អតីត​អត្ត​ព​លិ​ក Usain Bolt ក្លាយជា​អ្នកជំនួញ​រថយន្ត​អគ្គិសនី​តម្លៃ​មួយ​ម៉ឺន​ដុល្លារ
កីឡាអន្តរជាតិ
រថយន្ត
អន្តរជាតិ
អតីត​អត្ត​ព​លិ​ក Usain Bolt ក្លាយជា​អ្នកជំនួញ​រថយន្ត​អគ្គិសនី​តម្លៃ​មួយ​ម៉ឺន​ដុល្លារ
20, May 2019 , 8:19 pm        
រូបភាព
​ក្រុមហ៊ុន Start-up អាមេរិក​មួយ ឈ្មោះថា Bolt Mobility ដែលមាន​អតីត​អត្ត​ព​លិ​ក Usain Bolt ជា​សហ​ស្ថាបនិក បានដាក់​បង្ហាញ​រថយន្ត​អគ្គិសនី​ពីរ​កៅអី​មួយ​ប្រភេទ នៅក្នុង​ពិ​ពណ៌​បច្ចេកវិទ្យា​នាទី​ក្រុងប៉ារីស ប្រទេស​បារាំង កាលពី​សប្តាហ៍​មុន​។ ជាមួយ​រាង​ដ៏​តូច​ច្រឡឹង រថយន្ត​នេះ ដាក់លក់​ក្នុងតម្លៃ ១​ម៉ឹ​ន​ដុល្លារ​។​

 
​មានឈ្មោះ​ហៅថា B-Nano រថយន្ត​អគ្គិសនី​នេះ ប្រើប្រាស់​បច្ចេកវិទ្យា​អាគុយ ដែល​អាច​ផ្លាស់ប្តូរ​បាន  ដែល​ស្រដៀង​ទៅនឹង​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​ម៉ូតូ​អាគុយ​តៃវ៉ាន់ ឈ្មោះថា Gogoro ។ សម្រាប់​បច្ចេកវិទ្យា​បែបនេះ អ្នកបើកបរ​រថយន្ត​នេះ ពុំ​ចាំបាច់​ត្រូវ​អាក់ខាន​ការធ្វើដំណើរ ដោយ​តម្រូវ​ឲ្យ​ឈប់ និង​សាក​ថាមពល​អាគុយ​នោះឡើយ​។ 
 
​ជាមួយគ្នានេះ រថយន្ត​អគ្គិសនី​ដ៏​តូច​មួយ​នេះ ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស សម្រាប់​ការបើកបរ​ក្នុង​រយៈ​ចម្ងាយ​ខ្លី ក្នុង​តំបន់​ទីប្រជុំជន​។ ដ្បិត​មាន​រាង​តូច​ល្មម រថយន្ត​នេះ មាន​ភាពងាយស្រួល​ក្នុងការ​បញ្ជៀ​ស​ការកកស្ទះ​ចរាចរណ៍​។  
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Bloomberg រថយន្ត​អគ្គិសនី​តម្លៃ​ត្រឹម​១​ម៉ឹ​ន​ដុល្លារ​នេះ ត្រូវបាន​ដាក់​ឲ្យ​អតិថិ​ជនក​ម្ម៉​ង់​ទិញ​ទុក​មុន​តាមរយៈ​អន​ឡាញ ជាមួយ​លុយ​កក់ ១​ពាន់​ដុល្លារ​។ ហើយ ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​អាមេរិក ដែលមាន​លោក Usain Bolt ជា​សហ​ស្ថាបនិក​នេះ ក៏មាន​គម្រោង​ចាប់ផ្តើម​ដឹកជញ្ជូន​រថយន្ត​ពីរ​កៅអី  B-Nano នេះ នា​ចុងឆ្នាំ​២០២០​ខាងមុខ ផងដែរ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​ទូរទស្សន៍​ខាងលើនេះ អតីត​អត្ត​ព​លិ​ក​រត់ប្រណាំង​អូឡាំពិក លោក Usain Bolt មកពី​ប្រទេស ហ្សា​ម៉ា​អ៊ី​ក លើកឡើងថា នេះ​គឺជា​ការវិនិយោគ​លើកទីមួយ​បង្អស់​របស់លោក ហើយ​លោក​ប្តេជ្ញា​បោះជំហាន​ទៅមុខ​បន្តទៀត​។ លោក បន្ថែមថា​៖«​បច្ចេកវិទ្យា គឺជា​អនាគត​។ វា​ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​ពិភពលោក​»៕​
 

Tag:
 Usain Bolt
  Bolt Mobility
  រថយន្ត​អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com