អន្តរជាតិ
កូរ៉េខាងជើង​ប្រាប់​ប្រមុខ UN ថា អាមេរិក​ជា​ប្រទេស​ជើងកាង​
18, May 2019 , 1:59 pm        
រូបភាព
តំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ Kim Song និងលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គុតេរ៉េស ។ រូបភាព Kyodo
តំណាងកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ Kim Song និងលោកអគ្គលេខាធិការ អាន់តូនីញ៉ូ ហ្គុតេរ៉េស ។ រូបភាព Kyodo
​តំណាង​កូរ៉េខាងជើង នៅ​ថ្ងៃទី​១៧ ខែឧសភា បាន​សរសេរ​លិខិត​មួយច្បាប់​ផ្ញើ​ទៅកាន់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) ដើម្បី​តវ៉ា​ពី​ការ​រឹបអូស​កប៉ាល់​របស់ខ្លួន​ពី​សំណាក់​អាមេរិក​។ បើតាម​លិខិត​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA ទីក្រុង​ព្យុងយ៉ាង ចាត់ទុក​សកម្មភាពរ​បស់​ទីក្រុង​វ៉ាស៊ីនតោន ជា​សកម្មភាព​បំពាន​ច្បាប់​អន្តរជាតិ និង​រំលោភ​អធិបតេយ្យ​កូរ៉េខាងជើង​។ សម្រាប់​កូរ៉េខាងជើង ទង្វើ​ទាំងនេះ​បង្ហាញថា អាមេរិក​ជា​ប្រទេស​ជើងកាង​។​

 
​កូរ៉េខាងជើង បាន​យក​សំណុំរឿង​អាមេរិក​ឃាត់ទុក​កប៉ាល់​ខ្លួន​ទៅ​ទូល​ពិត​ប្រា​ប់លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​។ ក្នុង​លិខិត​ថ្ងៃទី​១៧ ខែឧសភា លោក Kim Song តំណាង​អចិន្ត្រៃយ៍​កូរ៉េខាងជើង​ប្រចាំ​អង្គការសហប្រជាជាតិ បាន​រិះគន់​អាមេរិក​ដែល​ធ្វើអំពើ​ខុសច្បាប់ និង​គួរ​ឲ្យ​ហួសចិត្ត​តាមរយៈ​ការចាប់យក​កប៉ាល់​ដឹកទំនិញ​កូរ៉េខាងជើង​ទៅ​ទុក​កោះ Samoa ដែល​អាមេរិក​គ្រប់គ្រង​។​
 
​តាមរយៈ​លិខិត​ដែល​ផ្សាយ​ដោយ KCNA នៅ​ថ្ងៃទី​១៨ ខែឧសភា កូរ៉េខាងជើង​ក៏​រិះគន់​អាមេរិក​ដែល​ភ្ជាប់​រឿង​កប៉ាល់​នេះ​ទៅ​ភ្ជាប់​ច្បាប់​ក្នុងស្រុក​របស់ខ្លួន​ទៅទៀត ហើយ​ទង្វើ​បង្ក​ឲ្យ​មានការ​ខកចិត្ត​បែបនេះ បង្ហាញ​ឲ្យ​ឃើញច្បាស់​ថា អាមេរិក គឺជា​ប្រទេស​ជើងកាង​ដែល​មិន​ខ្វល់​ពី​ការគោរព​ច្បាប់​អន្តរជាតិ​អ្វី​ទាំងអស់​។ តំណាង​កូរ៉េខាងជើង​បន្តថា ការ​រឹបអូស​នេះ ជា​រំលោភបំពាន​អធិបតេយ្យ​ប្រទេសមួយ​ដែល​ផ្ទុយ​ពី​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ​។​
 
​កាលពី​ថ្ងៃទី​១០ ខែឧសភា ក្រសួងយុត្តិធម៌​អាមេរិក​បាន​ប្រកា​លពី​ការ​រឹបអូស​កប៉ាល់​កម្មសិទ្ធិ​កូរ៉េខាងជើង​ឈ្មោះ Wise Honest ហើយ​យកទៅ​ទុក​នៅ​កោះ Samoa ។ ដើមឡើយ កប៉ាល់​នេះ ត្រូវបាន​ឃាត់ទុក​អាជ្ញាធរ​ឥណ្ឌូណេស៊ី​កាលពី​ខែមេសា ឆ្នាំ​២០១៨ ក្រោម​ហេតុផល​ថា ដឹកជញ្ជូន​ធ្យូងថ្ម​បំពាន​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។ នៅ​ថ្ងៃទី​១៤ ខែ​ដដែល កូរ៉េខាងជើង​ប្រាប់​ឲ្យ​អាមេរិក​ដោះលែង​កប៉ាល់​ខ្លួន​វិញ​។​
 
​ពេល​ប្រាប់​អាមេរិក​ឲ្យ​ដោះលែង​កប៉ាល់​ខ្លួន កូរ៉េខាងជើង​ក៏​ឆ្លៀត​ចោទ​អាមេរិក​ថា បន្ត​ការដាក់​សម្ពាធ​ជា​អតិបរិមា​លើ​ខ្លួន តែ​វា​ជាការ​បំពាន​យ៉ាង​ងងើល​សេចក្ដី​ថែ្ល​ង​ការណ៍​មេដឹកនាំ​ខែមិថុនា ឆ្នាំ​២០១៨ ។ ទីក្រុង​ព្យុងយ៉ាង​ក៏​ប្រាប់​ទៅ​ទីក្រុង​វ៉ាស៊ីនតោន​វិញ​ថា វា​ជា​គិតគូរ​មិន​ត្រឹមត្រូវ​ឡើយ បើ​អាមេរិក​គិតថា អាច​បង្ខំ​កូរ៉េខាងជើង​ដោយ​ប្រើ​កម្លាំងបាយ​នោះ ហើយ​អាមេរិក​ត្រូវ​ដឹង​ពី​ផលវិបាក​នៃ​អាកប្បកិរិយា​ជនពាល ព្រមទាំង​ដោះលែង​កប៉ាល់​ជាបន្ទាន់​។​
 
​ការ​រឹបអូស​កប៉ាល់​នេះ ធ្វើ​ឲ្យ​មាន​មិន​ច្បាស់លាស់​កាន់តែ​កើនឡើង​ថែមទៀត​លើ​ការចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង ដែល​សព្វថ្ងៃ​កំពុង​យ៉ាប់យ៉ឺន​ផង​នោះ​។ កូរ៉េខាងជើង ដែល​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ចរចា​នៅ​វៀតណាម​នោះ ត្រូវបាន​មើលឃើញថា ងាក​ទៅប្រើ​យុទ្ធសាស្ត្រ​ចាស់​របស់ខ្លួន​តាមរយៈ​ការបាញ់​មី​ស៊ី​ល​ជាថ្មីទៀត​៕ 
 
 

Tag:
 កូរ៉េខាងជើង​
  កូរ៉េខាងត្បូង​
  អាមេរិក​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com