សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
កត្តា​ដែល​នាំ​ឆ្ពោះទៅរក​ភាពជោគជ័យ​ផ្នែក​អាជីវកម្ម​
19, May 2019 , 9:59 am        
រូបភាព
​ដោយ​៖ យ៉​ន សុខន 

អាជីវកម្ម​មិនមែនជា​ការងារ​ងាយស្រួល​ទេ សម្រាប់​មនុស្ស​ទូទៅ​។ ក្រៅពី​ទាមទារ​ឱ្យមាន​ដើម ទុន​ច្រើន​ដើម្បី​ធ្វើ​ប្រតិបត្តិការ  អាជីវកម្ម​ទាមទារ​ឱ្យ​គ្រប់គ្នា​មាន​ធនធាន​ខាង​ផ្នែក​គំនិត និង​ការរៀបចំ​ធ្វើ ផែនការ​ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ ទន្ទឹមនឹង​លទ្ធផល​វិជ្ជមាន​ដែលមាន​ទ្រង់ទ្រាយ​ធំ តាមរយៈ​ប្រាក់ចំណេញ អាជីវកម្ម​ក៏​អាច​ដាំ​ក្បាល​ចុះទៅ​រក​ភាព​ក្ស័យ​ធន់ ដែល​ធ្វើឱ្យ​ខាតបង់ យ៉ាងច្រើន​សន្ធឹកសន្ធាប់​បានដែរ​។ ទោះបីជា​យ៉ាងណាក៏ដោយ គ្រប់​អ្នករកស៊ី​ផ្នែក​នេះ​សុទ្ធ​ត្រូវការ ពេលវេលា ការអត់ធ្មត់ និង​បទ​ពិសា​ធន៍​ច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​នៅពេល​អាជីវកម្ម​របស់ខ្លួន​ជួប ប្រទះ​នឹង​ហានិភ័យ​ផ្សេងៗ ស្របទៅតាម​ស្ថានភាព​ជាក់ស្តែង​ដែល​បាន​កើតឡើង​។

 
 
​ខាងក្រោម​នេះ​គឺជា​កត្តា​សំខាន់ៗ​ដែល​នាំ​ឆ្ពោះទៅរក​ភាពជោគជ័យ​ខាង​ផ្នែក​អាជីវកម្ម​៖
 
•​ ​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​ចិត្តសាស្ត្រ​ខ្ពស់​
​ភាពជា​អ្នកដឹកនាំ​ប្រកបដោយ​ចិត្តសាស្ត្រ​ខ្ពស់​គឺជា​គន្លឹះ​ដ៏​ចម្បង​ក្នុង​ជីវិត​អាជីវកម្ម​។ ចំណុច​នេះ​ជះឥទ្ធិពល​យ៉ាងខ្លាំង​ទៅដល់​ភាព​រស់រានមានជីវិត​នៃ​អាជីវកម្ម​អ្នក​។​
​ប្រសិនបើ​អ្នកមាន​ជំនាញ​នេះ បានសេចក្តីថា​ខ្លួន​អ្នកមាន​សក្តានុពល ហើយ​មាន​សមត្ថភាព អាច​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម​ដែល​កើតឡើង​បាន​។ មួយវិញទៀត អ្នក​អាច​ជំរុញ​ទឹក ចិត្ត​កូនចៅ​ឬ​អ្នកនៅក្រោមឱវាទ​ឱ្យខិត​ខំប្រឹងប្រែង​ធ្វើ​ការងារ​អស់ពី​សមត្ថភាព ដើម្បី​ភាព​រីកចម្រើន​របស់​ក្រុមហ៊ុន​។ 
 
•​ ​ផែនការ​យុទ្ធសាស្ត្រ​ផ្នែក​សកម្មភាព​និង​ហិរញ្ញវត្ថុ​
​ជាការ​ពិតណាស់ អាជីវកម្ម​មួ​ួ​យ​មិនអាច​ជោគជ័យ​បានទេ  ប្រសិនបើ​លោកអ្នក​ដែលជា ម្ចាស់​អាជីវកម្ម​នោះ​គ្មាន​ផែនការ​ច្បាស់លាស់ ដោយ​ធ្វើ​អ្វីៗ​តាមតែ​ចិត្ត​នឹកឃើញ​។ ផ្ទុយទៅវិញ ដើម្បី​ទទួលជោគជ័យ​ក្នុង​អាជីព​របស់ខ្លួន អ្នករកស៊ី​ត្រូវ​រៀបចំ​ធ្វើ​ផែនការ​សកម្មភាព និង​ផែនការ​ហិរញ្ញវត្ថុ​ក្នុងការ​បែងចែក​កញ្ចប់​ថវិកា​ឱ្យបាន​ល្អិតល្អន់ និង​គ្រប់​ជ្រុងជ្រោយ​។ កាលណា​អ្នករៀបចំ​បានល្អ​ហើយ អ្វីៗ​នឹង​ដំណើរការ​ទៅ​យ៉ាង​រលូន ហើយ​ហុច​ផល​មកវិញ​ជាទី​គាប់ប្រសើរ​។​
 
