ជាតិ
សង្គមជាតិ
ទិវាជាតិនៃការចងចាំ៖ នាយករដ្ឋមន្រ្តី ស្នើឲ្យពលរដ្ឋ បន្តរួមគ្នាទប់ស្កាត់សង្គ្រាម
20, May 2019 , 10:03 am        
រូបភាព
ទិវាជាតិនៃការចងចាំ មានការសម្តែងពីការសម្លាប់ប្រជាពលរដ្ឋក្នុងសម័យខ្មែរក្រហម
ទិវាជាតិនៃការចងចាំ មានការសម្តែងពីការសម្លាប់ប្រជាពលរដ្ឋក្នុងសម័យខ្មែរក្រហម
ទិវាជាតិនៃការចងចាំ នាថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារលើទំព័រហ្វេសប៊ុកអំពីតម្លៃសន្តិភាព។ សម្តេចនាយករដ្ឋមន្រ្តី លើកឡើងដូចលើកមុនៗថា សន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាង ដល់ពលរដ្ឋក្នុងការកសាងគ្រួសារ សហគមន៍ និងប្រទេសជាតិ។



ប្រមុខរដ្ឋាភិបាល បានអំពាវនាវយ៉ាងដូច្នេះថា «សូមបងប្អូនប្រជាពលរដ្ឋចូលរួមថែរក្សាការពារសន្តិភាព ឲ្យបានគង់វង្សជារៀងរហូត ហើយនាំគ្នាទប់ស្កាត់កុំឲ្យសង្រ្គាមនិងរបបប្រល័យពូជសាសន៍វិលមកកម្ពុជាសារជាថ្មី»។

ប្រមុខរដ្ឋាភិបាល រៀបរាប់ថា ប្រជាពលរដ្ឋខ្មែរ បានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម ការកាប់សម្លាប់ បំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅ និងការបង្ខំឲ្យធ្វើការដូចសត្វ គ្មានពេលសម្រាក ពេលឈឺគ្មានថ្នាំព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ក៏គ្មានដែរ។

មេដឹកនាំកម្ពុជា សរសេរថា «សព្វថ្ងៃនេះ ក្រោយពីកម្ពុជា មានសន្តិភាពផុតពីសង្គ្រាម គឺពលរដ្ឋរស់នៅសុខស្រួលជាមួយក្រុមគ្រួសារ ហើយមានការងារ និងមុខរបបរធ្វើទៅតាមសមត្ថភាព និងចំណង់ចំណូលចិត្តរៀងៗខ្លួន ជាមួយនឹងជីវភាពរស់នៅធូរធាសមរម្យ»។

កាលអំឡុងខែកុម្ភៈ ឆ្នាំ២០១៨ ប្រមុខរដ្ឋាភិបាល បានសេចក្តីអនុក្រឹត្យកំណត់យក «ថ្ងៃទី២០ ឧសភា» ជា «ទិវាជាតិនៃការចងចាំ» ដោយត្រូវដាក់បញ្ចូលក្នុងថ្ងៃបុណ្យជាតិ ហើយអនុញ្ញាតឲ្យប្រជាពលរដ្ឋឈប់សម្រាកជាសាធារណៈ។ ការបង្កើត «ទិវាជាតិនៃការចងចាំ» គឺដើម្បីរម្លឹកការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចាប់ពីថ្ងៃទី១៧ មេសា ១៩៧៥ ដល់ថ្ងៃទី៦ មករា ១៩៧៩ ហើយក៏ដើម្បីលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបនេះ៕

Tag:
 ទិវានៃជាតិនៃការចងចាំ
  ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com