច។
តាមពិតទៅ ការបោះឆ្នោតនេះ បានធ្វើឡើងក្រោយពីតុលាការកំពូលតៃវ៉ាន់ កាលពីឆ្នាំ២០១៧ បានចេញសេចក្តីសម្រេចថា ដៃគូអ្នកស្រឡាញ់ភេទដូចគ្នា មានសិទ្ធិក្នុងការរៀបការដោយស្របច្បាប់ តែចាំបាច់ត្រូវធ្វើជាច្បាប់សិន។ ដូច្នេះហើយទើបតុលាការកំពូលតៃវ៉ាន់ បានទុកពេលឲ្យសភា ២ឆ្នាំ ដើម្បីអនុម័តវាឲ្យទៅជាច្បាប់បែបនេះ ។
ក្រោយសេចក្តីព្រាងច្បាប់នេះ ត្រូវបានអនុម័ត ក្រុមអ្នកគាំទ្រសិទ្ធិអ្នកស្រឡាញ់ភេទដូចគ្នារាប់រយនាក់ ដែលបានប្រមូលផ្តុំគ្នានៅក្រៅអគារសភាតៃវ៉ាន់ ក្នុងរដ្ឋធានីតៃប៉ិបានបង្ហាញការពេញចិត្តជាខ្លាំង ហើយអ្នកខ្លះហូរទឹកភ្នែកទៀតផង។
ទន្ទឹមនឹងគ្នានេះ លោកស្រីប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen តាមរយៈបណ្តាញ Twitter បានសាទរចំពោះសេចក្តីសម្រេចនេះ ដោយលើកឡើងថា៖ «នៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០១៩ យើងបានបោះជំហានទៅមុខយ៉ាងធំមួយឆ្ពោះទៅរក ភាពស្មើគ្នាយ៉ាងពិតប្រាកដ»៕
Tag:
តៃវ៉ាន់
ការរៀបការ
អ្នកស្រឡាញ់ភេទដូចគ្នា
© រក្សាសិទ្ធិដោយ thmeythmey.com