ជាតិ
សង្គមជាតិ
លោក ថោង ខុន បង្ហាញ​បរទេស ពី​ជោគជ័យ​របស់​រដ្ឋាភិបាល​ខ្មែរ ក្នុងការ​ទាក់ទាញ​ទេសចរ​ចិន​
17, May 2019 , 9:39 pm        
រូបភាព
​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​លើកឡើងថា ដោយ​សារភាព​រីកចម្រើន​ខាង​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ចិន ដូច្នេះ នាពេល​បច្ចុប្បន្ន និង​អនាគត ប្រទេស​ចិន គឺជា​ទីផ្សារ​ផ្គត់ផ្គង់​ទេសចរ​ដ៏​ធំ​របស់​ពិភពលោក​។ លោក លើកឡើង​បែបនេះ ក្នុង​សន្និសីទ​ប្រតិបត្តិ​ករ​ទេសចរណ៍​អាស៊ី (Asia Travel Operators Conference) នៅ​ទីក្រុង​ប៉​កាំ​ង កាលពី​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៩​។

 
​នៅ​ចំពោះ​អ្នកចូលរួម​ពី​បណ្តា​ប្រទេស​នានា​ប្រមាណ លោក ថោង ខុន បានលើកឡើង​ពីបទ​ពិសោធ​របស់​កម្ពុ​ជា ក្នុងការ​ទាក់ទាញ​ទេសចរ​ចិន​ថា កម្ពុជា បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ទីផ្សារ​ទាក់ទាញ​ទេសចរណ៍​ចិន (​ឆ្នាំ​២០១៦-២០២០) និង​សៀវភៅ​ស្ដីពី China Ready ដែល​ផ្ដោត​សំខាន់​លើ​ការរៀបចំ​លក្ខណសម្បត្តិ ដើម្បី​ឆ្លើយតប​នឹង​សេចក្ដីត្រូវការ​របស់​ទេស​ចរ​ចិន​។  យុទ្ធសាស្ត្រ​សំខាន់ៗ​ទាំងនោះ រួមមាន ការរៀបចំ​បង្កើត​ផលិតផល​ថ្មីៗ​, ការបណ្ដុះ​ណ្ដា​ល​ភាសា​ចិន​ដល់​បុគ្គលិក​បម្រើការ និង​មគ្គុទ្ទេសក៍​ទេសចរណ៍​, ការវាយតម្លៃ​ស្ដង់ដា​គុណភាព តាម​ប្រព័ន្ធ​វាយតម្លៃ​គុណភាព (China Accreditation System) និង​ការផ្សព្វផ្សាយ​នានា​។ 


 
​លោក​រដ្ឋមន្ត្រី បាន​បន្តថា ជា​លទ្ធផល​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​នេះ ក្នុង​ឆ្នាំ​២០១៨ កម្ពុជា​ទទួលបាន​ទេស​ចរ​ចិន​ជាង ២​លាន​នាក់ ដែល​ចំនួន​នេះ​លើសពី​ការរំពឹងទុក​របស់​ក្រសួង​។ ហើយ​ក្រសួង សង្ឃឹមថា ក្នុង​ឆ្នាំ ២០២០ កម្ពុជា​រំពឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ ជាង​៧​លាន​នាក់ ក្នុងនោះ​ទេសចរ​ជន​ជ​តិ​ចិន អាច​កើន​ដល់​៣​លាន​នាក់​។ 
 
​រដ្ឋមន្ត្រី​រូបនេះ​បាន​និយាយថា​៖«​មូលដ្ឋានគ្រឹះ​នៃ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ក្នុងនោះ​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ក៏ត្រូវ​បាន​ពង្រីក​បន្ថែម​ទៀត ស្របតាម​បរិបទ​នៃ​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់ និង​វិថី ក៏ដូចជា​ស្មារតី​នៃ​សហគមន៍​វាសនា​រួម​កម្ពុជា​-​ចិន ផងដែរ​»​។ 
 
​គួររម្លឹកថា ក្នុង​រយៈពេល​៣​ខែ ដើមឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ​ប្រមាណ​ជាង ១.៨​លាន​នាក់ កើន​៩.៧% ដោយ​ក្នុងនោះ ទេសចរ​ជនជាតិ​ចិន​មាន​ប្រមាណ​ជាង ៦៨​ម៉ឺន​នាក់ កើន​ជាង ៣៥% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ 
 
​អង្គការ​ទេសចរ​ពិភពលោក បាន​ព្យាករ​ថា ក្នុង​ឆ្នាំ​២០២០ ពិភពលោក​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​១៨០០​លាន​នាក់ ក្នុងនោះ​ទេសចរ​ជនជាតិ​នឹង​កើន​ដល់ ២០០ លាន​នាក់​។ និន្នាការ​នៃ​កំណើន​ទេសចរ​ចិន​នេះ បានធ្វើ​ឲ្យ​ប្រទេស​នានា​ក្នុង​សាកលលោក​ចាប់ផ្ដើម​ដាក់ចុះ​គោលនយោបាយ​ទាក់ទាញ​ទេសចរ​ចិន​។ ខណៈ​ឆ្នាំ​២០១៨ ពិភពលោក​ទាំងមូល​បានទទួល​ទេសចរ​អន្តរជាតិ ចំនួន​១៤០០​លាន​នាក់ កើន​៦ ភាគរយ​៕ 
 

Tag:
 ចិន​
  កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com