ជាតិ
​​​ន​យោ​បាយ​ជាតិ​
ខួប​៧០​ឆ្នាំ​នៃ​ការបាត់​អធិបតេយ្យ​កម្ពុជា​ក្រោម នឹង​ប្រារព្ធ​នៅ​ទីលាន​ប្រជាធិបតេយ្យ​
21, May 2019 , 7:59 am        
រូបភាព
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជា ថ្លែងសារកាលពីទី៤ ខែមិថុនា ឆ្នាំ២០១៥ ក្នុងពិធីរម្លឹកខួប៦៦ឆ្នាំ ដែលបារាំងប្រគល់កម្ពុជាទៅឲ្យវៀតណាម
លោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជា ថ្លែងសារកាលពីទី៤ ខែមិថុនា ឆ្នាំ២០១៥ ក្នុងពិធីរម្លឹកខួប៦៦ឆ្នាំ ដែលបារាំងប្រគល់កម្ពុជាទៅឲ្យវៀតណាម
ដោយ: ថ្មីៗ
​អង្គការ​-​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​ប្រជាធិបតេយ្យ នឹង​ប្រារព្ធ​ពិធី​រម្លឹក​ខួប​៧០​ឆ្នាំ ដែល​បារាំង​ប្រគល់​ទឹកដី​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​គ្រប់គ្រង​។ ពិធី​នេះ នឹង​រៀបចំឡើង​នៅ​ទីលាន​ប្រជាធិបតេយ្យ​ថ្មី ក្នុង​សង្កាត់​ឫស្សីកែវ នា​ថ្ងៃទី​៤ ខែមិថុនា​។


 
​សេចក្តីអំពាវនាវ​រប​ស់​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ចុះ​ថ្ងៃទី​៦ ខែឧសភា បាន​ឲ្យ​ដឹងថា ពិធី​នេះ មានការ​រាប់បាត្រ​ព្រះសង្ឃ​ជិត​២​ពាន់​អង្គ​។ សេចក្តីអំពាវនាវ ដែល​ចេញ​ដោយ​លោក ថាច់ សេដ្ឋា ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​អំពាវនាវ​ឲ្យ​សាធារណជន ជួយឧបត្ថម្ភ​ថវិកា​និង​សម្ភារ​ផ្សេងៗ​។  
 
«​កម្មវិធី​នេះ ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ស្មារតី​កូន​ខ្មែរ​ស្នេហា​ជាតិ​សុទ្ធសាធ ដើម្បី​សម្តែង​គារវកិច្ច និង​ដឹងគុណ​ចំពោះ​វិញ្ញាណក្ខន្ធ​របស់​អ្នកស្នេហាជាតិ​ទាំងអស់ ដែល​បាន​ពលី​ជីវិត​ក្នុង​បុព្វហេតុ​ជាតិ និង​សាសនា ព្រមទាំង​កូន​ខ្មែរ​គ្រប់រូប​ចងចាំ​ទិវា​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់​នេះ​ក្នុងន័យ​កុំ​ឲ្យ​ដាន​ប្រវត្តិសាស្ត្រ​អតីតកាល​នៃ​ការបាត់បង់​ទឹកដី​និង​សោកនាដកម្ម​ដ៏​សែន​ខ្លោចផ្សា វិល​មករ​កកូន​ខ្មែរ​ជាថ្មីទៀត​»​។ នេះ​ជា​ខ្លឹមសារ​នៅក្នុង​សេចក្តីអំពាវនាវ​។ 
 
​អ្នកស្រី ឈឹម សាវ៉ាត សមាជិកា​ម្នាក់​នៃ​គណៈកម្មការ​រៀបចំ​ពិធី​នេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា  ពិធី​រម្លឹក​ខួប​៧០​ឆ្នាំនេះ នឹងមាន​ព្រះរាជតំណាង​របស់​ព្រះមហាក្សត្រ យាង​ធ្វើជា​អធិបតី ដូច​ឆ្នាំមុនៗ​ដែរ​។  
 
​សូម​រម្លឹកថា នៅ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ បារាំង បានសម្រេច​ដាក់​ទឹកដី​កម្ពុជា​ក្រោម ឲ្យ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​វៀតណាម​។ កាលនោះ កម្ពុជា ស្ថិតក្រោម​អាណានិគម​បារាំង​៕ 

Tag:
 កម្ពុជា​ក្រោម​
  ខួប​៧០​ឆ្នាំ​
© រក្សាសិទ្ធិដោយ thmeythmey.com