កីឡាជាតិ
ជាតិ
ណាហ្គា​វើ​ល​ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ វិសាខា​ជួប U18 បាទី សូល​ទី​ឡូ​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​
18, May 2019 , 10:29 am        
រូបភាព
រូបភាពពី CNCC
រូបភាពពី CNCC
ដោយ:
​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ នៅ​ថ្ងៃ​សៅរ៍ ទី​១៨ ខែឧសភា ឆ្នាំ​២០១៩​នេះ មានការ​ប្រកួត​ចំនួន​៣​គូ ក្នុងនោះ​ណាហ្គា​វើ​ល​បើកទ្វារ​កីឡដ្ឋាន​ស្តា​ត​ចាស់​ទទួល​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ខណៈ​វិសាខា ប៉ះ​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​លើ​ទឹកដី​ខ្លួន ក្រោយ​សូល​ទី​ឡូ​អង្គរ​ស្វាគមន៍​ភ្នំពេញ​ក្រោ​ន​។

 
​ណាហ្គា​វើ​ល ប៉ះ អង្គ​រថា​យ​ហ្គឺ​រ វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​
 
​ក្រោយ​បរាជ័យ ៤-២ ក្រោម​ថ្វី​ជើង​ក្រសួងការពារជាតិ​នា​ជំនួប​សប្តាហ៍​ទី​២ ណាហ្គា​វើ​ល​បាន​ស្តារ​មុខមាត់​ឡើងវិញ​តាមរយៈ​ការយក​ឈ្នះ​៥​ប្រកួត​ជាប់​គ្នា​ជា​បន្តបន្ទាប់​។ ក្រោយ​លត់​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៦-០ នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ណាហ្គា​វើ​ល​បន្ត​យកឈ្នះ​សូល​ទី​ឡូ​អង្គរ ១-0 លើ​ទឹកដី​សៀមរាប​។ បន្ទាប់មក​ក្រុម​នេះ​ទៅ​ស៊ី​គីរីវង់​សុខ​សែន​ជ័យ​ដល់ផ្ទះ​ក្នុង​លទ្ធផល ៣-១ មុន​ឈ្នះ​ភ្នំពេញ​ក្រោ​ន និង​អគ្គិសនី​កម្ពុជា​ក្នុង​លទ្ធផល ៣-0 ដូចគ្នា​ជា​បន្តបន្ទាប់​។ ណាហ្គា​វើ​ល​ដែល​កំពុង​ឈរ​លេខ​២​មាន​១៨​ពិន្ទុ រំពឹង​យកឈ្នះ​អង្គ​រថា​យ​ហ្គឺ​រ​នៅថ្ងៃនេះ ដើម្បី​ឈរ​កំពូល​តារាង​បណ្តោះអាសន្ន​។ 

លោក មាស ចាន់ណា គ្រូបង្វឹកណាហ្គា(អាវលឿង) និងលោក Oriol Mohedano គ្រូបង្វឹកអង្គរថាយហ្គឺរ, រូបភាពពី CNCC

​ប៉ុន្តែ​វា​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​ណាហ្គា​វើ​ល​ក្នុងការ​យកឈ្នះ​នោះទេ ព្រោះ​អង្គ​រថា​យ​ហ្គឺ​រ​ជា​ក្រុម​កំពុង​ឡើង​ជើង​ដែល​មិនទាន់​ស្គាល់​ចាញ់​សម្រាប់​៧​ប្រកួត​កន្លងមកនេះ​។ ក្រោយ​ឈ្នះ​វិសាខា ២-១ លើ​ទឹកដី​ខ្លួន​ក្រោម​ក្រសែភ្នែក​អ្នកទស្សនា​ជាង​៣​ពាន់​នាក់ អង្គ​រថា​យ​ហ្គឺ​រ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ១-១ ជាមួយ​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​នៅលើ​ទឹកដី​ខេត្តស្វាយរៀង​។ នា​ជំនួប​សប្តាហ៍​ទី​៧ ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ បាន​លត់​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៦-១​។ បច្ចុប្បន្ន​អង្គ​រថា​យ​ហ្គឺ​រ​ស្ថិតនៅ​លេខ​រៀង​ទី​៤ មាន​១៥​ពិន្ទុ​ក្រោយ​ឈ្នះ​៤ ស្មើ​៣​។ 
 
​វិសាខា ជួប យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី វេលា​ម៉ោង​៦​ល្ងាច​នៅ​កីឡដ្ឋាន​វិសាខា 
 
