អន្តរជាតិ
វៀតណាម​-​ម៉ាឡេស៊ី ឯកភាព​បង្កើត​លក្ខខណ្ឌ​អនុគ្រោះ​វិនិយោគ​ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន ១៥​ពាន់​លាន​ដុល្លារ​
20, May 2019 , 8:59 pm        
រូបភាព
រូបភាព៖ ការិយាល័យរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
រូបភាព៖ ការិយាល័យរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី
ដោយ:
​រដ្ឋាភិបាល​ក្រុង​ហាណូយ និង​រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ បាន​ព្រមព្រៀងគ្នា​ក្នុងការ​ពង្រឹង និង​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​បាន ១៥ ពាន់​លាន​ដុល្លារ នៅត្រឹម​ឆ្នាំក្រោយ​។ ដើម្បី​សម្រេចបាន​គោលដៅ​នេះ រដ្ឋាភិបាល​ទាំងពីរ បាន​សន្យា​បង្កើត​លក្ខខណ្ឌ​អនុគ្រោះ និង​បរិ​យាស​វិនិយោគ​ល្អ​សម្រាប់​គ្នា​ទៅវិញទៅមក​។


 
​លោក​រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី Saifuddin Abdullah នៅ​ថ្ងៃ​១៦ ឧសភា បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​វៀតណាម​ជា​លើកដំបូង ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី ជាពិសេស​លើ​ទំនាក់ទំនង​ពាណិជ្ជកម្ម ខណៈដែល​ម៉ាឡេស៊ី ទើបតែ​ផ្លាស់ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ប្រទេស​ថ្មី​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ លោក​រដ្ឋមន្ត្រី Saifuddin Abdullah បាន​ជួបពិភាក្សា​ជាមួយនឹង​សម​ភាគី​វៀតណាម លោក​រដ្ឋមន្ត្រី Phạm Bình Minh ហើយ​ភាគី​ទាំងពីរ បាន​ឯកភាពគ្នា​ក្នុងការ​ដកចេញ​របាំង​ពាណិជ្ជកម្ម និង​បង្កើត​លក្ខខណ្ឌ​អនុគ្រោះ​សម្រាប់​ការធ្វើ​សហប្រតិបត្តិការ​ពាណិជ្ជ​កម្ម​លើ​វិស័យ​អភិវឌ្ឍ​ទីក្រុង​,​ថាមពល​កកើត​ឡើងវិញ​, ផលិតផល​អេឡិចត្រូនិក និង​ជលផល និង​នេសាទ​។​
 
​ប្រមុខ​ការទូត​ទាំងពីរ ក៏បាន​ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​យន្ត​ការ​នានា និង​ចុះហត្ថលេខា​លើ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សន្តិសុខ និង​ការពារ​ជាមួយគ្នា​ផងដែរ​។ ការបង្កើន​ការផ្លាស់ប្តូរ​ប្រតិភូ​ជាន់ខ្ពស់​ដើម្បី​ពង្រឹង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ ក៏​ស្ថិតនៅក្នុង​គោលការណ៍​ឯកភាព​របស់​ប្រមុខ​ការទូត​ទាំងពីរ​ផងដែរ​។ 
 
​តាម Vietnam News ក្នុងអំឡុង​ទស្សនកិច្ច​នេះ រដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី ក៏បាន​ចូលជួប​ពិភាក្សា​ជាមួយនឹង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម  Nguyễn Xuân Phúc ផងដែរ ដែល​ជំនួប​នេះហើយ​លោក​រដ្ឋមន្ត្រី Saifuddin Abdullah  បានស្នើ​វៀតណាម​ក្នុង​ការធ្វើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ទំនាក់ទំនង​ប្រពៃណី​ឲ្យ​ស្របទៅតាម​បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​រ៉ូ​បូត​។ 
 
​ភាគី​ទាំងពីរ ក៏បាន​ឆ្លៀត​ពន្លិច​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ដែលជា​វិវាទ​អធិបតេយ្យ​រួមជាមួយ​នឹង​ចិន ដោយ​ភាគី​ទាំងពីរ ឯកភាពគ្នា​គាំទ្រ​ឲ្យ​ព​ន្លឿ​នភា​ព​ឯកច្ឆន្ទ​នៅក្នុង​អាស៊ាន​ដើម្បី​ជំរុញ​ដល់​ការធ្វើ​ក្រម​ប្រតិបត្តិ​សមុទ្រ​ចិន​ខាងត្បូង​កាន់តែ​ឆាប់​៕ 
 

Tag:
 វៀតណាម​
  ម៉ាឡេស៊ី​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com