ជាតិ
២៥ខេត្ត/រាជធានី
អ្នកស្រី ថៃ ឆេង​លី ដាំ​បន្លែ​សុវត្ថិភាព​លើ​«​ធ្នើរ​» ទទួលបាន​ផល​ច្រើន ទោះជា​មេឃ​ក្តៅ​ខ្លាំង​ក៏ដោយ​
21, May 2019 , 8:59 am        
រូបភាព
អ្នកស្រី ថៃ ឆេងលី អ្នកដាំបន្លែសុវត្ថិភាព នៅលើធ្នើរ ក្នុងឃុំ
អ្នកស្រី ថៃ ឆេងលី អ្នកដាំបន្លែសុវត្ថិភាព នៅលើធ្នើរ ក្នុងឃុំ
​សៀមរាប​៖ ទោះបី​អាកាសធាតុ​មាន​កម្តៅ​រហូតដល់​៤០​អង្សា​សេ ក្នុងអំឡុង​ខែប្រាំង​ក៏ដោយ ប៉ុន្តែ​ប្រជាកសិករ​ដាំ​បន្លែ​នៅលើ​«​ធ្នើរ​» នៅតែ​ទទួល​ទិន្នផល​ច្រើន​។ អ្នកស្រី ថៃ ឆេង​លី ជា​អ្នក​ដាំ​បន្លែ​សុវត្ថិភាព​នៅលើ​ធ្នើរ មួយរូប ក្នុង​ឃុំ​កៀន​សង្កែ ស្រុក​សូទ្រនិគម ខេត្តសៀមរាប បាន​អះអាងថា ការដាំ​បន្លែ​នៅលើ​ធ្នើរ ក្នុង​រដូវក្តៅ ទទួលបាន​ទិន្នផល​យ៉ាងហោចណាស់​៨០​ភាគរយ បើ​ធៀប​ទៅ​ការដាំ​បន្លែ​នៅ​ដី​ធម្មតា​បានត្រឹមតែ​៣០​ភាគរយ​ប៉ុណ្ណោះ​។

 
​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ អ្នកស្រី ឆេង​លី បាន​អនុវត្ត​បច្ចេកទេស​ដាំ​បន្លែ​ចម្រុះ​មុខ​នៅលើ​ធ្នើរ ចំនួន​៥ នៅក្រោយ​ផ្ទះ ដោយ​ធ្នើរ​នីមួយៗ​មាន​ទទឹង​១,២​ម៉ែត្រ និង​បណ្តោយ​១៧,៥​ម៉ែត្រ ជាមួយ​កម្ពស់​ជិត​១​ម៉ែត្រ​ពី​ដី ។ បើតាម​កសិករ​រូបនេះ បន្លែ​ដែល​ដាំ​នៅលើ​ធ្នើរ គឺអាច​ដាំ​បាន​ពេញ​មួយឆ្នាំ មិន​ថា​ក្នុង​រដូវវស្សា ឬ​វ​ដូ​វ​ប្រាំង​ទេ ហើយ​ទទួលបាន​ទិន្នផល​ច្រើន និង​ល្អ​ទៀតផង​។ 
 
«​ការដាំដុះ​បន្លែ​របស់ខ្ញុំ​គឺ​មិន​ប្រើប្រាស់​សារធាតុ​គីមី​អ្វី​ឡើយ គឺ​ប្រើតែ​ជីកំប៉ុស និង​ថ្នាំពុល​កសិកម្ម​ធម្មជាតិ​។ ជា​មធ្យម​ក្នុង​មួយខែ​ខ្ញុំ​អាច​ទទួល​ប្រាក់ចំណូល​បាន​ពី​៥៥​ម៉ឺន​ទៅ​៧០​ម៉ឺន​រៀល ពី​បន្លែ​ទាំង​៥​ធ្នើរ​របស់ខ្ញុំ​»​។ នេះ​ជា​អះអាង​របស់​អ្នកស្រី ឆៃ ឆេង​លី​។​