•​ ​ការសម្រេចចិត្ត​ដ៏៏​ត្រឹមត្រូវ​និង​មាន​សក្តានុពល​
​ការធ្វើ​សេចក្តីសម្រេចចិត្ត​ប្រកបដោយ​ភាពប្រាកដនិយម មាន​គោលដៅ​ពិតប្រាកដ​និង​ច្បាស់ លាស់​ក្នុងការ​ដោះស្រាយ​បញ្ហា ជា​អ្នកកំណត់​ជោគវាសនា​របស់​ក្រុមហ៊ុន​។ បើ​អ្នកសម្រេច ចិត្ត​ខុស​តែ​បន្តិច នោះ​ផលវិបាក​នឹង​កើតមាន​ដល់​ក្រុមហ៊ុន​របស់​អ្នក ហើយ​អាច​បង្ក​ផល ប៉ះពាល់​រយៈពេល​វែង​។ ដូចនេះ​អ្នក​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់ មុននឹង​សម្រេចចិត្ត​ធ្វើ​អ្វីមួយ ហើយ​យល់​ល្អ​គួរតែ​ធ្វើការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ឱ្យបាន​ច្រើន​។​
 
•​ ​ជំនាញ​ខាង​ផ្នែក​ទំនាក់ទំនង​
​ត្រូវ​ពូកែ​ស្តាប់​អ្នកដទៃ​ដែល​អ្នក​ជុំវិញ និង​ចេះ​បញ្ចេញ​ឱ្យ​ពួក​អ្នក​ឆាប់​យល់​នូវ​អ្វីដែល​អ្នក​ចង់ ប្រាប់​ទៅ​ពួក​អ្នក​វិញ តាមរយៈ​ពាក្យសម្តី​និង​កាយវិការ​។ លើសពីនេះ​ត្រូវ​ចេះ​ធ្វើ​ការងារ​ជាមួយគ្នា ដោយ​ចុះសម្រុង មាន​ទំនាក់ទំនង​ល្អ​ជាមួយ​ចៅហ្វាយនាយ និង​អ្នកនៅក្រោមឱវាទ ហើយ បើ​មាន​បញ្ហា​អ្វីមួយ​ត្រូវ​ចេះ​សម្របសម្រួល អត់ឱន​យោគយល់​ឱ្យ​គ្នា​ទៅវិញទៅមក ចៀសវាង ការ​មានះ រឹងរូស ចង់​ឈ្នះ​តែ​រៀងៗ​ខ្លួន​។ 
 
•​ ​បង្កើន​ផលិតភាព​
​ម្ចាស់​អាជីវកម្ម​ត្រូវ​កំណត់ឱ្យ​ច្បាស់​នូវ​អ្វី​ដែលជា​តម្រូវការ​រប​ស់​អតិថិជន ហើយ​ធ្វើ​បច្ចុប្បន្នភាព​ទៅ   តាម​សម័យកាល ស្រប​ពេលដែល​មានការ​ប្រកួតប្រជែង​គ្នា​រវាង​ក្រុមហ៊ុន​ជាច្រើន​នៅលើ​ទីផ្សារ​។ ដើម្បី​រក្សា​កិត្យានុភាព​នៅក្នុង​មុខ​ជំនួញ ក្រុមហ៊ុន​ត្រូវ​លើកកម្ពស់​ផលិតកម្ម​របស់ខ្លួន​ទាំង​ផ្នែក បរិមាណ​និង​គុណភាព ដោយ​គោរព​ទៅតាម​បទដ្ឋាន​ស្តង់ដា​ឱ្យបាន​ត្រឹមត្រូវ ។ ទាំងនេះ​ជាការ​ឆ្លើយ តប​ទៅនឹង​តម្រូវការ​និង​លក្ខខណ្ឌ​នៃ​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​។ មួយវិញទៀត ក្រុមហ៊ុន​ត្រូវ ណែនាំ​និង​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើបៗ​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើបាន ជាពិសេស​ខាង​ផ្នែក ឌីជីថល​(​កម្មវិធី​ទាក់ទង​នឹង​កុំព្យូទ័រ ទូរ​សព្ទ​ទំនើប​...) ដើម្បី​ដើរ​ឱ្យទាន់​ទៅនឹង​យុគសម័យ​នៃ​បដិវត្តន៍ ឧស្សាហកម្ម​លើក​ទី​៤​។​
 
•​ ​ផ្តល់​សេវាកម្ម​រហ័ស​ទាន់​ចិត្ត​
​រឿង​សេវាកម្ម​ជា​ផ្នែក​មួយ​ដ៏​សំខាន់ ព្រោះ​វា​ទាក់ទង​ទៅនឹង​ផ្លូវ​អារម្មណ៍​របស់​អតិថិជន​ភាគច្រើន​។ អ្នកដឹង​ហើយ​ថា គោលដៅ​នៃ​អាជីវកម្ម​គឺ​ប្រាក់ចំណេញ ដែល​បានមកពី​ការធ្វើឱ្យ​អតិថិជន​ពេញ ចិត្ត​ពេញ​ថ្លើម​នូវ​អ្វីដែល​ពួក​អ្នកទទួលបាន​ពី​ក្រុមហ៊ុន ជា​ថ្នូរ​នឹង​ការចំណាយ​របស់​អ្នក​។  ផ្ទុយទៅវិញ ប្រសិនបើ​សេវាកម្ម​របស់​ក្រុមហ៊ុន​របស់​អ្នក​យឺត​ឬ​មិន​រហ័ស​ទាន់​ចិត្ត អ្នក​អាច​នឹង​បាត់បង់​អតិថិជន ទាំងនោះ​ជា​រៀងរហូត ដែល​បណ្តាលឱ្យ​អាជីវកម្ម​នោះ​ប្រឈមមុខ​នឹង​ការដួលរលំ​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com