​វិសាខា រំពឹង​យកឈ្នះ​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ដើម្បី​ពង្រឹង​ទីតាំង ក៏ដូចជា​ប្រជែង​ដណ្តើម​ចំណាត់ថ្នាក់​លេខ​២​ជាមួយ​ណាហ្គា​វើ​ល ពិសេស​រក្សា​គម្លាត​ជាមួយ​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​។ បច្ចុប្បន្ន​ក្រុម​នេះ ស្ថិតនៅ​លេខ​រៀង​ទី​៣​មាន​១៦​ពិន្ទុ ក្រោយ​ឈ្នះ​៥ ស្មើ​១ និង​ចាញ់​១​។ ក្រោយ​ចាញ់​អង្គ​រថា​យ​ហ្គឺ​រ ២-១ នា​ជំនួប​សប្តាហ៍​ទី​៥​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ក្រុម​មាន​មូលដ្ឋាន​នៅ​រាជធានី​ភ្នំពេញ​មួយ​នេះ​បាន​លត់​កំពង់ចាម ១៤-០ ដោយ​កាលណោះ​ខ្សែប្រយុទ្ធ កែវ សុខ​ផេង រកបាន​៧​គ្រាប់​ម្នាក់ឯង និង​យកឈ្នះ​ជើង​ខ្លាំង​បឹងកេត​ក្នុង​លទ្ធផល ៣-២ នៅលើ​ទឹកដី​ខ្លួន​។ 
 
​ចំណែក​ក្រុមយុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី ទើបតែ​ស្គាល់​ជ័យជម្នះ​មួយ​លើក​ប៉ុណ្ណោះ​ក្នុងចំណោម​ការប្រកួត​៧​លើក ដោយ​យកឈ្នះ​កំពង់ចាម​ក្នុង​លទ្ធផល ៣-០​។ បច្ចុប្បន្ន​ក្រុម​ដែល​សហព័ន្ធ​ដាក់​ឲ្យ​ប្រកួត​ដើម្បី​បាន​បទពិសោធ​មួយ​នេះ ស្ថិតនៅ​លេខ​រៀង​ទី​១៣ មាន​៣​ពិន្ទុ ជាមួយ​ជ័យជម្នះ​១​លើក ចាញ់​៦​លើក​។ 
 
​សូល​ទី​ឡូ​អង្គរ ប៉ះ ភ្នំពេញ​ក្រោ​ន​វេលា​ម៉ោង​៣:៣០​នាទី​រសៀល នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​
 
​ក្រោយ​បញ្ចប់​ដោយ​គ្មាន​ការ​ស៊ុត​បញ្ចូល​ទី​ជាមួយ​វិសាខា​ក្នុងជំនួប​បើកឆាក ក្រុម​សូល​ទី​ឡូ​អង្គរ រង​បរាជ័យ​៣​ប្រកួត​ជា​បន្តបន្ទាប់​ក្នុងនោះ​ចាញ់​ព្រះខ័ន​រាជ​ស្វាយរៀង ១-0 អាស៊ី​អឺរ៉ុប ២-១ និង​ណាហ្គា​វើ​ល ១-0​។ បន្ទាប់មក ពួកគេ​បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ជាមួយ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ស្មើ ១-១ ជាមួយ​ក្រសួងការពារជាតិ​។ សម្រាប់​ជំនួប​សប្តាហ៍​ទី​៧ ក្រុម​នេះ​បាន​យកឈ្នះ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល ១-0​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ក្នុងចំណោម​បរាជ័យ​ទាំង​៣​ប្រកួត សូល​ទី​ឡូ​អង្គរ​ចាញ់​តែ​១​គ្រាប់​ប៉ុណ្ណោះ​។ 
 
​ចំណែក​ក្រុម​ភ្នំពេញ​ក្រោ​ន ដែល​ទើប​តែងតាំង​លោក ស៊ុំ វណ្ណា ជា​គ្រូបង្វឹក​ជំនួស​លោក Leonardo Vitorino ស្ថិតនៅ​លេខ​រៀង​ទី​៧​មាន​៩​ពិន្ទុ ក្រោយ​៧​ប្រកួត​ឈ្នះ​៣​និង​ចាញ់​៤​។ សម្រាប់​៣​ប្រកួត​ចុងក្រោយ​របស់​ពួកគេ គឺ​យកឈ្នះ​អាស៊ី​អឺរ៉ុប ២-១ ចាញ់​ណាហ្គា​វើ​ល ៣-០ និង​ឈ្នះ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ៣-០៕  
   
 
 
 
  

Tag:
 Cambodian League 2019
  ណាហ្គា​វើ​ល​
  អង្គ​រថា​យ​ហ្គឺ​រ​
© រក្សាសិទ្ធិដោយ thmeythmey.com