ជាតិ
សង្គមជាតិ
កម្លាំង​មួក​ខៀវ​កម្ពុជា​ជិត ៣០០​នាក់​ចេញទៅ​បំពេញ «​បេសកកម្ម​រក្សា​សន្តិភាព​» នៅ​ម៉ាលី​
19, May 2019 , 5:15 pm        
រូបភាព
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជាក្នុងពិធីជូនដំណើរកងទ័ពកម្ពុជា ២៩៨រូបទៅប្រទេសម៉ាលីថ្ងៃសុក្រទី ១៧ ឧសភា (Xinhua)
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងប្រធានអង្គការសហប្រជាជាតិប្រចាំកម្ពុជាក្នុងពិធីជូនដំណើរកងទ័ពកម្ពុជា ២៩៨រូបទៅប្រទេសម៉ាលីថ្ងៃសុក្រទី ១៧ ឧសភា (Xinhua)
​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ជិត ៣០០ នាក់​ចាកចេញ​មាតុប្រទេស​ដើម្បី​ទៅ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ​នៅ​រដ្ឋ​អាហ្វ្រិក​ខាងលិច សាធារណរដ្ឋ​ម៉ាលី កាលពី​ថ្ងៃ​សុក្រ​ទី ១៧ ខែឧសភា​។​



​កងកម្លាំង​មួក​ខៀវ​កម្ពុជា​ចំនួន ២៩៨ នាក់​មាន​ស្ត្រី ២៥​នាក់​ដែល​ត្រូវបំពេញ​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ទឹកដី​ម៉ាលី​នេះ ត្រូវ​បែង​ចែកជា​ពីរ​ក្រុម​។ មួយក្រុម​គឺ​កងវិស្វកម្ម​ព្រលានយន្តហោះ​លេខ​៨៩១ និង​មួយក្រុម​ទៀត​គឺ កង​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ​២៣១​។ នេះ​បើតាម​ការបញ្ជាក់​របស់​នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកកម្ម​ពិសេស​។  

 កងកម្លាំងកម្ពុជាចាកចេញតាមជើងយន្តហោះអេត្យូពីទៅកាន់ប្រទេសម៉ាលីនៅថ្ងៃ ១៧ ខែឧសភា (Xinhua)

​ក្នុង​ពិធី​ជូន​ដំណើរ​ដែល​ធ្វើឡើង​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អគ្គមេបញ្ជាការ​កងទ័ព​កម្ពុជា​រូបនេះ​ក៏បាន​កត់សម្គាល់​ពី​ការកើនឡើង​នៃ​គ្រោះថ្នាក់​ចំពោះ​កងទ័ព​ពេល​បំពេញ​បេសកម្ម​ដែរ​។ 
 
«​ការរក្សា​សន្តិភាព​កំពុង​ជួបប្រទះ​នឹង​បញ្ហា​ប្រឈម​នានា ដោយ​តួអង្គ​មិនមែន​រដ្ឋ បាន​បង្ក​សង្គ្រាម​ឧទ្ទាម​វាយប្រហារ​មកលើ​កងក​ម្លាំ​ងរ​ក្សា​សន្តិភាព​របស់​កម្ពុជា បណ្តាល​ឲ្យ​បាត់បង់​ជីវិត និង​ពិការ​ជាច្រើន​នាក់​»​។ លោក ប៉ុល សារឿន បញ្ជាក់​ដូច្នេះ​ក្នុង​សេចក្តីថ្លែងការណ៍​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវ​ការខ្លួន​។  

កងកម្លាំងកម្ពុជាដែលចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពនៅប្រទេសម៉ាលី (Xinhua) 
​ទោះជា​ដូច្នេះ​ក្តី លោក​សង្កត់ធ្ងន់ថា មរណភាព និង​ពលិកម្ម​របស់​កងកម្លាំង​កម្ពុជា​កន្លងមក មិនបាន​បង្អាក់​ការប្តេជ្ញាចិត្ត និង​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុងការ​រួមចំណែក​រក្សា​សន្តិភាព​ពិភពលោក​ឡើយ​។​
 
​លោក​និយាយ​ដូច្នេះ​៖ «​កងកម្លាំង​យើង​មិន​រាថយ ពីព្រោះ​វា​ជា​បុព្វហេតុ​រួម​ដ៏​ថ្លៃថ្លា​បំផុត​ដើម្បី​សន្តិភាព និង​មនុស្សធម៌​ក្នុង​លោក​»​។​
​សូម​រម្លឹក​ប​ន្តិ​ថា តាម​របាយការណ៍ ក្រសួងការពារជាតិ​ក​ម្ពុ​ជា គិត​ត្រឹម​ដើមឆ្នាំ​២០១៩  កងកម្លាំង​កម្ពុជា​ដែល​ចូលរួម​ថែរក្សា​សន្តិភាព​នៅក្រៅ​ប្រទេស​បាន​ពលី​ជីវិត​ចំនួន​៧​នាក់ និង រងរបួស ៩​ឆ្នាំ​ផងដែរ​។ 
 
​កាលពី​ខែមីនា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានប្រកាស​បញ្ចេញ​ថវិកា ១៥​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​រថពាសដែក​សម្រាប់​គាំទ្រ​និង​រក្សា​សុវត្ថិភាព​កងទ័ព​កម្ពុ​ជា​ដែល​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ម៉ាលី ដោយហេតុ​ផល​ថា អង្គការសហប្រជាជាតិ​ជួប​វិបត្តិ​ហិរញ្ញវត្ថុ​។ 
 
