កីឡាអន្តរជាតិ
អន្តរជាតិ
Keisuke Honda ចែកផ្លូវ​ជាមួយ Melbourne Victory
21, May 2019 , 10:13 am        
រូបភាព
​កីឡាករ Keisuke Honda នឹង​ចាក​ចេញពី​ក្រុម Melbourne Victory នៅ​រដូវ​កាល ២០១៨-១៩ តែម្តង ពោលគឺ​បន្ទាប់ពី​ជំនួប​ចុងក្រោយ​នៃ​ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ពានរង្វាន់ AFC Champions League ទល់នឹង​ក្រុម Sanfrecce Hiroshima នៅ​ថ្ងៃទី​២២ ខែឧសភា​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្លិប Melbourne នៅលើ​វេ​ប​សាយ​ផ្លូវការ​របស់​ពួកគេ​។​


 
 
Honda ដែលមាន​តួនាទី​ជា​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ផងដែរ​នោះ បាន​ចូលរួម​ជាមួយ Melbourne ក្រុមបាល់ទាត់​នៃ​លី​គ​កំពូល​អូស្ត្រាលី A-League កាលពី​ខែសីហា​ឆ្នាំ ២០១៨ ក្រោយ​ចាក​ចេញពី Pachuca នៃ​លី​គ​កំពូល​ម៉ិ​ក​ស៊ិ​ក ដោយ​ចុះកិច្ចសន្យា​រយៈពេល​មួយឆ្នាំ​។ ការបង្ហាញ​ខ្លួន​នៅ​ទឹកដី​អូស្ត្រាលី​អតីត​ត​ជម្រើសជាតិ​ជប៉ុន​រូបនេះ​បាន​បង្កើត​សមិទ្ធផល​ល្អៗ​សម្រាប់​មិត្ត​រួម​ក្រុម​រួមទាំង​អ្នកគាំទ្រ​របស់គេ​ទៀតផង​។​


 
​មិន​ត្រឹមតែ​ជា​កីឡាករ​ដែលមាន​ការជំរុញ​ទឹកចិត្ត​ខ្ពស់ អតីត​សមា​ជិ​ក្រុម AC Mila រូបនេះ ក៏​ទទួលបាន​ពាន​កីឡាករ​ល្អ​ប្រចាំខែ (PFA Player of the Month Award) សម្រាប់​រដូវ​កាល​ដំបូង​នៅ A-League​។​
 
«Honda ជា​អ្នកជំនាញ​ម្នាក់​ដែល​យើង​អាច​ដឹង​តាមរយៈ​សម្តី​របស់គាត់ ហើយ​យើង​មានសំណាង​ដែលមាន​វត្តមាន​គាត់​នៅ Melbourne រដូវ​កាល​នេះ​។ លោក Trent Jacobs នាយក​ក្លិប Melbourne លើកឡើង​ដូច្នេះ​។​
 
​លោក Jacobs បន្ថែមថា​៖ «​គាត់​ពិតជា​មាន​ទេពកោសល្យ​មិនគួរ​ឲ្យ​ជឿ​នៅលើ​ទីលាន​។ គាត់​បាន​ជួយ​ដល់​ការរីកចម្រើន​របស់​យើង​នៅ​រដូវ​កាល​នេះ ដោយ​ទាក់ទាញ​អ្នកគាំទ្រ​ថ្មី​ជាច្រើន​សម្រាប់​ក្លិប​។ យើង​សូម​អរគុណ​ដល់ Honda ចំពោះ​អ្វីៗ​គ្រប់យ៉ាង​ហើយ​ជូនពរ​អោយ​គាត់​ជោគជ័យ​ទៅ​អនាគត​»​។​
 
Honda វ័យ​៣២​ឆ្នាំ​ដែល​បច្ចុប្បន្ន​ត្រូវ​ទទួលបន្ទុក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា បានបង្ហាញ​ខ្លួន​ឲ្យ Melbourne ចំនួន​២៣​លើក​រដូវ​កាល​នេះ និង​ស៊ុត​បញ្ចូល​ទី​បាន ៨ គ្រាប់​។ រូបគេ​នឹង​បង្ហាញខ្លួន​ចុងក្រោយ​ពេល Melbourne ប៉ះ Sanfrecce Hiroshima ក្នុង​ក្របខណ្ឌ AFC Champions League សម្រាប់​ជំនួប​ចុងក្រោយ​ពូ​ល F នៅ​ថ្ងៃទី​២២ ខែឧសភា វេលា​ម៉ោង ២:០០នាទី រសៀល [​ម៉ោង​នៅ​កម្ពុជា​]៕
 

Tag:
 បាល់ទាត់​
  Keisuke Honda
  Melbourne Victory
  ជម្រើសជាតិ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com