ពុទ្ធសករាជ​២៥៦៣ ចាប់ផ្តើម​រាប់​ពីថ្ងៃ​នេះហើយ​! តែ​ប្រតិទិន​ថៃ​នៅ​២៥៦២​នៅឡើយ​!
ជាតិ
សង្គមជាតិ
ពុទ្ធសករាជ​២៥៦៣ ចាប់ផ្តើម​រាប់​ពីថ្ងៃ​នេះហើយ​! តែ​ប្រតិទិន​ថៃ​នៅ​២៥៦២​នៅឡើយ​!
19, May 2019 , 11:19 am        
រូបភាព
ដោយ: រួបរួម
​ពលរដ្ឋ​ខ្មែរ​មួយចំនួន​នៅតែ​មិនទាន់​យល់ច្បាស់​នោះឡើយ​ទាក់ទង​នឹង​ការរាប់​ពុទ្ធសករាជ (​ព​.​ស​)​។ ពួកគាត់​គិតថា ពុទ្ធសករាជ​ថ្មី ត្រូវ​រាប់​ក្រោយ​ឆ្លង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។ មិន​ដូច្នោះ​ឡើយ​! បើ​ផ្អែក​តាម​ការពន្យល់​ក្នុង​រចនា​នុ​ក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត ពុទ្ធសករាជ មានន័យថា ជា​ចំនួន​ថ្ងៃខែ​ឆ្នាំ​រាប់​តាំងពី​ក្រោយ​ថ្ងៃ​ដែល​ព្រះពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន​ទៅបាន​មួយថ្ងៃ​រៀងមក​។ ព្រះ​សក្យមុនី​គោតម​ទ្រង់​ចូល​បរិនិព្វាន​នៅ​ថ្ងៃ​អង្គារ ១៥ កើត​ខែ​ពិសាខ​ឆ្នាំម្សាញ់ រាប់​ពី​ត្រឹម​ថ្ងៃ​១​រោច​ខែ​ពិសាខ​នោះមក​ជា​ពុទ្ធសករាជ ។​

 
​មួយថ្ងៃ​ក្រោយ​ព្រះពុទ្ធ​ទ្រង់​ចូល​បរិនិព្វាន​។ បើ​ពន្យល់​ឲ្យ​ស្រួល​ស្តាប់ គឺ​មួយថ្ងៃ​ក្រោយ​ពិធីបុណ្យ​វិសាខបូជា ពីព្រោះ​បុណ្យ​ដ៏​មាន​សារសំខាន់​មួយ​នេះ ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ដល់​ថ្ងៃ​នៃ​ការ​ប្រសូត ការ​ត្រាស់ដឹង និង​ការចូល​បរិនិព្វាន​រប​ស់​ព្រះសម្មាសម្ពុទ្ធ​។​
 
​ថ្ងៃអាទិត្យ ទី​១៩ ខែឧសភា នេះ គឺ​ត្រូវជា​ថ្ងៃ​១​រោច ខែ​ពិសាខ និង​ជា​ថ្ងៃ​កំណ​ត់នៃ​ពុទ្ធសករាជ​ថ្មី​២៥៦៣​តែម្តង​។ 
 