 សម្តេច​បាន​ថ្លែង​ដូច្នេះ​៖«​ពីមុន​កម្ពុជា​ស្នើ​ឲ្យ​អង្គការសហប្រជាជាតិ​ជា​អ្នកដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ឥឡូវ​អង្គការសហប្រជាជាតិ​កំពុង​ជួប​វិបត្តិ​ថវិកា​។ ដូច្នេះ​សម្រាប់​បន្ទុក​នេះ យើង​មិន​ដក​កងទ័ព​ចេញ​ដោយ​ខ្វះ​ការទទួលខុសត្រូវ​ទេ ហើយ​យើង​ក៏​មិន​ទុក​ឲ្យ​កងទ័ព​យើង​ដៃទទេ​ដែរ គឺ​ត្រូវមាន​រថពាសដែក​ការពារ​ខ្លួន​»​។ 
 
​ត្រឡប់មកវិញ លោក ប៉ុល សារឿន ឆ្លៀត​ក្នុងឱកាស​ជូន​ដំណើរ​កងទ័ព​នោះ​ក៏បាន​ដាស់តឿន​ឲ្យ​បណ្តា​កងទ័ព​កម្ពុជា​ទាំង ២៩៨ នាក់ គោរព​វិន័យ ក្រមសីលធម៌ ច្បាប់ទម្លាប់ បទបញ្ជា និង​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​របៀបរបប​ធ្វើការ​របស់​ប្រព័ន្ធ​អង្គការសហប្រជាជាតិ​ជាដើម ក៏ដូចជា​រៀនសូត្រ​ស្ថានភាព​ភូមិសាស្ត្រ នយោបាយ​សង្គម​ដែល​ខ្លួន​កំពុង​បំពេញការងារ និង​ភាសាបរទេស​ជាដើម​។ 
 
​ដោយឡែក ប្រធាន​អង្គការសហប្រជាជាតិ​លោកស្រី ផូ​លីន ថា​ម៉េ​ស៊ី​ស (Pauline Tamesis) ដែល​ចូលរួម​ក្នុង​ពិធី​ជូន​ដំណើរ​នោះដែរ​បាន​លើកឡើងថា បេសកម្ម​នៅ​ម៉ាលី​ដែល​ស្ថិតនៅ​ឆ្ងាយ​ពី​ផ្ទះសម្បែង​នឹង​ក្លាយជា​ការសាកល្បង​សមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​និង​សមត្ថភាព​ផ្ទាល់ខ្លួន​របស់​កងទ័ព​កម្ពុជា​ដែរ​។​
 
​ក្នុង​បទ​សម្ភាស​ផ្តាច់មុខ​ជាមួយ​សារព័ត៌មាន​ថ្មីៗ​ចុងឆ្នាំ ២០១៨ មន្ត្រីជាន់ខ្ពស់​អង្គការសហប្រជាជាតិ​ខាងលើនេះ​ក៏បាន​កោតសរសើរ​អស់ពី​ចិត្ត​ដែរ ចំពោះ​ការរួមចំណែក​ឥតមាន​រួញរា​របស់​កម្ពុជា​ក្នុង​ការរក្សា​សន្តិភាព ខណៈដែល​ខ្លួន​ធ្លាប់ជា​រដ្ឋ​រងគ្រោះ​ដោយសារ​សង្គ្រាមស៊ីវិល និង​ទទួលយក​កងទ័ព​ថែរក្សា​សន្តិភាព​។  
​លោកស្រី​បញ្ជាក់​ច្បាស់​ថា ប្រទេស​ឯទៀត​អាច​រៀនសូត្រ​ពី​កម្ពុជា​ជុំវិញ​ការធ្វើ​វិភាគទាន់​ក្នុង​ការរក្សា​សន្តិភាព​ពិភពលោក​នេះ ក្នុងនោះ​មានការ​រក្សាបាន​ឆន្ទៈ​នយោបាយ​របស់​រដ្ឋាភិបាល និង​ការប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់​ត្រឡប់​ទៅ​សហគមន៍​អន្តរជាតិ​វិញ​។ 
 
​សូមបញ្ជាក់ថា ចាប់ពី​ឆ្នាំ ២០០៦ កម្ពុជា​បាន​ចូលរួម​បញ្ជូន​កងទ័ព​សរុបរ​ហូត​ដល់ ៦០៥៣ នាក់ ក្នុងនោះ​មាន​ស្ត្រី ២៩៦​នាក់​ផងដែរ ទៅ​ចូល​បេសកកម្ម​រក្សា​សន្តិភាព​នៅ​អាហ្វ្រិក និង​មជ្ឈិមបូព៌ា​ក្នុងនោះ​មាន​ប្រទេស​ឆាត​, ស៊ី​ប​, អាហ្វ្រិក​កណ្តាល​, លី​បង់​, ម៉ាលី​, ស៊ូដង់​, ស៊ូដង់​ខាងត្បូង និង​ស៊ី​រី​ផងដែរ​៕
 
 
 

Tag:
 កម្លាំង​មួក​ខៀវ​
  អង្គការសហប្រជាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com