ជាតិ
សិល្បះ
សិល្បករ​អា​យ៉ៃ​ល្បីល្បាញ​លោក ព្រហ្ម ម៉ាញ ត្រូវបាន​ចោរលួច​ទ្រព្យ​ក្នុងផ្ទះ
20, May 2019 , 2:49 pm        
រូបភាព
​ភ្នំពេញ​៖ សិល្បករ​អា​យ៉ៃ​ល្បីល្បាញ​លោក ព្រហ្ម ម៉ាញ ត្រូវបាន​ចោរលួច​ទ្រព្យ​ក្នុងផ្ទះ អស់​ទឹក​ប្រាក់សុទ្ធ​ចំនួន​៥​ម៉ឺន​ដុល្លារ​អាមេរិក គ្រឿង​ត្បូង​របស់​ប្រពន្ធ និង​កំ​ព្យូ​ទ័​រ Laptop មួយគ្រឿង កាលពី​ថ្ងៃទី​១៧ ឧសភា​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក ព្រហ្ម ម៉ាញ បាត់បង់​ទ្រព្យសម្បត្តិ​ដោយ​ចោរ​ចូល​លួច​ដល់​ក្នុងផ្ទះ ដែល​ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។​

 
​លោក ព្រហ្ម ម៉ាញ ដែលជា​សិល្បករ​អា​យ៉ៃ​ដ៏​ល្បីល្បាញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាមរយៈ​ទូរ​សព្ទ​ថា ថ្ងៃកើតហេតុ​លោក​បាន​ចេញពីផ្ទះ តាំងពីព្រឹក ដើម្បី​ទៅ​ច្រៀង​កាត់សក់​ក្នុង​ពី​ធី​មង្គលការ​មួយ ។ ក្រោយមក​លោក​ក៏​បន្តដំណើរ​ទៅ​មើល​ដី​នៅ​ម្ដុំ​បឹង​ធំ រហូតដល់​ម៉ោង​៦​ល្ងាច​។ 
 
​សិល្បករ​អា​យ៉ៃ​រូបនេះ​បញ្ជាក់​បន្ថែមថា ៖«​ខ្ញុំ​បានឱ្យ​ក្មួយប្រុស​និង​ម្ដាយ​របស់​វា​(​ម្ដាយ​ក្មួយប្រុស​) នៅចាំ​ផ្ទះ​ដែរ តែ​វា​ចេញពីផ្ទះ​នៅ​ម៉ោង​ប្រហែល​៤​ល្ងាច​។ វា​មិនបាន​ប្រាប់​ខ្ញុំ​ថា​វា​ចេញពីផ្ទះ ហើយ​ឱ្យ​ខ្ញុំ​ប្រញាប់​មក​ផ្ទះ​ទេ​។ រាល់ដង មុន​ចេញ​ទៅណា​មក​ណា​វា​ប្រាប់​ខ្ញុំ តែ​ពេលនេះ​មិនដឹងថា វា​ភ្លេច​យ៉ាងម៉េច​មិនដឹង បានជា​វា​មិន​ប្រាប់​ខ្ញុំ​»​។​
 
​សិល្បករ​ដែលមាន​វ័យ​៦៩​ឆ្នាំ​រូបនេះ បាន​រំឭកថា កាលពី​ប្រហែល​៥​ឆ្នាំមុន ចោរ​ក៏​ធ្លាប់​ចូល​លួច​ខ្សែក​របស់លោក​តម្លៃ​ប្រមាណ​៣​ពាន់​ដុល្លារ​អាមេរិក​ម្ដង​ហើយ​។ ក្រោយ​ជួប​ហេតុការណ៍​នោះ លោក​ព្យាយាម​ប្រយ័ត្នប្រយែង​ជាង​មុន ព្រោះ​ខ្លាច​ករណី​នោះ​កើតឡើង​ជាថ្មី​។ គ្រោះ​លើក​ទី​២​នេះ តារា​ល្បីឈ្មោះ ព្រហ្ម ម៉ាញ ក៏​ហាក់​គ្មាន​សង្ឃឹមថា នឹង​អាច​បានទ្រព្យ​សម្បត្តិ​ត្រឡប់មកវិញ ដូច​ករណី​លើកទីមួយ​ដែរ​។​
 
​បើតាម​លោក ព្រហ្ម ម៉ាញ ដែល​មានផ្ទះ​ផ្ទាល់ខ្លួន​នៅ​សង្កាត់​ទួលគោក​នោះ បាន​សង្កត់ធ្ងន់ថា នៅ​ម្ដុំ​ផ្ទះ​របស់លោក មាន​ករណី​ចោរ​ចូល​លួច​ដល់​ក្នុងផ្ទះ ដោយ​មិន​ខ្លាចញញើត ជា​បន្តបន្ទាប់​។ 
 
​តែ​យ៉ាងណា​ករណី​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​របស់​សិល្បក​រ​ចម្រៀង​អា​យ៉ៃ​រូបនេះ សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់​ក្រុមចោរ​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់ ។ នេះ​បើតាម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​៕
 

Tag:
 ព្រហ្ម ម៉ាញ​
  សិល្បៈ​
  អា​យៃ
© រក្សាសិទ្ធិដោយ thmeythmey.com