​ទាក់ទង​នឹង​ពុទ្ធសករាជ​នេះ សារព័ត៌មាន ThmeyThmey ដកស្រង់​ការពន្យល់​បន្ថែម​ទាំងស្រុង​នៅក្នុង​វចនានុក្រម​សម្តេច ព្រះសង្ឃរាជ ជួន ណាត ដែល​រៀបរាប់ថា​៖ «​ទំនៀម​រាប់​ពុទ្ធសករាជ​ដោយ​ទៀត​ទាត់​របស់​ពួក​ពុទ្ធសាសនិកជន សម្រាប់​ប្រើ​ខាង​របៀប​ទេស្នា ដែល​ហៅថា បក​សករាជ រាប់​យក​ចំណែក​រនោច​ខែ​មួយ​មុន​ប៉ះ​រួម​នឹង​ខ្នើត​ខែ​បន្ទាប់​នោះ​ជា​១​ខែ គឺ​ត្រូវ​រាប់​ពីថ្ងៃ ១ រោច​ខែ​ពិសាខ មកដល់ ១៥ កើត​ខែជេស្ឋ ជាមួយ​ខែ ។​ល​។ ពីថ្ងៃ​១​រោច​ខែចេត្រ​មកដល់​១៥​កើត​ខែ​ពិសាខ​ជាមួយ​ខែ (​ពេញ​ជា ១ ឆ្នាំ​) រាប់​យ៉ាងនេះ​រៀងរាល់ឆ្នាំ​, បើ​រាប់​ពីលើ​មកដល់​ត្រឹមណា ត្រូវ​ទុក​ថ្ងៃខែ​ឆ្នាំ​នោះ​ជា​បច្ចុប្បន្នកាល មិនទាន់​រាប់​ពេញ​ថា​ជា​សករាជ​ដែល​កន្លង​ទៅហើយ​ទេ​, ដូចជា​កាលពី​ក្នុង​ថ្ងៃ ១៥​រោច​ខែ​ស្រាពណ៍ ឆ្នាំមមី​បន្ទាប់​ឆ្នាំ​ពុទ្ធបរិនិព្វាន​ត្រូវ​រាប់​ថា ពុទ្ធសករាជ​កន្លងទៅ​ហើយ​បាន ១​ឆ្នាំ ៣ ខែ ១៤ ថ្ងៃ (​កន្លង​ទៅហើយ​បាន​ប៉ុន្មាន ត្រូវ​ថា​តែត្រឹម​ប៉ុណ្ណោះ​); តែបើ​ប្រើ​ខាង​ការសរសេរ​សំបុត្រ​ចុ​ត​ហ្មាយ​, កត់ត្រា​ចុះ​ក្នុង​គម្ពីរ​ក្បួនច្បាប់​ទាំងពួង​ឬ​និយាយស្ដី​ប្រាប់​គ្នា​តាម​ធម្មតា​នោះ ត្រូវ​រាប់​ចេញ​ចំនួន​សករាជ​យក​ត្រឹម​ឆ្នាំមមី ដែល​ចូលក្នុង​រវាង​គម្រប់​២​នុ៎ះឯង​ថា ពុទ្ធសករាជ​២​ឆ្នាំ ឬ ពុទ្ធសករាជ​២; បើ​ប្រើ​អក្សរ​សង្ខេប ត្រូវ​សរសេរថា ព​. ស​. ២. (​ម​. ព​. សករាជ ទៀតផង​) »​។ 
 
​ដោយឡែក​ថៃ ការរាប់​ពុទ្ធសករាជ ខុសពី​ប្រទេស​ផ្សេងទៀត​។ តាម​ប្រតិទិន ដែល​អនុម័ត​ដោយ​ស្តេច ជូឡាឡុងកន (​រ៉ា​ម៉ា​ទី​៥) កាលពី​ឆ្នាំ​១៨៨៩ ពុទ្ធសករាជ​ថ្មី ត្រូវ​រាប់​ចាប់ពី​ថ្ងៃទី​១ ខែមេសា តែ​ចាប់ពី​ឆ្នាំ​១៩៤១​មក លោកនាយករដ្ឋមន្ត្រី Phibunsongkhram បានតម្រូវឲ្យ​​រាប់​ចាប់ពី​ថ្ងៃទី​១ ខែមករា វិញ ដើម្បី​ឲ្យ​ស៊ីគ្នា​នឹង​ការចាប់ផ្តើម​នៃ​គ្រឹ​ស្ត​សករាជ​។​
 
​ពុទ្ធសករាជ​មាន​អាយុកាល​លើស​គ្រឹ​ស្ត​សករាជ​៥៤៣​ឆ្នាំ ដូច្នេះ សម្រាប់​ឆ្នាំ​២០១៩​នេះ ថៃ​ប្រើប្រាស់​ប្រតិទិន​ដែលមាន​ពុទ្ធសករាជ​២៥៦២​នៅឡើយ [២០១៩+៥៤៣]៕
 
 

Tag:
 ​ពុទ្ធសករាជ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម