ជាតិ
២៥ខេត្ត/រាជធានី
បិតស្រា ចិញ្ចឹមជ្រូក និងមាន់ ជាទុនសម្រាប់អ្នកស្រី ម៊ុយ ភេម ដើម្បីផ្គត់ផ្គង់ការសិក្សាកូននៅសាកលវិទ្យាល័យ
× កំពង់ស្ពឺ៖ រយៈពេលជាង២០ឆ្នាំហើយ ដែលគ្រួសារអ្នកស្រី ម៊ុយ ភេម បានប្រកបរបរបិតស្រា ចិញ្ចឹមជ្រូក និងមាន់ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ របរទាំងនេះ គឺជាដើមទុនជីវិតដ៏ធំមួយ ដែលបានផ្ដល់ប្រាក់ចំណូលជាង១ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់ជួយឲ្យគ្រួសារអ្នកស្រី ម៊ុយ ភេម ផ្គត់ផ្គង់ការសិក្សាកូនរហូតដល់ថ្នាក់ឧត្តមសិក្សា។
អង្គុយពីមុខជើងក្រានឡ ដែលមានអណ្ដាតភ្លើងឆេះសន្ធោសន្ធៅនោះ គឺអ្នកស្រី ម៊ុយ ភេម ដែលកំពុងកាន់ឈើវែងមួយកូបាយស្រា ដើម្បីរំងាស់ចេញទៅ«ស្រាស»។ ស្ថិតនៅក្នុងភូមិក្រាំងស្បូវ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អ្នកស្រី ម៊ុយ ភេម និងគ្រួសារបានប្រកបរបរបិតស្រាផង និងចិញ្ចឹមជ្រូកផងអស់រយៈពេល២៥ឆ្នាំមកហើយ។ ចាប់ផ្ដើមរបរដំបូងនៅឆ្នាំ១៩៩៤ អ្នកស្រី ម៊ុយ ភេម បានផលិតស្រាក្នុងកម្រិតមធ្យមប៉ុណ្ណោះ សម្រាប់ចិញ្ចឹមគ្រួសារ បន្ទាប់ពីការងារធ្វើស្រែចម្ការ។
ដើម្បីផលិតឲ្យចេញជា «ស្រាស» បាន អ្នកស្រី ភេម ត្រូវយកអង្ករទៅត្រាំទុករយៈពេល១ សប្ដាហ៍ បន្ទាប់មក អ្នកស្រីយកបាយស្រានោះមកដាំរំងាស់រយៈពេល៤ ទៅ៥ម៉ោង ដើម្បីឲ្យបាយនោះសាយភាយជាស្រា ទៅក្នុងអាងបង្ហូរស្រា។ ស្រាស១ លីត្រមានតម្លៃត្រឹមតែ ២ ០០០ រៀលតែប៉ុណ្ណោះ ប៉ុន្តែអ្នកស្រីលក់ចេញក្នុងតម្លៃ១ លីត្រ ត្រឹមតែ១ ៥០០រៀលនោះទេ។ ជារៀងរាល់ថ្ងៃប្ដីរបស់អ្នកស្រី ត្រូវដឹកស្រាដាក់តាមទាមលក់គ្រឿងទេស ឬកន្លែងទាមស្រានានា ទៅតាមតម្រូវការរបស់អតិថិជន។ អ្នកស្រីអាចផលិតបាន «ស្រាស»ប្រមាណ ១៥០ លីត្រក្នុង១ថ្ងៃ។
និយាយទាំងទឹកមុខញញឹមរួសរាយ ស្ត្រីមាឌតូចល្អិតរូបនេះ បានបញ្ជាក់ដូច្នេះថា៖«ខ្ញុំបានផលិតស្រាសអស់រយៈពេលប្រមាណជាង២៥ ឆ្នាំមកហើយ ម្យ៉ាងទៀតការងារនេះមិនលំបាកអ្វីសោះឡើយសម្រាប់ខ្ញុំ។ ការងារនេះ មិនសូវបានចំណេញច្រើននោះទេបច្ចុប្បន្ន ប៉ុន្តែវាអាចដោះទាល់បានជាប្រចាំថ្ងៃថែមទៀតផង»។
របរបិតស្រានេះជាចំណូលសំខាន់មួយ ប៉ុន្តែចំណូលបន្ទាប់បន្សំមួយទៀតរបស់អ្នកស្រី ភេម គឺបានមកពីការចិញ្ចឹមជ្រូក ដែលប្រើចំណីពីកាកបាយស្រានេះ។អ្នកស្រី ភេម និងប្ដី បានចិញ្ចឹមមេជ្រូកចំនួន ៦ក្បាល ដើម្បីយកកូនចិញ្ចឹម។ ហើយក៏ទិញកូនជ្រូកមកពីផ្សារ ដើម្បីចិញ្ចឹមបន្ថែមទៀតផង។ ក្នុងរយៈពេល៥ ឬ ៦ខែ ទើបអ្នកស្រីអាចលក់បាន ហើយពេលខ្លះលក់បានថ្លៃ តែពេលខ្លះទៀត លក់មិនបានថ្លៃទេ។
ស្ត្រីវ័យ៤៣ឆ្នាំ ដែលមានកូន៣នាក់ក្នុងបន្ទុករូបនេះ បន្តទៀតថា ៖«រយៈពេល៥ ខែ ខ្ញុំអាចរកចំណូលបានគួរសមដែរ តែមិនដឹងច្បាស់នោះទេ ព្រោះខ្ញុំមានបាយស្រាដើម្បីធ្វើជាចំណីបន្ថែម។ សាច់ជ្រូកនៅលើទីផ្សារមានតម្លៃ 20,០០០រៀល ក្នុង១គីឡូ តែតម្លៃជ្រូកលក់ចេញត្រឹមតែ ៨ពាន់រៀលនោះទេ ក្នុងតម្លៃថ្លៃ»។
របរទាំងនេះ អាចផ្ដល់ចំណូល១ម៉ឺនដុល្លារក្នុងមួយឆ្នាំ ដល់គ្រួសារអ្នកស្រី ម៊ុយ ភេម ដែលអាចផ្គត់ផ្គង់ការសិក្សាកូន ដល់ថ្នាក់កម្រិតឧត្តមសិក្សា ដោយកូនម្នាក់កំពុងបន្តការសិក្សាឆ្នាំទី៤ ថ្នាក់បរិញ្ញាបត្រ ជំនាញរដ្ឋបាលសាធារណ: នៅសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។រីកូនម្នាក់ទៀតកំពុងត្រៀមបញ្ចប់ថ្នាក់បរិញ្ញាបត្រក្នុងខែ កក្កដា ឆ្នាំ២០១៩នេះ។អ្នកស្រីចង់ឃើញកូនមានការងារល្អធ្វើ ដើម្បីកុំឲ្យលំបាកដូចអ្នកស្រី និងស្វាមី ដែលត្រូវបិតស្រាផង និងចញ្ចឹមជ្រូក មាន់ផង ដោយគ្មានពេលសម្រាកនោះទេ៕
Tag:
ជីវព័ត៌មាន
ស្រាស
ផលិតស្រា
កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com