អន្តរជាតិ
រុស្ស៊ី​៖ រស់នៅ​ជាង​៧០​ឆ្នាំ ទើប​ដឹងថា​លំនៅដ្ឋាន​ខ្លួន​សង់​លើ​គ្រាប់បែក​ត្បាល់​ដ៏​ធំ​
19, May 2019 , 9:29 pm        
រូបភាព
ដោយ: ធីតា
​គ្រួសារ​មួយ​ដែល​រស់នៅក្នុង Saint Petersburg ប្រទេស​រុស្ស៊ី កាលពី​ថ្មីៗ​កន្លងមកនេះ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដោយ​ពួកគាត់​ទើប​ដឹងថា ក្រោម​អគារ​នៃ​លំនៅដ្ឋាន​របស់ខ្លួន​មាន​គ្រាប់បែក​ត្បាល់​ដ៏​ធំ​មួយ​។ ក្រុមគ្រួសារ​របស់​ពួកគាត់​រស់នៅ​លើ​ទីតាំង​នោះ​អស់​រយៈពេល​ប្រមាណ​៧០​ឆ្នាំ​ហើយ​។​

 
​ថ្លែងប្រាប់​សារព័ត៌មាន AFP លោក Alexandra Sokolova មន្ត្រីរដ្ឋបាល​ប្រចាំ​ស្រុក Petrogradski បាន​អះអាងថា ពលរដ្ឋ​របស់ខ្លួន ប្រទះឃើញ​គ្រាប់​បែប​ត្បាល់​នោះ នៅពេលដែល​ពួកគេ​ជីក​កកាយ និង​រុះរើ​ផ្ទះ​ដើម្បី​ជួសជុល​។​
 
​គ្រាប់បែក​នោះ ត្រូវបាន​អ្នកជំនាញ​អះអាងថា មាន​វត្តមាន​តាំងពី​ក្រុង Saint Petersburg ឬ​អតីត​លេនីន​ក្រា​ដ ក្រោម​សហភាពសូវៀត ស្ថិតក្រោម​ការគ្រប់គ្រង​របស់​កងទ័ព​ណា​ស៊ី​ចន្លោះ​ពី​ឆ្នាំ​១៩៤១ ដល់​ឆ្នាំ​១៩៤៤​។​
 
​អ្នកភូមិ​ត្រូវបាន​ជម្លៀសចេញ​អស់​ជាច្រើន​ម៉ោង នៅពេល​កងកម្លាំង​ជំនាញ​នាំគ្នា យក​គ្រាប់បែក​ត្បាល់​នោះ ចេញពី​ទីតាំង​ការដ្ឋាន​របស់​គ្រួសារ​ដែល​បាន​រកឃើញ​។​
 
Siege of Leningrad ដែល​បច្ចុប្បន្ន​ក្លាយជា​ក្រុង Saint Petersburg គឺជា​អតីត​ទីតាំង​ឈរជើង​ដ៏​ធំ​របស់​កងទ័ព​ណា​ស៊ី កាលពី​សម័យ​សង្គ្រាមលោក​លើក​ទី​ពីរ​។ មនុស្ស​យ៉ាងហោចណាស់​៨០​ម៉ឺន​នាក់ បាន​ស្លាប់​ដោយសារតែ​ការ​បំ​ផ្លោង​គ្រាប់បែក និង​ការអត់ឃ្លាន​៕
 

Tag:
 សង្គ្រាមលោកលើកទីពីរ​
© រក្សាសិទ្ធិដោយ thmeythmey.com