អន្តរជាតិ
ក្រុមហ៊ុន Amazon ឲ្យ​លុយ​បុគ្គលិក​១​ម៉ឺន​ដុល្លារ បើក​ជំនួញ​ផ្នែក​ដឹកជញ្ជូន​ខ្លួនឯង​
19, May 2019 , 7:29 pm        
រូបភាព
ដោយ:
​ក្រុមហ៊ុន E-Commerce យក្ស​អាមេរិក Amazon បានប្រកាសថា ខ្លួន​នឹង​ផ្តល់​លុយ​ឲ្យ​បុគ្គលិក​ម្នាក់​មួយ​ម៉ឺន​ដុល្លារ ប្រសិនបើ​ពួកគេ​ឈប់​ធ្វើការ និង​បើក​ជំនួញ​ដឹកជញ្ជូន​ផ្ទាល់ខ្លួន​។ ការសម្រេច​បែបនេះ ធ្វើឡើង​ខណៈ​ក្រុមហ៊ុន​នេះ កំពុង​ព្យាយាម​គ្រប់គ្រង​ការដឹកជញ្ជូន​ដោយ​ខ្លួនឯង ក្រោយពី​មានការ​រិះគន់​ពី​ប្រធានាធិបតី​អាមេរិក​ថា ខ្លួន​កេងចំណេញ​ពី​សេវាកម្ម​ប្រៃសណីយ៍​អាមេរិក​។

 
​ក្នុង​សេចក្តីថ្លែងការណ៍ ក្រុមហ៊ុន Amazon អាមេរិក កាលពីដើម​សប្តាហ៍ បានបញ្ជាក់​ឲ្យ​ដឹងថា គំនិត​ផ្តួចផ្តើម​ផ្តល់​លុយ​មួយ​ម៉ឺន​ដុល្លារ​ឲ្យ​បុគ្គលិក​នេះ មាន​គោលដៅ​បន្ត​ការតាំង​ចិត្ត​រយៈពេល​វែង​របស់​ក្រុមហ៊ុន Amazon ដើម្បី​លើកទឹកចិត្ត​បុគ្គលិក​ទាំងអស់​ឈោង​ចាប់​អាជីព​ដែល​ពួកគេ​ប៉ងប្រាថ្នា​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ក្រៅពី​ផ្តល់​លុយ​មួយ​ម៉ឺន​ដុល្លារ ក្រុមហ៊ុន Amazon ក៏​នឹង​ផ្តល់ប្រាក់​បៀវត្ស បី​ខែ​សម្រាប់​បុគ្គលិក ដើម្បី​ពង្រឹង​ទំនុកចិត្ត​ពួកគេ​។ ការប្រកាស​ផ្តល់​ការលើកទឹកចិត្ត​ដល់​បុគ្គលិក​ឲ្យ​បើក​ជំនួញ​ដឹកជញ្ជូន​ផ្ទាល់ខ្លួន​បែបនេះ ធ្វើ​ឡើងខណៈ ក្រុមហ៊ុន Amazon ប្រឹងប្រែង​កាត់បន្ថយ​ការពឹងផ្អែក​របស់ខ្លួន​លើ​សេវាកម្ម​ដឹកជញ្ជូន​មួយចំនួន ដូចជា សេវាកម្ម​ប្រៃសណីយ៍​អាមេរិក និង FedEx ជាដើម​។ 
 
​កន្លងទៅ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​ចោទប្រកាន់​ក្រុមហ៊ុន E-Commerce យក្ស Amazon ថា បាន​កេងចំណេញ​ពី​សេវាកម្ម​ប្រៃសណីយ៍​អាមេរិក ដោយ​ប្រើប្រាស់​សេវាកម្ម​ជា​កញ្ចប់​ធំ​នៃ​ការ​វេច​ខ្ចា​ប់ នៅពេល​ដឹកជញ្ជូន​ទំនិញ​ម្តងៗ​។ យ៉ាងណាមិញ អ្នកជំនាញ​ជាច្រើន យល់ឃើញថា មូលហេតុ​ពិតប្រាកដ គឺ​ដោយសារតែ​រដ្ឋាភិបាល​ស​ហ​ព័ទ្ធ​អាមេរិក ពិបាក​នឹង​ទាញ​ផលចំណេញ​ពី​ចំណូល​ដែល​ក្រុមហ៊ុន Amazon រកបាន​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន Amazon អាមេរិក ធ្លាប់​បានដាក់​ដំណើរការ​កម្មវិធី​មួយ​ឈ្មោះថា «​ដៃគូ​សេវាកម្ម​ដឹកជញ្ជូន​» ដែល​តម្រូវ​ឲ្យ​បុគ្គលិក​ខ្លួន ចាប់ផ្តើម​វិនិយោគ​លើ​ជំនួញ​ដឹកជញ្ជូន​ផ្ទាល់ខ្លួន​របស់​ពួកគេ​។ មកទល់នឹង​ពេលនេះ មនុស្ស​ជាង ២០០​នាក់​ហើយ បានចាប់ផ្តើម​ជំនួញ Start-up ផ្នែក​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន Amazon នេះ ។​
 
​ក្រុមហ៊ុន រំពឹងថា មនុស្ស​រាប់រយ​នាក់​ផ្សេងទៀត នឹង​ចាប់អារម្មណ៍​លើ​គំនិត​ផ្តួ​ត​ផ្តើម​នេះ ដែល​បើក​ឲ្យ​ចូលរួម​ក្នុង​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អេស្បាញ់​៕
 
 
 
 
 
 
 
 

Tag:
 Amazon
  ជំនួញ​ដឹកជញ្ជូន
© រក្សាសិទ្ធិដោយ thmeythmey.com