 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ThmeyThmey ស្ត្រី​វ័យ​ជាង​៣០​ឆ្នាំ​រូបនេះ បាន​និយាយថា ចំពោះ​បន្លែ​ស្លឹក​ដែលមាន​រយៈពេល​៣០​ថ្ងៃ​ចុះក្រោម ដាំ​ក្នុង​ខែមេសា​-​ឧសភា ដែលជា​ខែ​ក្តៅ​ខ្លាំង អ្នកស្រី​អាច​ទទួលបាន​ទ​ន្និ​ផល​យ៉ាងហោចណាស់​៥០​គីឡូក្រាម​ក្នុង​មួយ​ធ្នើរៗ​។ អ្នកស្រី​បាន​បន្ត​និយាយ​ដូច្នេះ​ថា​៖«​ជា​បទពិសោធន៍​របស់​ខ្ញុំ  បន្លែ​ដាំ​នៅលើ​ធ្នើរ ក្នុង​ខែ​ក្តៅ​នេះ មិនមែន​ថា​ខូច​នោះទេ ប៉ុន្តែ​ខូច​តិចតួច​បំផុត បើ​ធៀប​ទៅនឹង​ការដាំដុះ​ទំហំ​ដី​ដូចគ្នា  ដោយ​ការថែទាំ ស្រោច​ទឹក​២-៣​ដង​ក្នុង​មួយថ្ងៃ​ដូចគ្នា​នៃ​បន្លែ​ដែល​កសិករ​ដាំ​នៅ​លើដី​ធម្មតា គឺ​បន្លែ​ដាំ​នៅលើ​ដី​ធម្មតា បាន​ផល​យ៉ាងច្រើន​ត្រឹម​២០​គីឡូក្រាម​ប៉ុណ្ណឹង​»​។ 
 
​ជាទូទៅ​បន្លែ​ដែល​អ្នកស្រី ឆេង​លី ដាំ​ដុះ​ក្នុង​រដូវប្រាំង មាន​ស្ពៃ សាឡា​ត់ ខ្ទឹម​ស្លឹក ជី​គីន​ឆាយ ព្រោះ​បន្លែ​ទាំងនេះ​គឺ​ធន់​អាកាសធាតុ​ក្តៅ និង​មាន​រយៈពេល​ខ្លី ដែល​ត្រឹម​៣០​ថ្ងៃ ឬ​លើសពីនេះ​តិចតួច អាច​ប្រមូល​ផល​យកទៅ​លក់បាន​។ អ្នកស្រី​បានបញ្ជាក់​ថា​៖«​ការដាំ​បន្លែ​នៅលើ​ធ្នើរ​នេះ គឺ​ដើម្បី​ទទួលបាន​ទិន្នផល​ច្រើន ដើម្បី​ដាំ​បាន​ពេញ​មួយឆ្នាំ​ផង និង​ដើម្បី​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ ដែលមាន​គ្រោះទឹកជំនន់​ក្នុង​រដូវវស្សា និង​កើនឡើង​កម្តៅ​ក្នុង​រដូវប្រាំង​»​។​
 
​ក្រៅពី​រដូវប្រាំង​ដែលមាន​អាកាសធាតុ​ក្តៅ​ខ្លាំង អ្នកស្រី ឆេង​លី អាច​ប្រមូល​ផល​បន្លែ​បាន​ពី​៦០​ទៅ​៧០​គីឡូ ក្នុង​មួយ​ធ្នើរ​។ នេះ​បើតាម​អ្នកស្រី ឆេង​លី​៕







Tag:
 កសិកម្ម​
  បន្លែ​សុវត្ថិភាព​
  ធ្នើរ​
  ប្រែប្រួល​អាកាសធាតុ​
© រក្សាសិទ្ធិដោយ thmeythmey.com